អ៊ុំ សំអាន និង ហុង សុខហួរ ជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌ រឿងការពារបូរណភាពទឹកដីខ្មែរ ប៉ុន្តែបក្ស​កាន់អំណាច ហ៊ុន សែន បែរជាជួយ យួន

3da07c75-5310-496b-add3-21bee161be6b

លោក អ៊ុំ សំអាន គឺជាតំណាងរាស្រ្តខ្លាំង និងជាអ្នកស្រឡាញ់ជាតិទឹកដី ព្រមទាំងជាអ្នកប្រឆាំងជំទាស់សនិ្ធសញ្ញាព្រំដែនថ្មី ឆ្នាំ២០០៥ ហើយផែនទីព្រំដែន ដែលវៀតណាម ឲ្យរដ្ឋាភិបាល ហ៊ុន សែនបំពេញតាមបំណងរបស់ខ្លួន។ លោក សំអាន ធ្លាប់ដឹកនាំចលនានិស្សិត តវ៉ាទាមទារឲ្យវៀតណាម គោរពបូរណភាពទឹកដីខ្មែរ តាំងពីឆ្នាំ២០០០ មកម្ល៉េះ លុះដល់ក្លាយជាតំណាងរាស្រ្ត នៃបក្សសង្គ្រោះជាតិ ក៏បន្តបេសកកម្ម រឿងព្រំដែនទឹកដីបន្តទៀត។ នាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាចាប់ឃុំខ្លួនលោក អ៊ុំ សំអាន ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ទាំងលោកនៅមានអភ័យឯកសិទ្ធិ ជាតំណាងរាស្រ្ត នៅឡើយ។ ការចាប់ខ្លួនលោក ទាំងនៅមានអភ័យឯកសិទ្ធិ គឺជាការរំលោភរដ្ឋធម្មនុញ្ញ មាត្រា៨០។
ចំណែកលោក ហ៊ុង សុខហួរ ជាសមាជិកព្រឹទ្ធសភា នៃគណបក្សប្រឆាំង ដូចលោក អ៊ុំ សំអាន ដែរដែលត្រូវចាប់ខ្លួន កាលពីខែសីហា ឆ្នាំ២០១៥ ក្នុងរឿងព្រំដែនកម្ពុជា វៀតណាម។ ការចាប់ខ្លួនលោក ហុង សុខហួរ ទាំងនៅមានអភ័យឯកសិទ្ធិ គឺជាការរំលោភរដ្ឋធម្មនុញ្ញ កាលនោះ។ អត្ថបទខាងក្រោម ក៏មានបញ្ជាក់ហើយដែរ។ (ដោយ ម៉ែន ណាត)

មន្ត្រី​បក្ស​កាន់អំណាច ​ប្រតិកម្ម​ការ​ប៉ុនប៉ង​ធ្វើ​អន្តរាគមន៍​ ឲ្យ​ដោះលែង​លោក អ៊ុំ សំអាន និង​លោក ហុង សុខហួរ

(ដោយ ឡេង ម៉ាលី, RFA, 07-8-2017)
អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច ប្រតិកម្ម​ចំពោះ​ព័ត៌មាន​ក្រៅ​ផ្លូវការ​មួយ​ដែល​ថា សមាជិក​សភា​អាល្លឺម៉ង់ ប៉ុនប៉ង​ធ្វើ​អន្តរាគមន៍​ជួយ​ឲ្យ​មាន​ការ​ដោះលែង​លោក អ៊ុំ សំអាន និង​លោក ហុង សុខហួរ ពី​ការ​ជាប់​ពន្ធនាគារ ដោយសារ​យល់​ថា លោក​ទាំង​ពីរ​ជា​អ្នក​ទោស​នយោបាយ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រតិកម្ម​ជា​សារ​តាម​តេឡេក្រាម​នៅ​ថ្ងៃ​ទី​៦ សីហា ថា ប្រទេស​អាល្លឺម៉ង់ ដែល​ជា​ប្រទេស​នីតិរដ្ឋ​មួយ​នៅ​ក្នុង​សហគមន៍​អឺរ៉ុប គប្បី​គិតគូរ​ជា​មុន​ឲ្យ​គ្រប់​ជ្រុងជ្រោយ មុន​នឹង​ធ្វើ​អន្តរាគមន៍​ណា​មួយ​លើ​ករណី​លោក ហុង សុខហួរ និង​លោក អ៊ុំ សំអាន។

លោក សុខ ឥសាន មាន​ប្រសាសន៍​ថា សារ​របស់​លោក​ជា​សារ​ព្រមាន​មុន ទៅ​នឹង​ព័ត៌មាន​ដែល​ថា មាន​សេចក្ដី​ព្រាង​របស់​សមាជិក​សភា​អាល្លឺម៉ង់ មួយ​ចំនួន ចង់​ធ្វើ​អន្តរាគមន៍​ដូច្នេះ ហើយ​លេច​ឮ​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ៖ «ខ្ញុំ​និយាយ​តែ​ប្រធានបទ​ទេ ខ្ញុំ​ថា​បើ។ បើ​មាន​ការ​អន្តរាគមន៍​អ៊ីចឹង​មែន ហើយ​មិន​មែន​ជា​សភា​ទាំងមូល​ទេ ជា​សមាជិក​សភា​មួយ​ចំនួន​តូច ហើយ​គាត់​គ្រាន់​តែ​ព្រាង​ទេ តាម​ពិត​នោះ។ តែ​យើង​ថា​ឲ្យ​ហើយ​ទៅ អា​ហ្នឹង​ខ្លឹមសារ​វា​នៅ​តែ​ទិសដៅ​តែ​មួយ​ហ្នឹង»

សារ​របស់​លោក​សរសេរ​ទៀត​ថា ការ​ចង់​អន្តរាគមន៍​នេះ​នៅ​មិន​ទាន់​ដឹង​តាម​វិធី​ណា​ទេ ហើយ​ប្រទេស​អាល្លឺម៉ង់ ជា​ប្រទេស​នីតិរដ្ឋ​មួយ​នៅ​ក្នុង​សហគមន៍​អឺរ៉ុប។ លោក​បន្ត​ថា បើ​មាន​អន្តរាគមន៍​ពី​សមាជិក​សភា​អាល្លឺម៉ង់ មែន​នោះ មាន​ន័យ​ថា អស់​លោក​អាល្លឺម៉ង់ មិន​ចង់​ឲ្យ​កម្ពុជា ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ទេ ដោយ​ហេតុ​ថា លោក ហុង សុខហួរ និង​លោក អ៊ុំ សំអាន មិន​មែន​ជា​អ្នក​ទោស​នយោបាយ​ទេ តែ​លោក​ទាំង​ពីរ​នាក់​នេះ គឺ​ជា​អ្នក​នយោបាយ​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​ធ្ងន់ធ្ងរ ហើយ​ត្រូវ​មាន​ទោស។ លោក​ព្រមាន​ថា ឲ្យ​គិត​មុន​ធ្វើ​អន្តរាគមន៍ ប្រយ័ត្ន​សិស្ស​ប្រជាធិបតេយ្យ​ប្រដៅ​លោក​គ្រូ​ប្រជាធិបតេយ្យ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បដិសេធ​នៅ​ថ្ងៃ​ដដែល​នេះ ដោយ​បញ្ជាក់​ថា ខាង​គណបក្ស​លោក​មិន​មាន​ព័ត៌មាន​អំពី​គម្រោង​អន្តរាគមន៍​របស់​សមាជិក​សភា​អាល្លឺម៉ង់ នេះ​ទេ។

លោក ហុង សុខហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ត្រូវ​បាន​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ៧​ឆ្នាំ ក្រោម​បទ​ចោទ​ចំនួន​៣ ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម។

កាល​ថ្ងៃ​ទី​២៩ ខែ​មិថុនា សាលា​ឧទ្ធរណ៍​ចេញ​សេចក្ដី​សម្រេច​តម្កល់​ការ​ចោទ​ប្រកាន់ និង​ការ​ផ្ដន្ទាទោស​តាម​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​ឲ្យ​លោក ហុង សុខហួរ ជាប់​ឃុំ ៧​ឆ្នាំ​ដដែល។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ហុង សុខហួរ គឺ​លោក​មេធាវី ជូង ជូងី ចាត់​ទុក​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ថា​មិន​បាន​ផ្ដល់​យុត្តិធម៌​សម្រាប់​កូន​ក្ដី​លោក​ទេ ព្រោះ​តុលាការ​មិន​បាន​បញ្ជា​អ្នក​ជំនាញ​ផ្នែក​សន្ធិសញ្ញា​មក​បំភ្លឺ​ក្នុង​សវនាការ។ លោក​បាន​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល បន្ត​ទៀត។

តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​ដីកា​ឲ្យ​ឃុំ​ខ្លួន​លោក ហុង សុខហួរ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥ គឺ ២​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន​ពេល​ដែល​លោក​នៅ​មាន​អភ័យ​ឯកសិទ្ធិ​ជា​សមាជិក​ព្រឹទ្ធសភា​នៅ​ឡើយ។ លោក ហុង សុខហួរ ត្រូវ​បាន​ចោទ​ប្រកាន់​ថា ក្បត់​ជាតិ ដែល​ហ៊ាន​លួច​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម ឆ្នាំ​១៩៧៩ ដោយ​អះអាង​ថា​ជា​សន្ធិសញ្ញា​រំលាយ​ព្រំដែន​ប្រទេស​ទាំង​ពីរ។

រីឯ​លោក អ៊ុំ សំអាន ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ចៅក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤​លាន​រៀល​កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៦ ក្រោម​បទ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​នាំ​ឲ្យ​មាន​ការ​រើសអើង និង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ទាក់ទង​នឹង​ផ្សព្វផ្សាយ​ឯកសារ​ផែនទី​ព្រំដែន​កម្ពុជា-វៀតណាម ក្លែងក្លាយ​តាម​ក្រម​ព្រហ្មទណ្ឌ។ លោក​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ម៉ោង​ជាង ១២​យប់​ថ្ងៃ​អាទិត្យ ទី​១០ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៦ ក្រោយ​ពេល​លោក​វិល​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក មក​ដល់​ខេត្ត​សៀមរាប។ ករណី​លោក កំពុង​ឋិត​នៅ​ក្នុង​សមត្ថកិច្ច​តុលាការ​កំពូល។

លោក ជូង ជូងី មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ខែ​សីហា នេះ លោក​នៅ​មិន​ទាន់​មាន​ព័ត៌មាន​តប​ពី​តុលាការ​កំពូល នៅ​ឡើយ​ទេ សម្រាប់​ករណី​ទាំង​ពីរ​នេះ៕

Advertisements
This entry was posted in Nokor and tagged , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s