អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ថា​លោក ហ៊ុន សែន កំពុង​មាន​បញ្ហា​ផ្លូវ​ចិត្ត

Wnv87v2K

(RFA, 26-8-2017, ដោយ តាំង សារ៉ាដា)

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក​ការ​ធ្វើ​ទុក្ខបុកម្នេញ​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​សារព័ត៌មាន​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ថា​ជា​ការ​ភ័យ​ខ្លាច​ចាញ់​ការ​បោះឆ្នោត​សកល​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

​នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ថា លោក ហ៊ុន សែន កំពុង​មាន​បញ្ហា​ផ្លូវ​ចិត្ត ដោយសារ​តែ​វិបត្តិ​មិន​ទុក​ចិត្ត​អ្នក​ដទៃ និង​បារម្ភ​ពី​ការ​ផ្សាយ​ព័ត៌មាន​ពិត​របស់​បណ្ដាញ​ព័ត៌មាន​ឯករាជ្យ និង​សង្គម​ស៊ីវិល។

លោក ហ្វីល រ៉ូប៊ឺតសុន៖ «វា​ច្បាស់​ណាស់​ទៅ​ហើយ​ដែល​រដ្ឋាភិបាល​គិត​ថា ខ្លួន​កំពុង​ស្ថិត​ក្នុង​ការ​គំរាមកំហែង​ដោយសារ​ការ​ផ្សព្វផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក និង​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily)។ បណ្ដាញ​សារព័ត៌មាន​ទាំង​នេះ​ហើយ​បាន​បង្ហាញ​ការ​បំភិតបំភ័យ​ដល់​លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជាង ៣០​មក​ម្ល៉េះ។ ខ្ញុំ​គិត​ថា លោក ហ៊ុន សែន ក៏​កំពុង​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​ត្រដរ​ខ្យល់ ព្យាយាម​ការពារ​បក្ស និង​គ្រួសារ​របស់​គាត់​ដើម្បី​អំណាច​ដែល​នាំ​ឲ្យ​គាត់​ភ្លេច​គិត​ថា គាត់​ជា​អ្នក​តំណាង​របស់​ប្រជាពលរដ្ឋ»

​លោក​បន្ត​ថា នយោបាយ​របស់​លោក ហ៊ុន សែន ​កំពុង​បោះពួយ​ឈ្មោះ​ទៅ​រក ​របប​ផ្ដាច់ការ ​យ៉ាង​ពិត​ប្រាកដ។

នៅ​ចុង​ខែ​សីហា នេះ រដ្ឋាភិបាល​បាន​សម្រេច​បញ្ឈប់​សកម្មភាព និង​បណ្ដេញ​បុគ្គលិក​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ចេញ​ពី​កម្ពុជា ដោយ​ចោទ​ថា វិទ្យាស្ថាន​ដែល​គាំទ្រ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​របស់​អាមេរិក​មួយ​នេះ រួម​ដៃ​ជាមួយ​បក្ស​ប្រឆាំង​ក្នុង​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល។ បន្ទាប់​មក​ទៀត គឺ​ការ​ទាមទារ​ពន្ធ​រាប់​លាន​ដុល្លារ​ពី​កាសែត ឌឹ ខេមបូឌា ដេលី និង​ការ​បិទ​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ដែល​វិទ្យុ​ទាំង​នោះ​ជួល​ម៉ោង​អោយ​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD)។

លោក ហ្វីល រ៉ូប៊ឺតសុន បន្ត​ថា វិធានការ​ចុង​ក្រោយ​របស់​លោក ហ៊ុន សែន គឺ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​រូប​ភាព​ដ៏​កខ្វក់​ដើម្បី​យក​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ តាម​រយៈ​ការ​ដឹក​នាំ​ដោយ​កណ្ដាប់ដៃ​ដែក។

ចំណែក​លោក​បណ្ឌិត អៀ សុផល ដែល​ជា​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​កាលីហ្វ័រញ៉ា (California) និង​ជា​អ្នក​ជំនាញ​ខាង​ផ្នែក​អាស៊ី​ភាគ​អាគ្នេយ៍ បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ការ​ធ្វើ​ទុក្ខទោស​ដល់​ក្រុម​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត និង​ក្រុម​អ្នក​សារព័ត៌មាន​ដែល​តែង​ជួយ​ដល់​កិច្ចការ​សង្គម​នៅ​មុន​ការ​បោះឆ្នោត​២០១៨ នេះ នឹង​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​ដល់​ការ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ៖ «ពិត​ប្រាកដ​ណាស់ គឺ​ពលរដ្ឋ​នឹង​បាត់បង់​ផលប្រយោជន៍​លែង​បាន ស្ដាប់​សំឡេង​របស់​អ្នក​នៅ​តាម​ស្ថានីយ​វិទ្យុ​ទាំង​ឡាយ​ក៏​ដូចជា​លែង​បាន​ទទួល​ផល​ប្រយោជន៍​ពី NDI ដែល​ផ្ដល់​ការ​វាយ​តម្លៃ​យ៉ាង​ច្បាស់​លាស់​ក្នុង​នាម​ជា​ភាគី​ទី​បី​បាន​ឃ្លាំមើល​ការ​បោះឆ្នោត។ ប៉ុន្តែ​រដ្ឋាភិបាល​អាច​ជួល​អង្គការ​ឃ្លាំមើល និង​វាយ​តម្លៃ​ការ​បោះឆ្នោត​ផ្សេង​ឲ្យ​មក​និយាយ​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា ធ្វើ​ឡើង​ដោយ​សេរី និង​យុត្តិធម៌ ដោយ​មិន​បាន​ចំណាយ​ពេល​អ្វី​នៅ​ក្នុង​ប្រទេស​ផង។ អង្គការ​ទាំង​នោះ​គ្រាន់​តែ​ចំណាយ​ពេល​ពីរ​បី​ថ្ងៃ​មុន​ការ​បោះឆ្នោត និង​ពីរ​បី​ថ្ងៃ​ក្រោយ​ការ​បោះឆ្នោត​ហើយ​ក៏​ចាក​ចេញ​ទៅ»

ឆ្លើយ​តប​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​កម្ពុជា នេះ ក្រសួង​ការបរទេស​អាមេរិក កាល​ពី​ដើម​សប្ដាហ៍​នេះ​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង​នៃ​បរិយាកាស​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ។ កាល​ពីរ​បី​ខែ​មុន កម្ពុជា​ទើប​តែ​ទទួល​បាន​ការ​ទទួល​ស្គាល់​ជា​ទូទៅ​ថា រៀបចំ​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​មួយ​ដែល​មាន​តម្លាភាព និង​ស្ងប់ស្ងាត់​ល្អ។ ប៉ុន្តែ​ពីរ​សប្ដាហ៍​កន្លង​ទៅ​នេះ អ្វី​ដែល​គេ​ទទួល​ស្គាល់​ថា ល្អ ប្រែ​ជា​ល្អក់កករ ដោយសារ​តែ​ចំណាត់​ការ​រដ្ឋាភិបាល​ក្នុង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល។

​ក្រសួង​ការបរទេស​អាមេរិក ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​វិទ្យាស្ថាន NDI និង​កាសែត ឌឹ ខេមបូឌា ដេលី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដទៃ​ទៀត​អាច​បន្ត​សកម្មភាព​ដ៏​សំខាន់​របស់​ពួកគេ ដើម្បី​ជួយ​ជំរុញ​ឲ្យ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

​មិន​ត្រឹមតែ​រដ្ឋាភិបាល​អាមេរិក​ទេ តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក ក៏​ថ្កោលទោស​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា ដែរ។

ប្រធាន​គណៈកម្មាធិការ​ខាង​កិច្ចការ​បរទេស​របស់​សភា​សហរដ្ឋអាមេរិក លោក អេដ រ៉យ (Ed Royce) កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា បាន​ហៅ​របប​ដឹក​នាំ​របស់​លោក ហ៊ុន សែន ថា​ជា​របប​ព្រៃផ្សៃ​ដែល​កំពុង​សំដៅ​រក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ ដែល​នៅ​សេសសល់​តិចតួច និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​លើក​ស្ទួយ​តម្លៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក អេដ រ៉យ (Ed Royce) អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក គាំទ្រ​ប្រជាពលរដ្ឋ​ខ្មែរ​ហើយ ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​នាំ​ប្រទេស​ធ្លាក់​ទៅ​របប​ផ្ដាច់ការ។

​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​អត្ថាធិប្បាយ​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឆ្លើយ​តប​នឹង​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​របស់​អាមេរិក នៅ​ឡើយ​ទេ។ ប៉ុន្តែ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ បាន​ចេញ​លិខិត​ចំហ​មួយ​វាយ​ប្រហារ​ធ្ងន់ៗ​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុន (Washington) ដោយ​ចោទ​ប្រកាន់​ថា កំពុង​ធ្វើ​នយោបាយ​ស្មោកគ្រោក និង​ព្រៃផ្សៃ​ក្នុង​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។ ក្នុង​លិខិត​ចំហ​នេះ​បន្ត​ថា ពលរដ្ឋ​ខ្មែរ​យល់​ដឹង​អំពី​ដំណើរការ​ប្រជាធិបតេយ្យ​នេះ ហើយ​សហរដ្ឋអាមេរិក មិន​ចាំបាច់​មក​បង្គាប់​បញ្ជា​ពួកគេ​ថា ត្រូវ​ធ្វើ​អ្វី​នោះ​ទេ។

​ផ្ទុយ​ទៅ​វិញ លោក ហ្វីល រ៉ូប៊ឺតសុន អះអាង​ថា ការ​ខឹងសម្បា​របស់​លោក ហ៊ុន សែន ចំពោះ​សហរដ្ឋអាមេរិក អាច​ដោយសារ​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ (Donald Trump) មិន​យក​ចិត្ត​ទុក​ដាក់​នឹង​លោក ហ៊ុន សែន ខណៈ​មេដឹកនាំ​ប្រទេស​ថៃ និង​វៀតណាម ត្រូវ​បាន​អញ្ជើញ​មក​កាន់​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន៖ «គួរ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ណាស់ ខណៈ​ប្រទេស​ជិត​ខាង​របស់​គាត់ ដូចជា​មេដឹកនាំ​យោធា​របស់​ថៃ និង​មេដឹកនាំ​ប្រទេស​វៀតណាម ដែល​ជា​ប្រទេស​កុម្មុយនិស្ត​ផ្ដាច់ការ​មាន​បក្ស​តែមួយ ត្រូវ​បាន​គេ​អញ្ជើញ​មក​សេតវិមាន រី​ឯ​លោក ហ៊ុន សែន វិញ​មិន​បាន​ទទួល​ការ​អញ្ជើញ​អ្វី​ទាំង​អស់។ តើ​លោក​ដឹង​ទេ​ថា ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន មិន​សូវ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក ដោយសារ​គោលនយោបាយ​ការបរទេស​របស់​អាមេរិក ព្យាយាម​លុប​បំបាត់​មេដឹកនាំ​ទាំង​ឡាយ​ណា​ដែល​រំលោភ​សិទ្ធិ​មនុស្ស​នៃ​ពលរដ្ឋ​របស់​ខ្លួន»

​ជុំវិញ​ការ​ធ្វើទុក្ខបុកម្នេញ​បណ្ដាញ​សារព័ត៌មាន និង​សង្គម​ស៊ីវិល​នេះ​ដែរ ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) កាល​ពី​ថ្ងៃ​សុក្រ ទី​២៥ ខែ​សីហា បាន​ព្រមាន​ថា ការ​បិទ​ទ្វារ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ធ្វើ​ឡើង​មិន​ស្របតាម​នីតិវិធី​ត្រឹមត្រូវ ហើយ​ធ្វើ​ឲ្យ​ស្ថានភាព​របស់​អ្នក​ការពារ​សិទ្ធិមនុស្ស និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា ជា​ច្រើន​ទៀត​កាន់​តែ​យ៉ាប់យ៉ឺន។

​អង្គការ​សហប្រជាជាតិ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធានា​ពេញលេញ​នូវ​ការ​គោរព​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ព្រម​ទាំង​សេរីភាព​សារព័ត៌មាន មុន​ពេល​​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ចូល​មក​ដល់៕

Advertisements
This entry was posted in Nokor and tagged , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s