ព្រឹទ្ធសមាជិកអាមេរិក John McCain ថ្លែងថា ហ៊ុន សែន ប្រើយុទ្ធសាស្ដ្រ ផ្ដាច់ការ បំបិទសម្លេងប្រឆាំង មុនការបោះឆ្នោតជាតិ

Phot345345frgeso_Template_872x562

សមាជិកព្រឹទ្ធសភាអាមេរិក John McCain ថ្លែងថា ហ៊ុន សែន ប្រើយុទ្ធសាស្ដ្រ ផ្ដាច់ការ បំបិទសម្លេងប្រឆាំង មុនការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ចំពេលរដ្ឋាភិបាល ហ៊ុន សែន ប្រើលេសនានា ចាត់វិធានការយ៉ាងក្រពុលមុខ លើអង្គការសង្គមស៊ីវិល និងបណ្តាញផ្សព្វផ្សាយឯករាជ្យ នៅប៉ុន្មាថ្ងៃនេះ។


សមាជិកព្រឹទ្ធសភាអាមេរិក៖ លោក ហ៊ុន សែន នឹងប្រើយុទ្ធសាស្ដ្រ ផ្ដាច់ការបំបិទសំឡេងប្រឆាំង

(VOD, ដោយ ពេជ្រ ចំរុង, 25-8-2017)

សមាជិកព្រឹទ្ធិសភា ដ៏មានឥទ្ធិពលម្នាក់ នៅសហរដ្ឋអាមេរិក រិះគន់ថា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កំពុងភ័យខ្លាចការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខ ដោយថា លោកនឹងប្រើមធ្យោបាយបែបផ្ដាច់ការ ដើម្បីបំបិទសំឡេងប្រឆាំង។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៣ សីហា បានសម្រេចបិទអង្គការអាមេរិកមួយឈ្មោះ «វិទ្យាស្ថានជាតិប្រជាធិបតេយ្យ» ឬ «NDI» ដោយចោទអង្គការនេះថា មិនបានចុះបញ្ជីត្រឹមត្រូវ និងខកខានកាតព្វកិច្ចបង់ពន្ធ។

ក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃទី២៤ សីហា ម្សិលមិញ ព្រឹទ្ធិសភាសហរដ្ឋអាមេរិក និងជាប្រធានគណៈកម្មការសេវាកងទ័ពនៃព្រឹទ្ធសភា លោក John McCain បានបង្ហាញក្ដីបារម្ភអំពីការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន បានបណ្ដេញបុគ្គលិកអង្គការ NDI ចេញពីប្រទេស។

លោក John McCain យល់ថា លោក ហ៊ុន សែន កំពុងព្យាយាមបំបិទសំឡេងភាគី នៃលទ្ធិប្រជាធិបតេយ្យ ធ្វើបាបក្រុមអង្គការសង្គមស៊ីវិល និងរិតត្បិតសិទ្ធិសេរីភាពសារព័ត៌មាន នៅមុនការបោះឆ្នោតថ្នាក់ជាតិ នាឆ្នាំក្រោយ។ លោកថា៖ «នេះគឺជាសកម្មភាពចុងក្រោយបង្អស់ ក្នុងយុទ្ធនាការរបស់រដ្ឋាភិបាល ដើម្បីបំបិទសំឡេងភាគី នៃលទ្ធិប្រជាធិបតេយ្យ យីយាដល់ក្រុមសង្គមស៊ីវិល និងរឹតបន្តឹងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីរារាំងដល់ដំណើរការបោះឆ្នោតជាតិដោយចំហ និងសេរីនៅឆ្នាំក្រោយ។ តាមរយៈការបណ្តេញបុគ្គលិកអង្គការ  NDI នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន គឺកំពុងបង្ហាញថា គាត់ភ័យខ្លាចសង្គមមួយ ដែលមានការបើកចំហ និងការពិភាក្សាដេញដោល។ ហើយថា លោក ហ៊ុន សែន នឹងហ៊ានប្រើយុទ្ធសាស្ដ្របែបផ្ដាច់ការ ដើម្បីគាបសង្កត់ពួកគេ»។

លោកអះអាងថា NDI ជាអង្គការដ៏សំខាន់មួយ ដែលធ្វើការផ្នែកលទ្ធិប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋ នៅលើពិភពលោក ដោយថា អង្គការមនុស្សធម៌មួយនេះ បានជួយធានានូវសុចរិតភាពនៃដំណើរបោះឆ្នោត នៅប្រទេសកម្ពុជាផងដែរ។

នៅថ្ងៃតែមួយនៃការបិទអង្គការ NDI ស្ថានទូតអាមេរិកប្រចាំកម្ពុជា និងក្រសួងការបរទេសអាមេរិក បានលើកឡើងនូវក្ដីបារម្ភ ជុំវិញបញ្ហាប្រជាធិបតេយ្យដ៏ក្មេងខ្ចីរបស់កម្ពុជា ដោយពួកគេចោទសួរថា «តើប្រទេសកម្ពុជាមានការប្តេជ្ញាចិត្ត ចំពោះលទ្ធិប្រជាធិបតេយ្យ ដែរឬទេ?» និងថា ប្រជាធិបតេយ្យដើរទៅមុខ ឬថយក្រោយ គឺកម្ពុជាខ្លួនឯង ជាអ្នកសម្រេច។

ទូតអាមេរិកប្រចាំកម្ពុជាថា អង្គការ NDI មានអនុស្សារណៈយោគយល់ត្រឹមត្រូវ​ និងថា អង្គការនេះ បានដាក់ពាក្យស្នើសុំចុះបញ្ជីជាមួយក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២១ កញ្ញា ឆ្នាំ២០១៦ ប៉ុន្ដែមិនទាន់ទទួលបានការឆ្លើយតប ពីក្រសួងការបរទេសខ្មែរឡើយ មកទល់ពេលនេះ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី មិនអាចទាក់ទងបានទេ ចាប់ពីថ្ងៃប្រកាសបិទអង្គការ NDI មក។

អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន លើកឡើងថា ការបិទអង្គការ NDI និងការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយ កាលពីពេលថ្មីៗនេះ គឺដោយសារពួកគេមានទំនោរទៅរកគណបក្សប្រឆាំង និងថា បានរំលោភច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ លោកថា នេះជាការអនុវត្តច្បាប់ ក្នុងសង្គមប្រជាធិបតេយ្យ។ លោកថា៖ «គាត់ថា យើងរដ្ឋាភិបាលអ្នកបំបាត់សំឡេងខាងប្រឆាំង អញ្ចឹងបានសេចក្ដីថា អាអង្គការ NDI IRI ស្អីហ្នឹង អាហ្នឹងសុទ្ធតែខាងប្រឆាំងហើយ អាហ្នឹងមិនខុសទេ ការបិទហ្នឹង ពីព្រោះអ្នកឯងលម្អៀងខាងនយោបាយ មិនគោរពលក្ខន្ដិករបស់ខ្លួន ដែលតម្កល់នៅក្រសួងការបរទេស ហើយនៅក្រសួងមហាផ្ទៃ ដល់អញ្ចឹងឲ្យធ្វើការម៉េចកើត មានយុត្តិធម៌សង្គមមកពីណា ហើយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនហ្នឹង ក៏លម្អៀងខាងនយោបាយដែរ ហើយមិនគោរពច្បាប់ទៅទៀត ថាតើឲ្យយើងអនុវត្តនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យម៉េចកើត»។

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថា កម្ពុជាហាក់កំពុងយកគំរូតាមប្រទេសរុស្ស៊ី ដែលចោទអាមេរិកថា បានបង្កើតចលនាបដិវត្តន៍ពណ៌ ផ្ដួលរំលំរដ្ឋាភិបាល។ លោកថា គំរូនេះ ស្ដែងឡើងតាមរយៈការបិទអង្គការ NDI របស់អាមេរិក ការរិតត្បិតក្រុមអង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មាន ដោយថា ដើម្បីឲ្យបក្សកាន់អំណាច អាចយកឈ្នះការបោះឆ្នោតនាពេលខាងមុខ។

លោកថា៖ «គឺរបៀបអញ្ចឹង ហើយក៏ប្រហែលជាមានឥទ្ធិពលមកលើរបបគ្របគ្រង់ក្នុងប្រទេសកម្ពុជា […] វិធានការសព្វថ្ងៃ ដូចជា NDI គឺក្នុងក្របខណ្ឌ គោលនយោបាយដែលប្រឆាំង ឬបដិវត្ដន៍ពណ៌ ការផ្លាស់ប្ដូររបប ដែលគេយល់ថា អង្គការទាំងនោះ ជួយឲ្យមានបដិវត្ដន៍ពណ៌។ ហើយខាងប្រព័ន្ធផ្សព្វផ្សាយក៏អញ្ចឹងដែរ វានៅក្នុងក្របខណ្ឌហ្នឹង ដើម្បីកាត់បន្ថយហានិភ័យក្នុងការផ្លាស់ប្ដូររបប»។

នៅថ្ងៃសុក្រនេះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ (Human Rights Watch) បានចេញថ្លែងការណ៍រិះគន់រដ្ឋាភិបាលកម្ពុជា ដោយថា លោក ហ៊ុន សែន គួរបញ្ឈប់សកម្មភាពគំរាមកំហែងទាំងនេះ ដោយថា បើពុំដូច្នោះទេ លទ្ធផលបោះឆ្នោតឆ្នាំ២០១៨ នឹងពុំអាចជឿទុកចិត្តបានឡើយ។

ទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែមានភាពរង្គោះរង្គើខ្លាំងឡើងៗ ដោយប្រតិកម្មរបស់សហរដ្ឋអាមេរិក ជុំវិញការបិទអង្គការ NDI ត្រូវបានមន្ដ្រីរដ្ឋាភិបាលចោទថា ជាការញុះញង់ និងព្រមានធ្វើបាតុកម្មតវ៉ា នៅមុខស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាទៀតផង។

ការបិទអង្គការ NDI ធ្វើឡើងបន្ទាប់ពីអង្គភាពសារព័ត៌មាន ដែលគេថា ស្និទ្ធនឹងរដ្ឋាភិបាល បានចុះផ្សាយ ដោយថា អង្គការ NDI បានជួយរៀបចំនិងជ្រោមជ្រែងឲ្យគណបក្សប្រឆាំង ផ្ដួលរំលំរដ្ឋាភិបាល ក្នុងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ ខាងមុខ៕

Advertisements
This entry was posted in Nokor and tagged , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s