ប្រវត្តិ​ការងារ​ ញឹក ប៊ុនឆៃ មុន​ពេល​ តុលាការភ្នំពេញ សម្រេចឃុំខ្លួន

13612133_1238821676190009_7794300099157789923_n

«ប្រវត្តិ​ការងារលោក​ ញឹក ប៊ុនឆៃ មុន​ពេលតុលាការក្រុងភ្នំពេញ សម្រេច​ឃុំខ្លួន។ ការឃុំខ្លួននេះ កើតឡើង​ក្រោយពេលលោក ហ៊ុន សែន ដឹងថា ញឹក ប៊ុនឆាយ មានទំនាក់ទំនងជាមួយ​ បក្សប្រឆាំង ក្រោយការបោះឆ្នោតឃុំសង្កាត់ កាលពីខែ មិថុនា ឆ្នាំ២០១៧។ លោក ញឹក ប៊ុនឆាយ ត្រូវបានចាប់ខ្លួន ថ្ងៃទី០៣ សីហា ២០១៧។ និយាយដោយខ្លី គឺការចាប់ខ្លួនលោក ញឹក ប៊ុនឆាយ ក្រោមហេតុផល គ្រឿងញៀន នោះ វាគ្រាន់តែជាហេតុផលដាក់បន្ទុកប៉ុណ្ណោះ ក្នុងផ្លូវបំភាន់នយោបាយ និង បង្កភាពអាប់អួរ ដល់សង្គម »។ (បន្ថែមដោយ៖ ម៉ែន ណាត) 

 

(ដោយ ម៉ម មុនីរតន៍, RFA, 07-8-2017)
អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​អតីត​មេ​បញ្ជាការ​ផ្កាយ​បួន កូតា​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ពេល​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ហើយ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​ញៀន​កាល​ពី​ជាង ១០​ឆ្នាំ​មុន។

តើ​លោក ញឹក ប៊ុនឆៃ ជា​នរណា ហើយ​មាន​ប្រវត្តិ​ការងារ​យ៉ាង​ណា?

កើត​ក្នុង​ត្រកូល​កសិករ និង​ផ្ដើម​ជីវិត​ល្បីល្បាញ​ពី​ការ​តស៊ូ​នៅ​ជាយដែន​ខ្មែរ-ថៃ អតីត​មន្ត្រី​ជាន់​ខ្ពស់​ពី​ខាង​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច រូប​នេះ​ដែល​ធ្លាប់​កាន់​កិច្ចការ​រដ្ឋ​នៅ​តាម​ស្ថាប័ន​ជាតិ​កំពូលៗ​មួយ​ចំនួន ពេល​នេះ​ត្រូវ​ធ្លាក់​ខ្លួន​ជា​ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​គ្រឿង​ញៀន​វិញ​ម្ដង។

លោក ញឹក ប៊ុនឆៃ ដែល​នរណាៗ​ក៏​ដឹង និង​ស្គាល់​ឈ្មោះ​ថា​ជា​អតីត​មេ​ទ័ព​ដែល​ពូកែ​ទាំង​ខាង​យុទ្ធសាស្ត្រ និង​មន្ត​អាគម​ផង​នោះ ឥឡូវ​នេះ​ត្រូវ​បាន​តំណាង​អយ្យការ​ក្រុង​ភ្នំពេញ លោក សៀង សុខ ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ សីហា។

កើត​នៅ​ភូមិ​តាអុងខាងលិច ឃុំ​ស្វាយចេក ស្រុក​ថ្មពួក ខេត្ត​បាត់ដំបង មុន​នឹង​ប្ដូរ​មក​ជា​ខេត្ត​បន្ទាយមានជ័យ វិញ លោក ញឹក ប៊ុនឆៃ មាន​ឪពុក​ឈ្មោះ ញឹក ឆេន និង​ម្ដាយ​ឈ្មោះ អូន សាម៉េត។ សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា “សំណាង​មួយ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់” របស់​លោក ញឹក ប៊ុនឆៃ បាន​រៀបរាប់​ថា អ្នក​តស៊ូ​នៅ​តាម​ជាយដែន​រូប​នេះ​ធ្លាប់​សិក្សា​បញ្ចប់​ថ្នាក់​វិទ្យាល័យ​នៅ​សាលា​សិរីសោភ័ណ ក្នុង​អំឡុង​ឆ្នាំ​១៩៧៥។

ស្ថិត​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ជា​ជាង​ឈើ និង​ម្ដាយ​ជា​ស្ត្រី​មេ​ផ្ទះ ហើយ​មាន​មុខ​របរ​លក់ដូរ​បន្តិចបន្តួច លោក ញឹក ប៊ុនឆៃ មាន​បង​ប្អូន​បង្កើត​ចំនួន ១០​នាក់ ក្នុង​នោះ​លោក​គឺ​ជា​កូន​ទី​២ ក្នុង​គ្រួសារ។ អតីត​មេ​បញ្ជាការ​យោធា​រូប​នេះ​កើត​នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​១៩៥៨។

មុន​នឹង​ត្រូវ​ចូល​កាន់​តំណែង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៅ​តាម​ស្ថាប័ន​កំពូលៗ​របស់​ជាតិ​មួយ​ចំនួន លោក ញឹក ប៊ុនឆៃ ធ្លាប់​ជា​យុវជន​ឆ្លង​កាត់​សង្គ្រាម និង​តស៊ូ​យ៉ាង​ស្វិតស្វាញ​នៅ​តាម​ជាយដែន​ខ្មែរ-ថៃ រំដោះ​ប្រទេស​ជាតិ​ពី​ការ​គ្រប់គ្រង​ដោយ​របប ប៉ុល ពត និង​ការ​ឈ្លាន​ពាន​ពី​ប្រទេស​វៀតណាម មក​លើ​កម្ពុជា។ សៀវភៅ​ដែល​សរសេរ​ដាក់​ចំណង​ជើង​ថា “សំណាង​មួយ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់” បាន​រៀបរាប់​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៧៩ អតីត​ឧបនាយករដ្ឋមន្ត្រី លោក ញឹក ប៊ុនឆៃ បាន​រៀបការ​ជាមួយ​អ្នកស្រី សម សុភាព ហើយ​មាន​កូន​ស្រី ២​នាក់​ជា​ចំណង​ដៃ។ ប៉ុន្តែ​ឯកសារ​ខ្លះ​បាន​លើក​ឡើង​ថា លោក ញឹក ប៊ុនឆៃ ធ្លាប់​រៀបការ​ប្រពន្ធ​ទី​មួយ​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​ជា​អកុសល​ត្រូវ​ស្លាប់​នៅ​ក្នុង​របប ប៉ុល ពត ហើយ​មាន​កូន​ស្រី​មួយ​ដែរ។

លោក ញឹក ប៊ុនឆៃ ធ្លាប់​ប្រាប់​ក្រុម​អ្នក​កាសែត​ថា លោក​ពុំ​ដែល​នឹក​គិត​ធ្វើ​ជា​អ្នក​នយោបាយ ឬ​ស្លៀកពាក់​អាវ​ធំ​អ្វី​នោះ​ទេ ប៉ុន្តែ​ដោយសារ​កាលៈទេសៈ​ប្រទេស​ជាតិ​បង្ខំ បាន​ជំរុញ​ឲ្យ​រូប​លោក​ត្រូវ​ប្រឡូក​ក្នុង​ជីវិត​នយោបាយ​ដោយ​មិន​ដឹង​ខ្លួន។

ឯកសារ​ដែល​និយាយ​ពី​ប្រវត្តិ​អតីត​យោធា​តស៊ូ​នៅ​តាម​ជាយដែន​ខ្មែរ-ថៃ រូប​នេះ​បាន​រៀបរាប់​ថា នៅ​ក្នុង​របប ប៉ុល ពត លោក និង​ប្អូន​ប្រុស​ពៅ​ឈ្មោះ ញឹក ប៊ុនឈុំ បាន​រត់​ភៀស​ខ្លួន​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ។ នៅ​ក្នុង​ដំណើរ​ដែល​ជួប​ឧបសគ្គ​រាប់​មិន​អស់​នេះ លោក ញឹក ប៊ុនឆៃ ឲ្យ​ដឹង​ថា ការ​រស់នៅ​ក្នុង​ទឹកដី​ថៃ ដែល​រំពឹង​ថា​អាច​រួច​ផុត​ពី​ការ​កាប់​សម្លាប់​ដោយ​របប​ខ្មែរ​ក្រហម​នេះ បែរ​ជា​ត្រូវ​ជាប់​គុក​នៅ​ក្នុង​ប្រទេស​ថៃ មិន​តិច​ជាង ១០​លើក​នោះ​ទេ ព្រោះ​តែ​នៅ​មិន​ស្ងៀម​នឹង​ការ​ឈឺ​ចាប់​ចំពោះ​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ដោយ​របប​ខ្មែរ​ក្រហម​នៅ​ក្នុង​ប្រទេស មុន​នឹង​មាន​ចលនា​តស៊ូ​ងើប​ឡើង​ក្នុង​អំឡុង​ខែ​មីនា ឆ្នាំ​១៩៨១។

អតីត​អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច គឺ​លោក ប៉ែន សង្ហា ឲ្យ​ដឹង​ថា នៅ​ក្រោយ​ការ​បោះឆ្នោត​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៣ គឺ​លោក ញឹក ប៊ុនឆៃ មាន​តួនាទី​ជា​អគ្គសេនាធិការ​រង​ទី​១ នៃ​អគ្គសេនាធិការដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ។ ស្ថិត​ក្នុង​តួនាទី​នេះ លោក ញឹក ប៊ុនឆៃ ធ្លាប់​កាន់​កាប់​តំណែង​បាន ៣​ឆ្នាំ ពោល​រហូត​ដល់​ឆ្នាំ​១៩៩៧។

បើ​តាម​លោក ប៉ែន សង្ហា ក្រោយ​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហនុ ព្រះរាជទាន​លើកលែង​ទោស និង​មាន​ដំណោះស្រាយ​នយោបាយ​ក្រោយ​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​ទី​២ ព្រឹទ្ធសភា នៅ​ឆ្នាំ​១៩៩៩។ ស្ថិត​ក្នុង​តំណែង​ជា​អនុប្រធាន​ទី​២ នៃ​ព្រឹទ្ធសភា​នេះ​ហើយ បាន​ជំរុញ​ឲ្យ​លោក ញឹក ប៊ុនឆៃ ត្រូវ​គ្រង​ក្នុង​តួនាទី​រហូត​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ទី​៣ នៅ​អំឡុង​ខែ​សីហា ឆ្នាំ​២០០៤។

រឿងរ៉ាវ​កាន់​តែ​ស្មុគស្មាញ​នៅ​ក្នុង​អំឡុង​ឆ្នាំ​នេះ​ហើយ ដែល​ស្ថានការណ៍​បាន​រុញ​ឲ្យ​លោក ញឹក ប៊ុនឆៃ ក្លាយ​ជា​ប្រមុខ​រដ្ឋ​ស្ដីទី​ជំនួស​លោក ជា ស៊ីម ហើយ​ចុះ​ហត្ថលេខា​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ​បន្ថែម​នៅ​គ្រា​នោះ ខណៈ​លោក ជា ស៊ីម បដិសេធ​មិន​ព្រម​ចុះ​ហត្ថលេខា ហើយ​ត្រូវ​គេ​បង្ខំ​ឲ្យ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ទាំង​ពុំ​មាន​ជំងឺ​អ្វី​សោះ។

អតីត​អ្នក​នាំ​ពាក្យ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច លោក ប៉ែន សង្ហា ឲ្យ​ដឹង​ថា ក្នុង​ស្ថានភាព​ដ៏​ស្មុគស្មាញ​នេះ អនុប្រធាន​ទី​១ នៃ​ព្រឹទ្ធសភា គឺ​សម្ដេច​ស៊ីសុវត្ថិ ជីវ័ន្តមុនីរក្ស ដោយ​ដឹង​សភាពការណ៍​មិន​ស្រួល ព្រះអង្គ​ក៏​សម្រេច​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​ភ្លាម​ដែរ។

ដោយ​ដឹង​គុណ​លោក ញឹក ប៊ុនឆៃ រឿង​ចុះ​ហត្ថលេខា​លើ​រដ្ឋធម្មនុញ្ញ​បន្ថែម​នេះ លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​លោក ហ៊ុន សែន ផ្ដល់​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី និង​តំណែង​មួយ​ផ្សេង​ទៀត​ក្នុង​ពេល​តែ​មួយ​នេះ គឺ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​បួន​នៃ​កង​យោធពល​ខេមរភូមិន្ទ។

នៅ​ក្នុង​ចន្លោះ​ប៉ុន្មាន​ឆ្នាំ​នេះ រាសី​របស់​លោក ញឹក ប៊ុនឆៃ ចេះ​តែ​ឡើង​កូត​រហូត​មក។ នៅ​អំឡុង​ឆ្នាំ​២០០៦ លោក ញឹក ប៊ុនឆៃ បាន​ក្លាយ​ជា​អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ បើ​តាម​លោក ប៉ែន សង្ហា រយៈពេល​នេះ​ហើយ​ដែល​រឿងរ៉ាវ​កើត​ឡើង និង​មាន​ជម្លោះ​ផ្ទៃក្នុង​មិន​ចេះ​ចប់។ ដោយ​មាន​បញ្ហា​ផ្ទៃក្នុង​គណបក្ស ព្រម​ទាំង​មាន​ការ​លូក​ដៃ​ពី​ខាង​ក្រៅ​ផង និង​រឿង​គ្រឿង​ញៀន​នេះ បាន​ជំរុញ​ឲ្យ​លោក ញឹក ប៊ុនឆៃ ក្នុង​តំណែង​ជា​អគ្គលេខាធិការ​គណបក្ស​នៅ​គ្រា​នោះ ទទួល​រង​គំនាប​ផង បាន​បង្ខំ​ចិត្ត​ឈាន​ទៅ​ធ្វើ​រដ្ឋ​ប្រហារ​បក្ស​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០០៦។

មិន​យូរ​ប៉ុន្មាន បាតុភាព​គ្រឿង​ញៀន​បាន​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​២០០៧ នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដែល​រង​ការ​ចោទ​ថា លោក ញឹក ប៊ុនឆៃ ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ​ដែរ ប៉ុន្តែ​ដោយសារ​អតីត​មន្ត្រី​យោធា​រូប​នេះ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ចន្លោះ​នេះ ទើប​សំណុំ​រឿង​គ្រឿង​ញៀន​កាល​ពី ១០​ឆ្នាំ​មុន​នោះ​ហាក់​កប់​សូន្យ​ឈឹង​រហូត​មក​ដល់​ពេល​ផ្ទុះ​ឡើង​វិញ​នេះ។

ទាក់ទិន​រឿង​នេះ អ្នក​ឃ្លាំ​មើល​ពី​បញ្ហា​សង្គម និង​អ្នក​ច្បាប់​ចាត់​ទុក​ថា រឿង​ក្ដី​នេះ​វា​ហាក់​ដូចជា​មិន​ទំនង​ជា​បទល្មើស​ព្រហ្មទណ្ឌ​ទាល់​តែ​សោះ ស្រប​ពេល​សំណុំ​រឿង​នេះ​បាន​អូស​បន្លាយ​ស្ទើរ​ពេញ​មួយ​ទសវត្សរ៍​ទៅ​ហើយ។

មេធាវី​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក ហុង គឹមសួន យល់​ឃើញ​ថា រឿង​ក្ដី​នីមួយៗ​មាន​កំណត់​អាជ្ញាយុកាល ឬ​ពេលវេលា​នៃ​បទល្មើស​ត្រូវ​ចប់។ លោក​បន្ត​ថា ប្រសិន​បើ​សំណុំ​រឿង​មួយ តុលាការ​មិន​បន្ត​ការ​ស៊ើប​អង្កេត​ដោយ​ជាប់លាប់​ទេ រឿង​ក្តី​នោះ​ត្រូវ​រលត់​បាត់ និង​ពុំ​មាន​តម្លៃ​គតិយុត្តិ​តាម​ផ្លូវ​ច្បាប់​ទៀត​ទេ។ លោក​បន្ត​ថា «ដូចជា​អាជ្ញាយុកាល​នៃ​បទល្មើស​នេះ​អ៊ីចឹង​ដែរ បើ​សិន​វា​គ្រប់​ពេលវេលា​ដែល​ថា​នៃ​ការ​ស៊ើប​អង្កេត​វា​អស់​ហើយ ស្រាប់​តែ​មិន​ចេញ​ដីកា​ស៊ើប​អង្កេត​ទៀត​ទេ ហួស​ពេល​នៃ​អាជ្ញាយុកាល​ប្រព្រឹត្ត​បទល្មើស វា​អូតូម៉ាតិច ច្បាប់​គេ​តម្រូវ​ឲ្យ​បោះបង់​ចោល​ហើយ»

លោក​បណ្ឌិត មាស នី អ្នក​ឃ្លាំ​មើល​ពី​បញ្ហា​សង្គម និង​នយោបាយ ចាត់​ទុក​ថា បញ្ហា​លោក ញឹក ប៊ុនឆៃ នេះ​អាច​ជា​ចេតនា​នយោបាយ​ច្រើន​ជាង​បទល្មើស​ព្រហ្មទណ្ឌ។ លោក​បន្ត​ថា វា​ហាក់​ដូចជា​ចម្លែក​បំផុត​ដែល​អតីត​មេ​ទ័ព​រូប​នេះ​ធ្លាប់​មាន​បទល្មើស ហើយ​អាច​រស់នៅ​ដោយ​សុខ​អស់​ពេល​ជាច្រើន​ឆ្នាំ​ណាស់​មក​ហើយ តែ​ទើប​ត្រូវ​រក​ឃើញ​ថា​មាន​រឿង​ក្ដី​ដែល​ត្រូវ​សើរើ​នៅ​ពេល​នេះ​ទៅ​វិញ។ លោក​បន្ត​ថា «បើ​សិន​ជា​រឿង​ហ្នឹង​ជា​រឿង​ដែល​លោក ញឹក ប៊ុនឆៃ បាន​ប្រព្រឹត្ត​មែន ហើយ​កាល​ពី​លោក ញឹក ប៊ុនឆៃ នៅ​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​ប្រជាជន នោះ ហេតុ​អី​គេ​មិន​រក​រឿង​ពី​ពេល​ហ្នឹង​មកហេតុ​អី​ទើប​ពេល​ដក​តំណែង​ហើយ បាន​រក​រឿង​តាម​ក្រោយ»

លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​បញ្ចប់​តួនាទី​ពី​ទីប្រឹក្សា​រដ្ឋាភិបាល​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៧ តាម​សំណើ​របស់​លោក ហ៊ុន សែន។ ការ​ឈាន​ទៅ​បញ្ចប់​តួនាទី​នេះ គឺ​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចោទ​ថា លោក ញឹក ប៊ុនឆៃ បាន​ទាក់ទង​ជាមួយ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​មែន​ជា​គណបក្ស​សម្ពន្ធភាព​របស់​ខ្លួន៕

Advertisements
This entry was posted in Nokor and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s