បក្ស​ប្រឆាំង ច្រានចោលការចោទប្រកាន់ រឿង​ជន​បរទេស​ បង្កប់​ក្នុង​បក្ស ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល ហ៊ុន សែន

211498

រដ្ឋាភិបាល បក្សកាន់អំណាច CPP ថ្មីៗនេះប្រើយុទ្ធសាស្រ្តទុច្ចរិត ចោទប្រកាន់ និងបិទវិទ្យាស្ថានប្រជាធិបតេយ្យ NDI ហើយនិងបញ្ជាឲ្យផ្អាកការផ្សាយ​ បណ្តាញព័ត៌មានឯករាជ្យមួយចំនួនទៀត ដែលបណ្តាលឲ្យមានការថ្កោលទោស ពីជុំវិញពិភពលោក ទៅលើការរំលោភសិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មាន។ យុទ្ធសាស្រ្តដដែលនេះ ត្រូវរដ្ឋាភិបាល ហ៊ុន សែន បន្តប្រើប្រាស់ ដើម្បីបង្ក្រាបគណបក្សប្រឆាំង តាមរបៀបថ្មី ក្នុងគោលបំណង បំបិទសម្លេងប្រឆាំង ក្នុងការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៨។
#គួររំលឹកថា បក្សប្រឆាំង បានឈ្នះការបោះឆ្នោតឃុំសង្កាត់ ខែមិថុនា ឆ្នំាំ២០១៧ ថ្មីៗនេះ ជិត ៥០០ កៅអីមេឃុំចៅសង្កាត់ ដែលធ្វើឲ្យបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បរាជ័យគួរឲ្យកត់សម្គាល់ គឺកៅអីមេឃុំចៅសង្កាត់របស់ខ្លួន ជិត ៥០០ ឯនោះ។ (អត្ថបទដោយ ម៉ែន ណាត)


បក្ស​ប្រឆាំង ​ប្រតិកម្ម​​នឹង​ការ​ចោទ​ថា​ មាន​ជន​បរទេស​បង្កប់​ក្នុង​បក្ស​ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល

(RFA, 26-8-2017, ដោយ ដោយ ម៉ម មុនីរតន៍)

គណបក្ស​សង្គ្រោះ​ជាតិ ប្រតិកម្ម​ប្រឆាំង​ការ​ចោទ​ប្រកាន់​ថា មាន​ជន​បរទេស​កំពុង​សហការ​ជាមួយ​បក្ស​ប្រឆាំង​ រៀបចំ​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ការ​បញ្ជាក់​ពី​ជំហរ​ដូច​នេះ ស្រប​ពេល​សារព័ត៌មាន​មួយ​ចំនួន​ដែល​គាំទ្រ​រដ្ឋាភិបាល ចុះ​ផ្សាយ​ដោយ​ចោទ​ប្រកាន់​ថា មាន​ជន​បរទេស​កំពុង​បង្កប់​ខ្លួន​នៅ​ក្នុង​បក្ស​ប្រឆាំង និង​នៅ​កៀក​នឹង​កូន​ស្រី​លោក កឹម សុខា ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ផ្ដួល​រំលំ​រដ្ឋាភិបាល។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ការពារ​ពី​ភាព​ស្អាតស្អំ​របស់​បក្ស​ប្រឆាំង​ថា ជា​គណបក្ស​ដែល​ធ្វើ​នយោបាយ​ដោយ​ស្មោះត្រង់ ហើយ​ការ​ផ្លាស់ប្ដូរ​ដែល​បក្ស​ប្រឆាំង​ចង់​បាន​នោះ គឺ​តាម​របៀប​នៃ​ការ​បោះឆ្នោត​តែ​មួយ​មុខ​ប៉ុណ្ណោះ។

ប្រតិកម្ម​របស់​លោក យឹម សុវណ្ណ នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ធ្វើ​ឡើង​ស្រប​ពេល​បណ្ដាញ​ព័ត៌មាន​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល បន្ត​វាយ​ប្រហារ​ផ្ទួនៗ ដោយ​ចោទ​ប្រកាន់​ថា មាន​ចារកម្ម​បរទេស​ឈ្មោះ ចេហ្វហ្រេ ខេន (Jeoffrey Cain) ជ្រក​ក្រោម​ស្លាក​អ្នក​អ្នក​កាសែត​បរទេស​ឯករាជ្យ កំពុង​បង្កប់​ខ្លួន​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ។

បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​ ដែល​គាំទ្រ​រដ្ឋាភិបាល បាន​ចុះ​ផ្សាយ​បន្ត​ពី​គណនី​ហ្វេសប៊ុក ឈ្មោះ “កូនខ្មែរ” ថាចារកម្ម​ម្នាក់​នេះ មាន​បទពិសោធន៍​ឆ្អិនឆ្អៅ​ ក្នុង​ការ​រៀបចំ​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល។លោក ចេហ្វហ្រេ្វ ខេន នេះ ក៏​ធ្លាប់​ជា​សម្ព័ន្ធមិត្ត​យ៉ាង​ជិតស្និទ្ធ​ ជាមួយ​បក្ស​ប្រឆាំង​របស់​កូរ៉េ​ខាង​ត្បូង រួច​បន្ទាប់​មក​រៀបចំ​យុទ្ធសាស្ត្រ​រហូត​ផ្ដួល​រំលំ​រដ្ឋាភិបាល​ របស់​អ្នកស្រី ប៉ាក់ ហ្គន់ហេ (Park Geun Hye) ទទួល​បាន​ជោគជ័យ។

ប្រភព​បន្ត​ថា ឥឡូវ​នេះ លោក ចេហ្វហ្រ្វេ ខេន ក៏​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ដិត​ជាមួយ​កូន​ស្រី​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម សម្មាធីតា នៅ​ទីក្រុង​ភ្នំពេញ ដែរ។ ក្រៅ​ពី​នេះ​នៅ​មាន ​កញ្ញា កឹម មនោវិទ្យា ក៏​ធ្លាប់​មាន​ការ​ប្រាស្រ័យ​ទាក់ទង ​ជាមួយ​ភ្នាក់ងារ​សម្ងាត់ (CIA) របស់​អាមេរិក ថែម​ទៀត​ផង។ ក្រៅ​ពី​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក ​ដែល​គាំទ្រ​រដ្ឋាភិបាល បាន​ចុះ​ផ្សាយ​ដែរ​ថា អង្គការ CANVAS ដែល​ទទួល​លុយ​ជំនួយ​ពី​សហរដ្ឋអាមេរិក ហើយ​ជ្រក​ក្រោម​ស្លាក នៃ​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ ហៅ​កាត់​ថា IRI បាន​ផ្ដល់​មធ្យោបាយ​មួយ​ចំនួន ​ជួយ​បក្ស​ប្រឆាំង ​ដើម្បី​រៀបចំ​ឲ្យ​មាន​ចលនា​បដិវត្តន៍​ពណ៌​ ផ្ដួល​រំលំ​រដ្ឋាភិបាល។

អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​រឿង​នេះ​បាន​ទេ ពី​កូនស្រី​ទាំង​ពីរ​របស់​លោក កឹម សុខា នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ខណៈ​អង្គការ CANVAS ក៏​ពុំ​អាច​សុំ​ប្រតិកម្ម​តប​បាន​ដែរ។ នៅ​ពេល​នេះ វិទ្យាស្ថាន​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NDI ដែល​មាន​លុយ​ជំនួយ​ពី​សហរដ្ឋអាមេរិក ត្រូវ​បាន​រដ្ឋាភិបាល​បិទ​ទ្វារ ហើយ​បណ្ដេញ​បុគ្គលិក​ចេញ​ពី​កម្ពុជា និង​មាន​ស្ថាប័ន​​មួយ​ចំនួន​ទៀត រង​ការ​គំរាម​កំហែង។

បើ​ទោះ​ជា​បែប​ណា អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក យឹម សុវណ្ណ អះអាង​ថា គណបក្ស​ប្រឆាំង​មាន​គោលការណ៍​ច្បាស់លាស់ និង​ត្រឹមត្រូវ ជា​ពិសេស​ពុំ​ដែល​មាន​គំនិត​ធ្វើ​នយោបាយ​ស្មោកគ្រោក​ដូច​ការ​ចោទ​ប្រកាន់​នេះ​ឡើយ។ លោក​បន្ត​ថា អ្វី​ដែល​គណបក្ស​ត្រូវ​គិត និង​ធ្វើ​ដំណើរ​ទៅ​មុខ​នោះ គឺ​តាមរយៈ​ការ​បោះឆ្នោត​មួយ​ប៉ុណ្ណោះ៖ «យើង​ធ្វើ​នយោបាយ​ដោយ​សុចរិត ធ្វើ​នយោបាយ​ដោយ​អហិង្សា គឺ​យើង​ចង់​បាន​សេចក្ដី​ជូន​ប្រជាពលរដ្ឋ​ហើយ​និង​ម្ចាស់​ឆ្នោត។ ដូច្នេះ​គ្មាន​គោលការណ៍​ណា​មួយ​ក្រៅ​ពី​គោលការណ៍​ដែល​ធ្វើ​ដំណើរ​ទៅ​រក​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិ​ទេ»។

នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​ស្វែង​រក​សំឡេង​ឆ្នោត ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ជនជាតិ​អូស្ត្រាលី ម្នាក់​ឈ្មោះ ជេមស៍ រីកឃិតសាន់ (James Ricketson) ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ដោយ​រង​ការ​ចោទ​ថា ជា​ចារកម្ម​ដែល​មាន​បទពិសោធន៍​ដ៏​សំខាន់​របស់​គណបក្ស​ប្រឆាំង។ សព្វថ្ងៃ​នេះ លោក ជេមស៍ រីកឃិតសាន់ កំពុង​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា គេ​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​បន្ទុក​ប្រឆាំង​ជន​បរទេស​ម្នាក់​នេះ។ ការ​ចាប់​ខ្លួន​ជនជាតិ​អូស្ត្រាលី រូប​នេះ អំឡុង​ពេល​កំពុង​ថតរូប​ក្នុង​យុទ្ធនាការ​ហែ​ក្បួន​គណបក្ស​ប្រឆាំង ដោយ​ប្រើប្រាស់​ឧបករណ៍​ភ្ជាប់​ម៉ាស៊ីន​ថត​រូប​ពី​លើ​អាកាស ហៅ​ថា ដ្រូន (Drone)។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បដិសេធ​ថា លោក​នៅ​ពុំ​ទាន់​បាន​ដឹង​ពី​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ថា មាន​ចារកម្ម​បន្ថែម​ទៀត កំពុង​បង្កប់​នៅ​ក្នុង​បក្ស​ប្រឆាំង​នៅ​ឡើយ​ទេ។ បើ​ទោះ​ជា​បែប​ណា ឧត្ដមសេនីយ៍​រូប​នេះ​ព្រមាន​ថា នឹង​មិន​ឲ្យ​មាន​ព្រឹត្តិការណ៍​ដូច​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ វិល​ត្រឡប់​មក​ម្ដង​ទៀត​ទេ៖ «សភាពការណ៍​ឆ្នាំ​២០១៣ ហាម​ដាច់​ខាត​មិន​ឲ្យ​កើត​មាន​ជា​ដាច​ខាត។ អត់​មាន​ទៀត​ទេ»។

ដោយ​ឡែក អ្នក​វិភាគ​សង្គម និង​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ វិញ​យល់​ឃើញ​ថា ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ គឺ​ជា​មធ្យោបាយ​ធ្វើ​ឲ្យ​ដៃ​គូ​ប្រកួតប្រជែង​ត្រូវ​ចុះ​ខ្សោយ៖ «ជា​បណ្ដើរៗ​មក​គឺ​ឆ្លុះ​បញ្ចាំង​នូវ​ប៉ុនប៉ង​សម្អាត​ឥទ្ធិពល​ពី​ខាង​ក្រៅ​មក​លើ​ប្រទេស​កម្ពុជា ជាអាទិ៍​គឺ​ទៅ​ដល់​ប្រជាប្រិយភាព ហើយ​និង​សកម្មភាព​របស់​សកម្មជន​អ្នក​នយោបាយ»។

វិធានការ​​ថ្មី​បំផុត​របស់​រដ្ឋាភិបាល​ចុង​ក្រោយ​នេះ គឺ​បាន​ឈាន​ទៅ​បិទ​អង្គការ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន ដែល​តែង​រិះគន់​ពី​ភាព​អសកម្ម​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល ដែល​មាន​ភាព​ចន្លោះ​ប្រហោង​ផង។ វិធានការ​ក្ដៅ​របស់​រដ្ឋាភិបាល​នេះ ត្រូវ​រង​ការ​រិះគន់​ថា មិន​ខុស​ពី​របៀប​ដឹកនាំ​តាម​បែប​ផ្ដាច់ការ។

ស្រប​ពេល​ស្ថានការណ៍​នៃ​ប្រទេស​កម្ពុជា កំពុង​វិវត្តន៍​ទៅ​រក​ភាព​ប្រេះស្រាំ​នេះ ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធានា​នូវ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ជា​ពិសេស​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ឲ្យ​មាន​ភាព​ប្រសើរ​ដូច​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន៕

Advertisements
This entry was posted in Nokor and tagged , , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s