ក្រុមប្រឹក្សាឃ្លាមើលកម្ពុជា បញ្ជាក់ជំហរប្រឆាំងជំទាស់ ការផ្ទេរខ្នាត ផែនទី និង ការកែប្រែរដ្ឋធម្មនុញ្ញ មាត្រា២

vagtttttt

សេចក្តីថ្លែងការណ៍
បញ្ជាក់ជំហរប្រឆាំងជំទាស់ការផ្ទេរខ្នាតផែនទី និង ការកែប្រែរដ្ឋធម្មនុញ្ញ មាត្រា២ (សូមចុចត្រង់នេះ អានសេចក្តីថ្លែងការណ៍ទាំងស្រុុង)

ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមបញ្ជាក់ជំហរប្រឆាំងជំទាស់ជាដាច់ខាត ចំពោះរដ្ឋាភិបាល ហ៊ុន សែន ដែលបានព្រមព្រៀងគ្នា ជាមួយរដ្ឋាភិបាលវៀតណាម ផ្ទេរខ្នាតផែនទីព្រំដែន បោន (Bonne) ១/១០០.០០០ មកខ្នាតផែនទី UTM ១/៥០.០០០ វិញ ទៅតាមការចង់បានរបស់ វៀតណាម ដើម្បីឲ្យស្របតាមលទ្ធផល នៃការបោះបង្គោលព្រំដែនបានជាង ៨៣% រួចហើយ តាំងពីឆ្នាំ២០០៦ មកដល់សព្វថ្ងៃ ។ គោលបំណងនៃ ការផ្ទេរខ្នាត ផែនទីនេះ ក៏ជាយន្តការ មួយទៀត ដែលនឹងបោះជំហានទៅធ្វើការកែប្រែ រដ្ឋធម្មនុញ្ញ មាត្រា២ ដែលជាឯកសារដ៏រឹងមាំ ការពារបូរណភាពទឹកដីខ្មែរ ទប់ស្កាត់ការរំលោភឈ្លាន ពីប្រទេសវៀតណាម។

យើងសូមជំទាស់យ៉ាងដាច់អហង្កា ចំពោះយន្តការរបស់រដ្ឋាភិបាល ហ៊ុន សែន ដែលឈាន ទៅរកការកែសម្រួល រដ្ឋធម្មនុញ្ញ មាត្រា២ ពីព្រោះថា កម្ពុជា នឹងបំបាត់សិទ្ធិតវ៉ាដោយខ្លួនឯង នៅលើ ផ្ទៃអន្តរជាតិ និង បោះបង់ចោលមរតកប្រវត្តិសាស្រ្ត ពីអាណានិគមបារាំង ក្នុងការប្តឹង តវ៉ាទាមទារមកវិញ «ប្រជុំកោះត្រល់ និងទឹកដីព្រំដែនខ្មែរ ដែលបាត់បង់» ក្នុងរបបដឹកនាំ របស់លោក ហ៊ុន សែន តាំងពីទសវត្សទី៨០ ដល់បច្ចុប្បន្ន។ នេះគឺជាចំណុចគ្រោះថ្នាក់ ធ្ងន់ធ្ងរបំផុត ដែលពលរដ្ឋខ្មែរ និងអ្នកនយោបាយខ្មែរ ត្រូវស្វែងយល់ ហើយនិងសិក្សា ឲ្យបាន ស៊ីជម្រៅ ទៅលើប្រវត្តិសាស្រ្តរបស់ខ្លួន។

សេចក្តីថ្លែងការណ៍នេះ ជាឯកសារសំខាន់ដែលនឹងបកប្រែជាភាសាអង់គ្លេស ផ្ញើទៅទៅកាន់ សហប្រធានហត្ថលេខីនៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១, អគ្គលេខាធិការដ្ឋានអាស៊ាន និងស្ថាប័នពាក់ព័ន្ធឯទៀត ដោយភ្ជាប់ជាមួយនូវលិខិតបញ្ជូន របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា។

១. ហេតុអ្វីបានជាយើង មិនគាំទ្រការផ្ទេរខ្នាតផែនទីព្រំដែន?

គោលបំណងនៃការផ្ទេរខ្នាតផែនទីព្រំដែន មិនមែនជារឿងថ្មីទេ ដែលភាគីវៀតណាម បង្ខំឲ្យ រដ្ឋាភិបាល ហ៊ុន សែន ត្រូវតែអនុវត្តឲ្យបានជាវិជ្ជមាន។ ការអនុវត្តសន្ធិសញ្ញា ក្នុងការបោះ បង្គោលព្រំដែន រដ្ឋាភិបាលកម្ពុជាខ្លួនឯង បានរំលោភរដ្ឋធម្មនុញ្ញ មាត្រា២ ដែលការពារ បូរណភាពទឹកដីខ្មែរ ដោយបើកឲ្យប្រើ ផែនទីខ្នាតបោន(Bonne) ១/១០០.០០០ ប៉ុន្តែរដ្ឋាភិបាល បែរជាប្រើប្រាស់ផែនទី UTM ខ្នាត ១/៥០.០០០ តាមការទាមទាររបស់ភាគីវៀតណាម។ ម្ល៉ោះហើយរដ្ឋាភិបាល ហ៊ុន សែន ត្រូវតែលាក់លៀមឯកសារព្រំដែនទាំងអស់ មិនបញ្ចេញ ឲ្យពលរដ្ឋខ្មែរ, អ្នកនយោបាយខ្លះ, និងសមាជិករដ្ឋសភា បានយល់ដឹងនោះទេ។

ការព្រមព្រៀងគ្នា រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយលោកនាយករដ្ឋមន្រ្តី ង្វៀង ស៊ុនហ្វ៊ុក (Nguyen Xuan Phuc)  នៃប្រទេសវៀតណាម កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ គឺជាការរំលឹកឡើងវិញ អំពីខ្លឹមសារសំខាន់ៗ មានចែងក្នុងសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ នាសម័យវៀតណាម ត្រួតត្រាកម្ពុជា និង សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥។ ដូច្នេះ ការផ្ទេរខ្នាតផែនទីព្រំដែន ពីខ្នាតបោន(Bonne) ១/១០០.០០០ មកខ្នាតផែនទី UTM ១/៥០.០០០ គឺគ្រាន់តែជាការបង្គ្រប់កិច្ច និងជាធ្វើឲ្យស្របតាម ការបោះបង្គោលព្រំដែន បានជាង ៨៣% រួចហើយនោះ ។

សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ដែលទទួលស្គាល់ឡើងវិញនូវ សន្ធិសញ្ញាព្រំដែន ខុសច្បាប់ ឆ្នាំ១៩៨៥ មានចែងស្ទើរគ្រប់ចំណុច ត្រង់ប្រការ ២ និងប្រការ ៣ ដោយគូសបញ្ជាក់ថា «ភាគីទាំងពីរ បានឯកភាពគ្នា ដើម្បីកែសម្រួលខ្សែបន្ទាត់ព្រំដែន ក្នុងការពិនិត្យផ្ទៀងផ្ទាត់ ការចម្លងខ្សែបន្ទាត់ព្រំដែន ពីផែនទី Bonne ខ្នាត ១/១០០.០០០ មកលើផែនទី UTM ខ្នាត ១/៥០.០០០»។ ហើយនៅប្រការ ៤ នៃសន្ធិសញ្ញានេះ បានបញ្ជាក់ដែរថា ភាគីទាំងពីរ ប្រើផែនទី Bonne ១/១០០.០០០ ចំនួន ២៦ ផ្ទាំង និងផែនទី UTM ខ្នាត ១/៥០.០០០ ចំនួន ៤០ ផ្ទាំង (ជា ផែនទីដែលផលិតដោយកងទ័ពអាមេរិក ក្នុងសម័យសង្គ្រាមវៀតណាម) ដែលជាផែនទីអម សន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ ។

លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី ជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា របស់រដ្ឋាភិបាល បានសារភាពក្នុងសន្និសីទ ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ ថា ផែនទីទាំង ២ ប្រភេទនេះ «ជាផែនទី ផលិតនៅប្រទេសវៀតណាម»។ វាជាការពិត នៅលើផែនទី ក៏មានបញ្ជាក់ ដោយ «ហត្ថលេខា» ពីសមភាគី កម្ពុជា (លោក ឌិត មន្ទី ប្រធានគណៈប្រតិភូ នៃរដ្ឋាភិបាល កម្ពុជា) និង វៀតណាម (លោក លីវ វ៉ាន់ ឡឺយ ប្រធានគណៈប្រតិភូ នៃរដ្ឋាភិបាលវៀតណាម) កាលពី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៨៥។

ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ លោក វ៉ា គឹមហុង បានថ្លែងសារភាព នៅក្រសួងមហាផ្ទៃថា «ភាគីកម្ពុជាយើង ចង់បោះបង្គោលព្រំដែន តាមផែនទីបោន(Bonne) ខ្នាត ១/១០០.០០០ ប៉ុន្តែវៀតណាម មិនព្រម។ ភាគី  វៀតណាម ទាមទារឲ្យកម្ពុជា ត្រូវបោះបង្គោលព្រំដែន តាម ផែនទីខ្នាត UTM ខ្នាត ១/៥០.០០០»។

២. ប្រវត្តិនៃការបោះបង្គោលព្រំដែន និង ការរំកិលខ្សែបន្ទាត់ព្រំដែនថ្មី

រដ្ឋាភិបាល ហ៊ុន សែន បានបោះបង់ចោលខ្សែបន្ទាត់ព្រំដែន ដែលជាកេរមរតក ពីរបប អាណានិគម បារាំង តាមអនុសញ្ញាបារាំង កម្ពុជា និងកូសាំស៊ីន(កម្ពុជាក្រោម) នាឆ្នាំ១៨៧៣ ដែលកាលនោះ បារាំង បានបោះបង្គោលព្រំដែនចំនួន ១២៤ បង្គោល។ មរតករបស់បារាំងនេះ បានសរសេរនៅក្នុង រដ្ឋធម្មនុញ្ញ មាត្រា២ ដែលរំលឹកឡើងវិញ នូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ សង្កត់ធ្ងន់ទៅលើ «មោឃភាព នៃសន្ធិសញ្ញា និងកិច្ចព្រមព្រៀង ទាំងឡាយ ក្នុងទសវត្សទី៨០ ជាមួយភាគីវៀតណាម ដែលត្រួតត្រាកម្ពុជា យ៉ាងខុសច្បាប់ អន្តរជាតិ»។ រដ្ឋធម្មនុញ្ញ មាត្រា ២ «បូរណភាពទឹកដីរបស់ ព្រះរាជាណាចក្រកម្ពុជា មិនអាច រំលោភបានដាច់ខាត ក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះ ឆ្នាំ ១៩៦៣-១៩៦៩»។

ការបោះបង់ខ្សែព្រំដែនពីសម័យបារាំង ហើយបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី តាមការចង់បានរបស់ វៀតណាម មានន័យថា រដ្ឋាភិបាល ហ៊ុន សែន មានទោសស្មើនឹងធ្វើជាតិប្រហារ ឬក្បត់ជាតិ ពីព្រោះខ្សែ បន្ទាត់ព្រំដែនថ្មី វាច្បាស់ជារំកិលព្រំដែន ទៅតាមខ្លឹមសារសន្ធិសញ្ញា ឬអនុសញ្ញា ព្រំដែនថ្មីដែរ។ ដូច្នេះហើយ គេចាំបាច់ត្រូវតែ រកវិធីផលិតផែនទីថ្មី ដែលឆ្លុះបញ្ចាំង អំពីខ្សែ បន្ទាត់ព្រំដែនថ្មី និង ទិដ្ឋភាពដីជាស្តែង។

ប្រវត្តិសង្ខេបនៃការបោះបង្គោលព្រំដែន មាន ៣ ដំណាក់កាល
ក. ដំណាក់កាលទី១៖ តាមអនុសញ្ញាបារាំង កម្ពុជា និង កូសាំស៊ីន(កម្ពុជាក្រោម) ឆ្នាំ ១៨៧៣ បានបោះបង្គោលព្រំដែន ចំនួន ១២៤ បង្គោល ។ បង្គោលទាំង ១២៤ បង្គោលនេះ ក្លាយជា ព្រំដែនកម្ពុជា-វៀតណាម នៅពេលបារាំង កាត់ដីខ្មែរក្រោម ឲ្យវៀតណាម ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩។ ខ្សែបន្ទាត់ព្រំដែន និង ផែនទី ព្រំដែននេះ ត្រូវបាន ទទួលស្គាល់ ដោយសន្និសីទ អន្តរជាតិ ទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ ស្តីពីកម្ពុជាទទួលឯករាជ្យពីបារាំង ហើយវៀតណាម និងឡាវ ក៏បានយល់ស្របដែរ។ ឯកសារព្រំដែន រវាងកម្ពុជា ជាមួយប្រទេសជិតខាង ត្រូវ បានរំលឹកឡើងវិញ តាមកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

ខ. ដំណាក់កាលទី២៖ សន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ ដែលធ្វើឡើងក្នុងសម័យ វៀតណាម ត្រួតត្រាប្រទេសកម្ពុជា បានរំកិលខ្សែបន្ទាត់ព្រំដែន ចេញខ្សែរបន្ទាត់ព្រំដែនចាស់ ពីសម័យ អាណានិគម បារាំង ចូលក្នុងបូរណភាពទឹកដីខ្មែរ ។ សន្ធិសញ្ញាថ្មីនេះ កម្ពុជា និង វៀតណាម បានបោះបង្គោលព្រំដែនថ្មី ចំនួន ៧២ បង្គោល នៅចន្លោះឆ្នាំ១៩៨៦-១៩៨៨  ។ ឯកសារសន្ធិសញ្ញាព្រំដែន និងការបោះបង្គោលព្រំដែន ធ្វើឡើងដោយឯកតោភាគី ពីព្រោះ វៀតណាម គឺជាអ្នករៀបចំសំណុំឯកសារ និង ផែនទីព្រំដែនរួចជាស្រេច ដើម្បីឲ្យរដ្ឋាភិបាល ទីក្រុងភ្នំពេញរបស់លោក ហ៊ុន សែន ចុះហត្ថលេខា និងទទួលយល់ព្រម។

គ. ដំណាក់កាលទី៣៖ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ បានទទួលស្គាល់ឡើងវិញ នូវសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ ជាមួយវៀតណាម ដោយមានការរំកិលខ្សែបន្ទាត់ ព្រំដែន ជាថ្មីម្តងទៀត ចូលមកក្នុងបូរណភាពទឹកដីខ្មែរ។ សន្ធិសញ្ញាថ្មីនេះ គ្រោងបោះបង្គោល ព្រំដែនចំនួន ៣៥៣ បង្គោល និងអាចបោះបន្ថែម តាមការចាំបាច់ ។ បច្ចុប្បន្ន រដ្ឋាភិបាល ហ៊ុន សែន និងរដ្ឋាភិបាលវៀតណាម បោះបង្គោលព្រំដែនបានជាង ៨៣% ហើយ ប្រើផែនទីអម សន្ធិសញ្ញាខុសច្បាប់ ឆ្នាំ១៩៨៥ និងប្រើផែនទី UTM ១/៥០.០០០។ លោក វ៉ា គឹមហុង ទេសដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន របស់រដ្ឋាភិបាល បានសារភាពរឿងនេះ កាលពីថ្ងៃទី០២ និងថ្ងៃទី១៤  ខែកក្កដា ឆ្នាំ២០១៥ ថា«ជាផែនទី ផលិតនៅប្រទេសវៀតណាម ។ ហើយ វៀតណាម បង្ខំឲ្យភាគីកម្ពុជា ប្រើប្រាស់ផែនទី UTM ខ្នាត ១/៥០.០០០ ក្នុងការបោះបង្គោល ព្រំដែន» ។

៣. ភាពជម្រោងចម្រាស និង ផលវិបាក នៃសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥

សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ទៅលើសន្ធិសញ្ញាព្រំដែនរដ្ឋខុសច្បាប់ ឆ្នាំ១៩៨៥ ត្រូវបានប្រឆាំងជំទាស់យ៉ាងដាច់អហង្កា ពីក្រុមអ្នកជំនាញការព្រំដែនខ្មែរ នៅក្រៅប្រទេស, ពីក្រុមសកម្មជនព្រំដែន, អ្នកជំនាញការច្បាប់ និង ក្រុមសមាជិករដ្ឋសភា ពីគណបក្សប្រឆាំង សម-រង្ស៊ី។ ខ្លឹមសារសន្ធិសញ្ញាព្រំដែនថ្មីនេះ បានរំលោភទាំងស្រុង ទៅលើរដ្ឋធម្មនុញ្ញ កម្ពុជា មាត្រា២ និង រំលោភទៅលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ស្តីអំពីអធិបតេយ្យភាព និងភាពមិនអាចរំលោភបាននៃ បូរណភាពទឹកដីខ្មែរ។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស បានបញ្ជាក់ ច្បាស់ថា «កិច្ចព្រមព្រៀង ឬសន្ធិសញ្ញាទាំងឡាយណា ដែលធ្វើឡើងនៅទសវត្សទី ៨០ និងធ្វើឡើងដោយបង្ខំ ត្រូវបានដាក់ជាមោឃភាព»។ ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បែរជាប្រឆាំងរដ្ឋធម្មនុញ្ញ និង កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជាឯកសារយ៉ាងសំខាន់ របស់កម្ពុជាខ្លួនឯងទៅវិញ។

ករណីមានភាពជម្រោងចម្រាស និង ស្ថិតនៅក្រោមការគំរាមកំហែងនានា ដូចចំណុចខាងលើ រួមទាំងការគំរាមការផ្លាស់ប្តូររបបដឹកនាំផង នោះកម្ពុជា នៅតែមានសិទ្ធិប្តឹងតវ៉ាទាមទារ យក ផលប្រយោជន៍ និង បូរណភាពទឹកដីខ្មែររបស់ខ្លួនមកវិញ ពីប្រទេសវៀតណាម ដែលវៀតណាម បានបង្ខំឲ្យមេដឹកនាំខ្មែរ ជាសេនារីយ៉ូរបស់ខ្លួន អនុវត្តយុទ្ធសាស្រ្តនយោបាយរបស់ខ្លួន រំលោភ លើច្បាប់របស់កម្ពុជា និង ច្បាប់អន្តរជាតិ។ ការប្តឹងតវ៉ានេះ ត្រូវប្តឹងទៅភាគីអន្តរជាតិ ពាក់ព័ន្ធនានា និង ត្រូវពឹងផ្អែកលើរដ្ឋាភិបាលថ្មីណាមួយ ដែលស្រឡាញ់ពលរដ្ឋ និង ជាតិ ទឹកដីខ្មែរ។

រំលឹក៖ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ថ្មីនេះ ត្រូវបានចុះហត្ថលេខាដោយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ផាន វ៉ាន់ ខាយ នាយករដ្ឋមន្រ្តីវៀតណាម កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ ហើយព្រះមហាក្សត្រខ្មែរ នរោត្តម សីហមុនី បានឡាយព្រះហស្ថលេខា លើព្រះរាជក្រមប្រកាសឲ្យប្រើប្រាស នៅថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០០៥ បន្ទាប់ពីរដ្ឋសភា និង ព្រឹទ្ធសភា បានផ្តល់សច្ចាប័នយល់ព្រម ក្រោមស្ថានភាពដ៏ជម្រោងចម្រាស ហើយនិង ការគំរាមកំហែង រួចមក។

កំឡុងពេល សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម កំពុងស្វែងរកការគាំទ្រពីស្ថាប័នកំពូលៗរបស់ជាតិ លោក ហ៊ុន សែន បានគំរាមផ្លាស់ប្តូររបបដឹកនាំប្រទេស «ពីរាជានិយម ទៅជាសាធារណរដ្ឋ» បើសិនជា ព្រះមហាក្សត្រ មិនព្រមឡាយព្រះហស្ថលេខាទេនោះ។ កាលនោះព្រះមហាក្សត្រ នរោត្តម សីហមុនី បានយាងទៅទីក្រុងប៉េកាំង ប្រទេសចិន តាមការយាងពី ព្រះមាតាបិតារបស់ ព្រះអង្គ ដែលគង់នៅទីនោះ ប៉ុន្តែព្រះអង្គ ត្រូវប្រញាប់យាងត្រឡប់មកកម្ពុជាវិញជាបន្ទាន់ បន្ទាប់ពីលោក ហ៊ុន សែន បានគម្រាមផ្លាស់ប្តូរបប។

ក្រុមមេដឹកនាំ នៃក្រុមប្រឹក្សឃ្លាំមើលកម្ពុជា ត្រូវបានលោក ហ៊ុន សែន ប្រកាសចាប់ខ្លួន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៥ ពោលគឺ ៣ ថ្ងៃក្រោយពីក្រុមប្រឹក្សានេះ បានចេញ សេចក្តីថ្លែងការណ៍ ប្រឆាំងជំទាស់ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ដោយ«ប្រកាស កាន់មរណកាន់ទុក្ខ នៃការបាត់បង់បូរណភាពទឹកដីខ្មែរ»។ ពេលនោះ លោក ម៉ែន ណាត ប្រធានសមាគមមន្រ្តីរាជការកម្ពុជា, លោក ឆាំ ឆានី ប្រធានសមាគមឯករាជ្យកសិករកម្ពុជា, និង លោក អៀ ចាន់ណា អគ្គលេខាធិការរង នៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតយ្យ បានភៀស ខ្លួនទៅប្រទេសថៃ រួចទទួលបានសិទ្ធិជ្រកកោនខាងនយោបាយ នៅប្រទេសន័រវេស៍ ហើយ លោក ប៉ាង សុខឿន ប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានភៀសខ្លួនទៅថៃ រួចទទួលសិទ្ធិជ្រកកោន នៅប្រទេសស៊ុយអែត។ លោក  រ៉ុង ឈុន ប្រធានសមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវបានចាប់ដាក់គុក ជាង ៣ ខែ ពីថ្ងទី១៥ ខែតុលា ឆ្នាំ២០០៥ ដល់ចុងខែមករា ឆ្នាំ២០០៦ ទើបត្រូវបានដោះលែង។ លោក ជា មុន្នី ប្រធានសហជីព សេរីកម្មករកម្ពុជា បានភៀសខ្លួន នៅប្រទេសបារាំង ៤ ខែ ពីខែតុលា ឆ្នាំ២០០៥ ហើយវិល ចូលស្រុកវិញ នៅដើមខែកុម្ភៈ ឆ្នាំ២០០៦។

ដោយសារភាពជម្រោងចម្រាស ជំទាស់សនិ្ធសញ្ញាព្រំដែនបំពេញបន្ថែមនេះដែរ លោក ម៉ម សូណងដូ នាយកវិទ្យុសំបុកឃ្មុំ ត្រូវបានចាប់ដាក់គុកជាង ៣ ខែ, លោក ប៉ា ងួនទៀង នាយកព័ត៌មាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារជាង ១ ខែ, លោក កឹម សុខា កាលនោះជាប្រធាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហើយនិង លោក យេង វីរៈ នាយកមជ្ឈមណ្ឌអប់រំច្បាប់សម្រាប់សហគមន៍ ក៏ត្រូវបានចាប់ខ្លួនដាក់គុកជាង ១ ខែដែរ ពីខែធ្នូ ឆ្នាំ២០០៥ ដល់ចុងខែមករា ឆ្នាំ២០០៦ ទើបត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ ដំណាលគ្នាជាមួយ លោក រ៉ុង ឈុន ដែរ បន្ទាប់ពីមានសម្ពាធធ្ងន់ធ្ងរ ពីសហគមគមន៍ អន្តរជាតិផង។

ជុំវិញភាពជម្រោងចម្រាស ប្រឆាំងជំទាស់ សនិ្ធសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ដែលមាន ភាពមិនប្រក្រតីនោះ លោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ប្រទេស បារាំង, ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ  ធម្មិកោ ទីប្រឹក្សាផ្ទាល់របស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ, និង លោកបណ្ឌិតច្បាប់ សាយ បូរី ក៏ទទួលបានការគំរាមកំហែងធ្ងន់ ពីលោក ហ៊ុន សែន ហើយ មានការភៀសខ្លួនមួយរយៈ នៅចុងខែតុលា ឆ្នាំ២០០៥ និង ដើមឆ្នាំ២០០៦។

៤. ការយាយីនយោបាយ ពាក់ព័ន្ធការរឿងព្រំដែន និង ការរំលោភសទ្ធិមនុស្ស

សមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ពីគណបក្សប្រឆាំង ត្រូវបានចាប់ខ្លួនភ្លាមៗ ទាំងនៅ មានអភ័យឯកសិទ្ធិ កាលពីថ្ងទី១៥ ខែសីហា ឆ្នាំ២០១៥ ក្រោយពេលលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសឲ្យចាប់ខ្លួន ក្រោមបទចោទប្រកាន់ថា «ផ្សាយឯកសារព្រំដែនក្លែងក្លាយ» ចំពេលបញ្ហាព្រំដែនឡើងកំដៅ ហើយតុលាការ បានកាត់ទោសរូបលោក យ៉ាងអយុត្តិធម៌ ឲ្យជាប់គុក ៧ ឆ្នាំ។ កាឃុំខ្លួនលោក ហុង សុខហួរ គឺជារឿងនយោបាយ និង ជាការរំលោភ រដ្ឋធម្មនុញ្ញ មាត្រា១០៤ ថ្មី។

សមាជិសភា លោក អ៊ុំ សំអាន ពីគណបក្សសង្គ្រោះជាតិ ជាសមាជិកសភាសកម្ម ក្នុងរឿង ស្រាវជ្រាវ ផែនទីព្រំដែន និងដឹកនាំក្រុមការងារចុះពិនិត្យព្រំដែនខ្មែរ-វៀតណាម ត្រូវបានចាប់ខ្លួន ដាក់គុក កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ពីបទចោទប្រកាន់ «ញុះញង់ឲ្យការប្រព្រឹត្ត បទឧក្រឹដ្ឋ រឿងព្រំដែន និង ជំរុញឲ្យរើសអើង» ហើយតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ ៦ ខែ និងត្រូវបង់ពិន័យ ៤ លានរៀល។ លោក អ៊ុំ សំអាន គឺសមាជិកសភា ដែលស្រឡាញ់ ជាតិ និងទឹកដី ហើយបានទៅស្រាវជ្រាវ ផែនទីព្រំដែន ពីអង្គការសហប្រជាជាតិ, បណ្ណាល័យ សភាសហរដ្ឋអាមេរិក និង ពីវិទ្យាស្ថានជាតិ ភូមិសាស្រ្តរបស់បារាំង នៅទីក្រុងប៉ារីស ព្រមទាំង ដឹកនាំក្រុមតំណាងរាស្រ្ត និងក្រុមយុវជន ទៅពិនិត្យព្រំដែនយ៉ាងផុលផុស។

ការចាប់ឃុំខ្លួន និងការកាត់ទោសសមាជិកសភា លោក អ៊ុំ សំអាន ប្រព្រឹត្តទៅទាំងងនៅមាន អភ័យឯកសិទ្ធិ ជាតំណាងរាស្រ្ត។ ការចាប់ឃុំខ្លួននេះ គឺការរំលោភរដ្ឋធម្មនុញ្ញ មាត្រា ៨០ និង ជាការធ្វើឡើងតាមការចង់បាន របស់លោក ហ៊ុន សែន ដើម្បីបំបិទសេរីភាពបញ្ចេញមតិ និងបង្ក្រាបក្រុមសកម្មជនព្រំដែនឯទៀត ដែលឈឺឆ្អាល រឿងព្រំដែន ដ៏ជម្រោងចម្រាស។

ដោយឡែក ក្រុមសកម្មជនដែលសកម្មក្នុងរឿងព្រំដែន និង ក្រុមមន្រ្តីសិទ្ធិមនុស្សជាង ២០ នាក់ កំពុង ជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌ ក្រោមសម្ពាធនៃចំណាត់ការនយោបាយ ដែលគ្មានគុណធម៌, រំលោភសិទ្ធិមនុស្ស និងរំលោភច្បាប់ធ្ងន់ធ្ងរ ពីសំណាក់រដ្ឋាភិបាល ហ៊ុន សែន។ ជាមួយគ្នានេះ លោក សម រង្ស៊ី មេដឹកនាំគណបក្ស សង្គ្រោះជាតិ  ក៏កំពុងនីរទេសខ្លួន នៅប្រទេសបារាំង គេចចេញពីការចាប់ឃុំខ្លួន ពីរដ្ឋាភិបាល ហើយលោក កឹម សុខា មេដឹកនាំទី២ នៃគណបក្សនេះ ក៍ត្រូវបានជាប់ឃុំខ្លួនឯង ក្នុងទីស្នាក់ការគណបក្ស ក្រោយពីតុលាការ ក្រោមការបង្កប់បញ្ជា របស់លោក ហ៊ុន សែន តាមយាយីខាងនយោបាយ។ អ្នកវិភាគសង្គម លោកបណ្ឌិត កែម ឡី ត្រូវបានបាញ់សម្លាប់យ៉ាងឃោរឃៅ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ដែលពាក់ព័ន្ធ ការវិភាគរបស់លោក តាមវិទ្យុ និងបណ្តាញសារពត៌មាននានា ទៅលើរបាយការណ៍ របស់ អង្គការបរិស្ថានពិភពលោក Global Witness ស្តីពីត្រកូល ហ៊ុន របស់លោកនាយករដ្ឋមន្រ្ត ហ៊ុន សែន រកស៊ីខុសច្បាប់ និង រំលោភសិទ្ធមនុស្ស។ បេសកម្មលោក កែម ឡី មួយទៀត គឺយុទ្ធនាការ ១០០ រាត្រី ដែលធ្វើការស្រាវជ្រាវរឿងព្រំដែនខ្មែរ-យួន, រឿងអន្តោប្រវេសន៍ ខុសច្បាប់, និងរឿង ក្រុមហ៊ុនរកស៊ីខុសច្បាប់ របស់ពួកមន្រ្តីរដ្ឋាភិបាល។ ឃាតកម្មនេះ មិនទាន់ត្រូវបាន វែកមុខ ឃាតក ទេ ហើយក៏ត្រូវបានដាក់ការសង្ស័យ ទៅលើមនុស្សក្នុងត្រកូល ហ៊ុន ជាមេគំនិតផងដែរ។

ភាពជម្រោងចម្រាសរឿងព្រំដែនកម្ពុជា-វៀតណាម ដោយសាររដ្ឋាភិបាល ហ៊ុន សែន ប្រើប្រាស ផែនទី មិនទាន់ត្រឹមត្រូវ, ខ្វះការចួលរួមពីអ្នកជំនាញការឯករាជ្យ, ផ្ទៀងផ្ទាត់ផែនទី ដោយមិន ផ្ទៀងលើដីជាក់ស្តែង, បង្គោលព្រំដែនថ្មី មិននៅលើទីតាំងបង្គោលចាស់ ពីសម័យបារាំង, ពលរដ្ឋតាមព្រំដែន បាត់បង់ដីស្រែចំការ, និងការចាប់សកម្មជន ដាក់គុក។ ម្ល៉ោះហើយទើប ពលរដ្ឋខ្មែរ បាត់បង់ទំនុកចិត្ត លើរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា  ព្រំដែន ជាមួយ វៀតណាម។ ការប្រើផែនទីខុស នៅក្នុងការបោះបង្គោលព្រំដែនបច្ចុប្បន្ន គឺជាហេតុធ្វើឲ្យមាន ការគំរាមកំហែងពី រដ្ឋាភិបាល បោះជហានទៅរកការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ មាត្រា២។

៥. យន្តការដោះស្រាយបញ្ហាព្រំដែនខ្មែរ

៥.១. មិនត្រូវមានការផ្ទេរខ្នាតផែនទីអ្វីទាំងអស់ ក្នុងកាលៈទេសៈនយោបាយសព្វថ្ងៃ ខណៈពេល ដែល      រដ្ឋាភិបាល ហ៊ុន សែន បាននិងកំពុងប្រើប្រាសផែនទី UTM ខ្នាត ១/៥០.០០០ បោះបង្គោល ព្រំដែន បានជាង ៨៣% មកដល់ពេលនេះ។
៥.២. ត្រូវរក្សាខ្លឹមសារដើមនៃ មាត្រា២ រដ្ឋធម្មនុញ្ញ ដោយមិនមានកែប្រែឡើយ ពីព្រោះវាមាន សារសំខាន់ ភ្ជាប់ខ្លឹមសារឯកសារជាប្រវត្តិសាស្រ្ត ដែលមានការទទួលស្គាល់ជាអន្តរជាតិ រួចមកហើយ។
៥.៣. ត្រូវអនុម័តលុបចោលសន្ធិសញ្ញាទាំងអស់ ដែលផ្ទុយខ្លឹមសារកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ១៩៩១ ផ្ទុយមាត្រា២ រដ្ឋធម្មនុញ្ញ និង ត្រូវលុបចោល សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ដោយ រដ្ឋសភាជាតិ។
៥.៤. (រដ្ឋាភិបាល) ត្រូវប្តឹងរឿងនេះ ទៅសហប្រធានហត្ថលេខី នៃកិច្ចព្រមព្រៀង ក្រុងប៉ារីស ឆ្នាំ១៩៩១ ដោយភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធនានា។
៥.៥. ត្រូវលើកបញ្ហាព្រំដែននេះ ប្តឹងភាគីវៀតណាម ទៅតុលាការយុត្តិធម៌អន្តរជាតិ នៅ ទីក្រុងឡេអេ ដូចករណីប្រាសាទព្រះវិហារ នៅជាប់ព្រំដែនថៃ កាលីឆ្នាំ១៩៩៦២ ដែរ។

ម៉ែន ណាត
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

Advertisements
This entry was posted in Nokor and tagged , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s