អ្នក​ឃ្លាំមើល​ព្រំដែនខ្មែរថា ហ៊ុន សែន ធ្វើឲ្យបាត់បង់ កោះត្រល់ និង កោះក្រចកសេះ ហើយថា វៀតណាម​ ​ប៉ុនប៉ង​លេប​​ទឹក​ដី​កម្ពុជា

ctn_2_vov_ht

ក្រុម​អ្នក​ឃ្លាំមើល​អំពី​បូរណភាព​ទឹក​ដី​កម្ពុជា បាន​ប្រតិកម្ម​ទៅ​នឹង​ ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ស្ដីពី​កម្មវិធី​សហប្រតិបត្តិការ​ រវាង​អង្គការ​រណសិរ្ស​ទាំង ៣ ​ប្រទេស មាន​កម្ពុជា វៀតណាម ឡាវ ថាអាច​ជា​មហិច្ឆតា​របស់​វៀតណាម ក្នុង​ការ​លេប​យក​កម្ពុជា ដើម្បី​ពង្រីក​អំណាច ​សហព័ន្ធ​ឥណ្ឌូចិន។

Update 18-8-2017 /(ដោយ តាំង សារ៉ាដា, RFA, 10th-12-2011)

ក្រុម​អ្នក​ឃ្លាំមើល​អំពី​បញ្ហា​ព្រំដែន​កម្ពុជា នៅ​ឯ​នាយ​សមុទ្រ បាន​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចុះ​អនុស្សរណៈ ស្ដីពី​កម្មវិធី​សហ​ប្រតិបត្តិការ ​រវាង​អង្គការ​រណសិរ្ស​ទាំង​បី​ប្រទេស មាន​កម្ពុជា វៀតណាម ឡាវ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា នោះ​ថា អាច​ជា​ល្បិចកល​របស់​វៀតណាម ក្នុង​ការ​លេប​ត្របាក់​ប្រទេស​កម្ពុជា ហើយ​ពង្រីក​ទឹក​ដី​របស់​ខ្លួន​ប៉ុណ្ណោះ។

អនុស្សរណៈ​រវាង​ប្រទេស​បី​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​កសាង​ ខ្សែ​បន្ទាត់​ព្រំដែន​សន្តិភាព មិត្តភាព និង​សហ​ប្រតិបត្តិការ ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​អះអាង​ថា នេះ​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​វៀតណាម ដើម្បី​ឈាន​ទៅ​រក​ការ​បើក​ចំហ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ដូចគ្នា​ទៅ​នឹង​ការ​បើក​ចំហ​ព្រំដែន ​រវាង​វៀតណាម និង​ឡាវ ដូច្នោះ​ដែរ។

លោក ស៊ាន ប៉េងសែ ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង មាន​ប្រសាសន៍​ថា វៀតណាម​កំពុង​ប្រើ​គ្រប់​រូបមន្ត ដើម្បី​ពង្រីក​ទឹក​ដី​របស់​ខ្លួន ពីព្រោះ​វៀតណាម​មាន​ប្រជាជន​ជាង ៨០​លាន​នាក់ ដែល​ត្រូវ​ការ​ផ្ទៃដី​ថែម​ទៀត ដើម្បី​ចិញ្ចឹម​ប្រជាជន​របស់​គេ។

លោក ស៊ាន ប៉េងសែ៖ «ពីព្រោះ​ខ្ញុំ​ដឹង​យូរ​ហើយ ហើយ​កូនចៅ​របស់​យើង​ទាំង​អស់​គ្នា​ដឹង​យូរ​មក​ហើយ​ថា យួន​ហ្នឹង​មិន​ចង់​ឲ្យ​ខ្មែរ​យើង​ចេញ​ពី​ឥណ្ឌូចិន ដែល​បារាំង ទុក​ឲ្យ​ទេ ពីព្រោះ​ហេតុផល​ធំ​បំផុត​ហ្នឹង វា​មាន​ប្រជាជន​ច្រើន​ណាស់ ជាង ៨០​លាន ហើយ​ឡាវ មាន​មិន​ដល់ ៦ ទៅ ៧​ លាន អី​អ៊ីចឹង​ទៅ ហើយ​ខ្មែរ​យើង​មាន​ប្រជាជន ១៤ លាន​នាក់ ហើយ​ពី ៣ ទៅ ៤​ លាន​ហ្នឹង សុទ្ធតែ​ប្រជាជន​យួន។ ដូច្នេះ​យួន​គាត់​ត្រូវការ​ទឹក​ដី ដើម្បី​ឲ្យ​ប្រជាជន​គេ​មក​នៅ​ជាមួយ​យើង»

អនុស្សរណៈ​ស្ដីពី​កម្មវិធី​សហ​ប្រតិបត្តិការ ​រវាង​អង្គការ​រណសិរ្ស​ទាំង​បី​ប្រទេស​នេះ បាន​ដឹកនាំ​ធ្វើ​ឡើង​ដោយ​លោក ហេង សំរិន ប្រធាន​កិត្តិយស​នៃ​ គណបក្ស​ប្រជាជន​កម្ពុជា ភាគី​វៀតណាម មាន​លោក ហ្វិញ ដាម ប្រធាន​គណៈកម្មាធិការ​មជ្ឈិម​បក្ស​រណសិរ្ស​មាតុភូមិ​វៀតណាម រី​ឯ​ភាគី​ឡាវ មាន​លោក ផាញ់ ដួងចិត្ត វស្សា  ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ ហើយ​ភាគី​ទាំង​បី​បាន​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ថា នឹង​ខិតខំ​ថែ​រក្សា​នូវ​លទ្ធផល​ទាំង​ឡាយ ​ដែល​កើត​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា ដើម្បី​ពង្រីក​ប្រពៃណី​ដ៏​ល្អ​នៃ​ប្រទេស​ទាំង​បី និង​ប្ដេជ្ញា​ចិត្ត​ជួយ​ឧបត្ថម្ភ​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​ស្មារតី សម្ភារៈ និង​ថវិកា រវាង​ថ្នាក់​ជាតិ និង​ថ្នាក់​ជាតិ ថ្នាក់​ខេត្ត និង​ថ្នាក់​ខេត្ត ហើយ​ថ្នាក់​ស្រុក និង​ថ្នាក់​ស្រុក។

របាយការណ៍​របស់​ គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ឲ្យ​ដឹង​ថា កម្ពុជា​តែង​បាត់បង់​ទឹក​ដី​របស់​ខ្លួន ​តាម​រយៈ​ការ​ចុះ​សន្ធិសញ្ញា ឬ​ការ​ចុះ​អនុស្សរណៈ​ផ្សេងៗ ជាមួយ​ប្រទេស​វៀតណាម។ ក្រុម​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា កិច្ច​ព្រមព្រៀង​ព្រំដែន​ទឹក​រវាង​កម្ពុជា ដែល​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​ ៧ ខែ​កក្កដា ឆ្នាំ​១៩៨២ ដោយ​លោក ហ៊ុន សែន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ជាមួយ​លោក ង្វៀង កូថាច់ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​វៀតណាម បាន​បាត់​ព្រំដែន​ទឹក​ទំហំ ៣​ ម៉ឺន​គីឡូម៉ែត្រ​ការ៉េ ហើយ​បាន​ដាក់​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​​រួម​ជាមួយ​វៀតណាម ទំហំ ១​ ម៉ឺន​គីឡូម៉ែត្រ​ការ៉េ ផ្សេង​ទៀត ដើម្បី​រក​រួម​គ្នា​ជាមួយ​វៀតណាម។ កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៨២ នេះ​ បាន​នាំ​ឲ្យ​ខ្មែរ​បាត់បង់​ កោះ​ត្រល់ និង​ កោះ​ក្រចក​សេះរបស់​ខ្លួន ដែល​មាន​ទំហំ​ស្មើ​ប្រទេស​ប៊ែលហ្ស៊ិក (Belgium) ទាំង​មូល។ 
ចំពោះ​សន្ធិសញ្ញា​មួយ​ទៀត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាល​លោក​នៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ធ្វើ​ឡើង​ជាមួយ​លោក ង្វៀង កូថាច់ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀតណាម កាល​ពី​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​១៩៨៥ កំណត់​ហេតុ​របស់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ប្រចាំ​ក្នុង​ប្រទេស​បារាំង បាន​ឲ្យ​ដឹង គឺ​ជា​សន្ធិសញ្ញា​ខុស​ច្បាប់ ព្រោះ​សន្ធិសញ្ញា​នេះ​បាន​ធ្វើ​ឡើង​ខណៈ​កម្ពុជា ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​វៀតណាម។

កំណត់ហេតុ​របស់​ គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ប្រចាំ​ក្នុង​ប្រទេស​បារាំង ចាត់​ទុក​ថា សន្ធិសញ្ញា​ច្បាប់​ឆ្នាំ​១៩៨៥ នេះ បាន​ធ្វើ​ឲ្យ​បាត់​ព្រំដែន​គោក​របស់​កម្ពុជា ប្រមាណ​ពី ៤​ ពាន់ ទៅ ៦ ​ពាន់​គីឡូម៉ែត្រ​ក្រឡា

ទាក់ទិន​ទៅ​នឹង​ការ​ចោទ​ប្រកាន់​អំពី​ការ​បាត់បង់​ទឹក​ដី​ខ្មែរ​នេះ​ដែរ លោក ស៊ាន ប៉េងសែ បាន​បន្ទោស​ទាំង​ស្រុក​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បាន​កាត់​ទឹក​ដី​របស់​ខ្លួន​ទៅ​ឲ្យ​វៀតណាម ដោយ​ខុស​ច្បាប់៖ «ក្មួយ​ឯង​ឃើញ​ស្រាប់​ថា ខ្ញុំ​មាន​អាយុ ៧៤​ឆ្នាំ ហើយ​ថា អ្នក​ណា​ដែល​ហ៊ាន​ទទួល​ស្គាល់​កោះ​ត្រល់ កោះ​ពូលូប៉ងហ្សង់​ហ្នឹង ជា​របស់​យួន​ហ្នឹង រួច​ខ្ញុំ​និយាយ​រួច​ហើយ​ថា អ្នក​ណា​ដែល​ទទួល​ស្គាល់​ដី​ខ្មែរ​ថា ជា​របស់​គេ​ហ្នឹង​គឺ​ជា​មនុស្ស​ក្បត់​ជាតិ អ្នក​ណា​ក៏ដោយ ឪពុក​ខ្ញុំ​ក៏ដោយ។ សម្រាប់​ខ្ញុំ​គិត​ថា លោក ហ៊ុន សែន ជា​មនុស្ស​ក្បត់​ជាតិ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​សេចក្ដី​អត្ថាធិប្បាយ​ពី​លោក ឡេ មិញង៉ុក (Le Minh Ngoc) អ្នក​នាំ​ពាក្យ​នៃ​ស្ថានទូត​វៀតណាម ប្រចាំ​ប្រទេស​កម្ពុជា បាន​ទេ ជុំវិញ​បញ្ហា​នៃ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​អំពី​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន​កម្ពុជា វៀតណាម ឡាវ​នោះ។

អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ន័រវ៉េ (Norway) លោក អៀរ ចាន់ណា មាន​ប្រសាសន៍​ថា កម្ពុជា​តែង​ភ្លេច​ខ្លួន​ពី​ការ​លេប​ទឹក​ដី​របស់​ខ្លួន​ដោយ​ប្រទេស​វៀតណាម ប៉ុន្តែ​វៀតណាម​មិន​ដែល​ភ្លេច​ខ្លួន​ក្នុង​ការ​ឆក់​យក​ទឹក​ដី​ខ្មែរ​ម្ដង​ណា​ឡើយ។

លោក​បន្ត​ថា ការ​ចុះ​អនុស្សរណៈ​រវៀង​កម្ពុជា វៀតណាម ឡាវ ដើម្បី​កសាង​ខ្សែ​បន្ទាត់​ព្រំដែន​សន្តិភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ជា​គ្រោះថ្នាក់​សម្រាប់​កម្ពុជា៖ «ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា មាន​ការ​ព្រួយ​បារម្ភ​ជាង​អ្វី​ទាំង​អស់ លោក ហ៊ុន សែន គណបក្ស​ប្រជាជន​ទាំង​មូល​មិន​ដែល​យក​ផលប្រយោជន៍​ជាតិ​ជា​ធំ​ទេ។ យើង​ឃើញ​ហើយ​ថា គណបក្ស​ប្រជាជន​បាន​ប្រឹងប្រែង​គ្រប់​មធ្យោបាយ​ធ្វើ​ឲ្យ​សន្ធិសញ្ញា​ខុស​ច្បាប់​ទាំង​អម្បាល​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ហ្នឹង ឲ្យ​ក្លាយ​ទៅ​ជា​ស្រប​ច្បាប់ ហើយ​យក​មក​អនុវត្ត​បំពាន​ទៅ​លើ​បូរណភាព​ទឹក​ដី​កម្ពុជា ដែល​ជា​ទឹក​ដី​របស់​ខ្លួន​ឯង​ហ្នឹង ហើយ​ជា​ទង្វើ​ដែល​នាំ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បូរណភាព​ទឹក​ដី​របស់​កម្ពុជា នោះ»

ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ប្រតិកម្ម​ថា ការ​រិះគន់​របស់​ក្រុម​អ្នក​ឃ្លាំមើល​អំពី​ព្រំ​ប្រទល់​កម្ពុជា ទាំង​នោះ គ្រាន់​តែ​នាំ​ឲ្យ​មាន​ការ​ភ័ណ្ឌច្រឡំ ហើយ​ដែល​ជា​ការ​រិះគន់​មិន​បាន​ការ​ប៉ុណ្ណោះ៖ «រដ្ឋាភិបាល​បាន​បង្ហាញ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ទៅ​តាម​សន្តិវិធី ទៅ​តាម​ការ​ចរចា​អី​ហ្នឹង មាន​អី​អាក្រក់? គឺ​យើង​ត្រូវ​ការ​ចរចា។ រឿង​បញ្ហា​ព្រំដែន​យើង​ទៅ​បង្ខំ​គេ​យ៉ាង​ម៉េច ថា​ទេ​ទី​នោះ​ជា​ព្រំដែន​ខ្ញុំ​ទេ យើង​ធ្វើ​ដូច្នេះ​យ៉ាង​ម៉េច​នឹង​កើត។ សូម្បី​ស្រែ​ចម្ការ​យើង​ក៏​ត្រូវ​ការ​ចរចា​រឹតតែ​ច្រើន​ថែម​ទៀត​ហើយ យើង​មាន​ផ្ដិត​មេដៃ ហើយ​យើង​ទៅ​បញ្ជាក់ ហើយ​អ្នក​ជិត​ខាង​ត្រូវ​ទៅ​បញ្ជាក់​ថា អា​ព្រំ​ដី​ហ្នឹង​វា​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​ទេ ទម្រាំ​ពីរ​ដង​បី​ដង​មិន​ទាន់​បាន​កម្មសិទ្ធិ​ផង។ ចុះ​នេះ​រឿង​ព្រំដែន​គ្រាន់​តែ​ដាក់​ប៉ុណ្ណឹង​មាន​ខុស​អី ខ្ញុំ​ដូច​វា​ឆ្ងល់​ដែរ។ ពួក​អ្នក​ទិតៀន​គ្រាន់​តែ​ទិតៀន​ឲ្យ​តែ​គេ​​ចាប់​អារម្មណ៍ ​ដែល​បាន​ការ​អី​ទេ? ពាក្យ​គេ​ថា ឆ្កែ​ចេះ​តែ​ព្រូស​មនុស្ស​ចេះ​តែ​ដើរ»

កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ កន្លង​ទៅ​នេះ កម្ពុជា និង វៀតណាម បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ប្ដេជ្ញា​បន្ត​ប្រពៃណី​មិត្តភាព សាមគ្គីភាព និង​សហ​ប្រតិបត្តិការ​ជាមួយ​គ្នា​យូរ​អង្វែង​ទៅ​មុខ​ទៀត។ ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​ពី​ភាព​ប្ដេជ្ញា​ចិត្ត​រៀងៗ​ខ្លួន ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​កំណត់​ព្រំដែន និង​បោះ​បង្គោល​ព្រំដែន​គោក​នៃ​ប្រទេស​ទាំង​ពី​ឲ្យ​បាន​ឆាប់។

សេចក្ដី​ថ្លែងការណ៍​រួម​នោះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​បង្កើន​ជំនួប និង​ទំនាក់ទំនង​រវាង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ជា​ប្រចាំ។ បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​អង្គការ​នីតិប្បញ្ញត្តិ និង​នីតិ​ប្រតិបត្តិ​នៃ​ប្រទេស​ទាំង​ពីរ។ លើក​ទឹក​ចិត្ត​ដល់​ការ​បើក​ទូលាយ​កិច្ច​សហប្រតិបត្តិការ​ជួយ​ឧបត្ថម្ភ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​អង្គការ​មហាជន និង​ជា​អាជ្ញាធរ​មូលដ្ឋាន​តាម​ព្រំដែន ហើយ​ជា​ពិសេស គឺ​រវាង​យុវវ័យ​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

ប្រធាន​សហព័ន្ធ​ខ្មែរ​ក្រោម​ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋ​ញូវចេស្ស៊ី (New Jersey) សហរដ្ឋ​អាមេរិក លោក ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​វៀតណាម នៅ​តែ​ប្រើ​យុទ្ធសាស្ត្រ​របស់​ហូជីមិញ ដែល​មាន​ឈ្មោះ​ថា ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច ក្នុង​មហិច្ឆតា​លេប​យក​កម្ពុជា និង​ឡាវ ដើម្បី​ពង្រីក​អំណាច​សហព័ន្ធ​ឥណ្ឌូចិន។

លោក​ថ្លែង​ថា ពលរដ្ឋ​ខ្មែរ​កណ្ដាល​សព្វថ្ងៃ​ត្រូវ​តែ​ភ្ញាក់​ខ្លួន ដើម្បី​ទប់ទល់​នឹង​គ្រោះ​កាច​អាសន្ន​កំពុង​មក​ដល់ ហើយ​ខ្មែរ​ទាំង​អស់​ត្រូវ​ចេះ​រួបរួម​គ្នា​ស្រោចស្រង់​ប្រទេស​ជាតិ​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​បាត់​បង់​ដូច​ទឹក​ដី​ខ្មែរ​ក្រោម​ទៀត។

លោក ថាច់ ង៉ុកថាច់៖ «នេះ​ជា​ផែនការ​របស់​រដ្ឋាភិបាល​យួន ទៅ​តាម​គន្លង​ផែនការ​របស់​ហូជីមិញ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ទាំង​បី​ទៅ​ជា​សហព័ន្ធ​ឥណ្ឌូចិន ម្ល៉ោះ​ហើយ​ឃើញ​គេ​មាន​សហការ​ជា​ស្រេច ដូច​ដែល​យើង​បាន​ឃើញ​ទីក្រុង​មួយ​ទៅ​ទីក្រុង​មួយ។ ឧទាហរណ៍​ដូចជា​ទីក្រុង​ភ្នំពេញ ទៅ​ទីក្រុង​ព្រៃនគរ ដែល​សព្វថ្ងៃ​ហៅ​ថា ហូជីមិញ ហើយ​ខេត្ត​តាម​ខេត្ត​ ស្រុក​តាម​ស្រុក។ នេះ​ជា​ភាព​អាសន្ន​មួយ​ដែល​បង​ប្អូន​ខ្មែរ​យើង​ទាំង​អស់ ទាំង​នៅ​ក្នុង​ប្រទេស ក្រៅ​ប្រទេស ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន។ យើង​ឃើញ​អនុសញ្ញា​បន្ថែម​ដែល​យើង​ឃើញ​គេ​ធ្វើ​ឲ្យ​មាន​ការ​ប្ដូរ​ទាំង​ពី​វប្បធម៌ អរិយធម៌​ទៅ​វិញ​មក។ ការ​បើក​ឲ្យ​មាន​ព្រំដែន​ទូលំទូលាយ​ធ្វើ​ឲ្យ​ជន​ជាតិ​យួន ហូរ​ចូល​ទឹក​ដី​ខ្មែរ​រាប់​ម៉ឺន​រាប់​ពាន់​នាក់ ដែល​នេះ​ជា​គ្រោះថ្នាក់​មួយ​សម្រាប់​ប្រទេស​ខ្មែរ​យើង»

លោក ថាច់ ង៉ុកថាច់ បន្ត​ថា យុទ្ធសាស្ត្រ​ធំៗ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច​របស់​អតីត​ប្រធានាធិបតី​វៀតណាម ហូជីមិញ រួម​មាន​ការ​ជំរុញ​ប្រជាជន​វៀតណាម ទៅ​បោះ​ទីតាំង​មុន​ទើប​រដ្ឋាភិបាល​ចូល​ក្រោយ។ ការ​ប្រែក្លាយ​ពូជ​សាសន៍​វប្បធម៌​ប្រពៃណី​ទំនៀបទំលាប់។ ការ​ធ្វើ​ឲ្យ​មាន​អសន្តិសុខ​វិឆេតកម្ម និង​ឧក្រិដ្ឋកម្ម ក្នុង​សង្គម រួម​និង​ការ​បន្លំ​យក​ដី​ធ្លី​ក្នុង​លក្ខណៈ​ស្រប​ច្បាប់​ជាដើម។

ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា ប្រសិន​កម្ពុជា មិន​មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ វា​អាច​នាំ​ឲ្យ​មាន​ការ​ថ្លោះធ្លោយ​ទៅ​ថ្ងៃ​មុខ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​អាច​បណ្ដោយ​ឲ្យ​បញ្ហា​នោះ​កើត​បាន​ទេ។

លោក វ៉ា គឹមហុង៖ «យើង​ទាំង​អស់​ដឹង​ហើយ​ថា ប្រសិន​បើ​មិន​មាន​ការ​ប្រុងប្រយ័ត្ន នោះ​វា​អាច​ថ្លោះធ្លោយ។ ប៉ុន្តែ​មាន​សម្ដេច​តេជោ​ជា​អ្នក​ដឹកនាំ​គិត​ថា លោក​មិន​បាន​គិត​ពី​រឿង​អស់​ទាំង​ហ្នឹង​ទេ បើ​មិន​អ៊ីចឹង​ទេ​លោក​មិន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទេ។ លោក​នាយករដ្ឋមន្ត្រី​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​អស់​នៅ​ក្នុង​កិច្ចការ​គ្រប់​ជំនាញ។ លោក​មិន​បណ្ដែតបណ្ដោយ​ឲ្យ​គេ​លេប​ទឹក​ដី​ទេ គ្រាន់​តែ​ថា បណ្តាំ​ហូជីមិញ​អី​ហ្នឹង ចុះ​អា​រឿង​ការ​ដាក់​អាណានិគម​អី​ហ្នឹង ហេតុ​អី​យើង​មិន​ខ្លាច​គេ​ដាក់​អាណានិគម​ហ្នឹង​ទៀត​ទៅ?»

នៅ​ក្នុង​អង្គ​សវនាការ​ជំនុំជម្រះ​ ក្រុម​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម កាល​ពី​ដើម​ខែ​ធ្នូ លោក នួន ជា បង​ធំ​ទី​២ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​ឆ្លើយ​បន្ទោស​វៀតណាម​ថា បាន​បង្ក​ឲ្យ​មាន​ភាព​ច្របូកច្របល់​នៅ​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​១៩៧៥ ហើយ​ថា វៀតណាម​កំពុង​ប្រើ​យុទ្ធសាស្ត្រ​ពស់​ថ្លាន់​រឹត​កូន​ឈ្លូស​ឲ្យ​ទន់​ឆ្អឹង រួច​លេប​តែម្ដង។

អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា លោក ឡេ មិញ ង៉ុក បាន​ជំទាស់​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក នួន ជា លោក​ធ្លាប់​បាន​ថ្លែង​ប្រាប់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ថា លោក នួន ជា កំពុង​ប្រើ​ពាក្យ​មួល​បង្កាច់ ហើយ​ថា កងទ័ព​វៀតណាម កាល​ណោះ​គឺ​ជា​អ្នក​រំដោះ​កម្ពុជា​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍ ដែល​មិន​មាន​គំនិត​លេប​ទឹក​ដី​កម្ពុជា នោះ​ទេ។

ទន្ទឹម​នឹង​គ្នា​នេះ​ផង​ដែរ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ខាង​កិច្ចការ​ព្រំដែន​ក៏​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ ហើយ​បញ្ជាក់​ថា ការ​ចុះ​អនុស្សរណៈ​ស្ដីពី​កម្មវិធី​សហប្រតិបត្តិការ​កម្ពុជា វៀតណាម ឡាវ នោះ គឺ​ជា​យន្តការ​ល្អ​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​បី​ដោយ​សន្តិវិធី៕

Advertisements
This entry was posted in Nokor and tagged , , , , , , , , , . Bookmark the permalink.

One Response to អ្នក​ឃ្លាំមើល​ព្រំដែនខ្មែរថា ហ៊ុន សែន ធ្វើឲ្យបាត់បង់ កោះត្រល់ និង កោះក្រចកសេះ ហើយថា វៀតណាម​ ​ប៉ុនប៉ង​លេប​​ទឹក​ដី​កម្ពុជា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s