សម រង្ស៊ី ថា​រដ្ឋាភិបាល​ ហ៊ុន សែន ​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ ដឹកនាំតាមរូបភាពប្រជាធិបតេយ្យក្លែងក្លាយ និង នីតិរដ្ឋក្លែងក្លាយ

image

លោក សម រង្ស៊ី ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន ធ្ងន់ៗតាមរយៈវីដេអូគ្លីបរបស់លោក នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នេះ ដោយឲ្យឈ្មោះថា «ហ៊ុន សែន និងពួកគេ ធ្វើរដ្ឋប្រហារដ្ឋធម្មនុញ្ញ ហើយដឹកនាំប្រទេសតាមរូបភាពប្រជាធិបតេយ្យក្លែងក្លាយ នីតិរដ្ឋក្លែងក្លាយ និង​ការអភិវឌ្ឍក្លែងក្លាយ»។  

បញ្ជាក់៖ លោក សម រង្ស៊ី បានលាលែងពីប្រធាន គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១១​ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយពីការព្រមានរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ថាប្តឹងរូបលោក ឡើងតុលាការបន្ថែមលើសំណុំរឿងជាច្រើនទៀត ដោយគំរាមរឹបអូសគេហដ្ឋាន នៅចាក់អង្រែលើ និង ដីធ្លីមួយកន្លែង នៅក្រុងព្រះសីហនុ ដើម្បីសងជំងឺចិត្តនាយករដ្ឋមន្រ្តី។ ហើយក្រោយមកទៀត លោក ហ៊ុន សែន បានស្នើទៅរដ្ឋសភា ឲ្យកែប្រែច្បាប់ស្តីពីគណបក្សនយោបាយ ដាក់ការគាបសង្កត់លើ គណបក្សសង្គ្រោះជាតិ ឲ្យផាត់លោក សម រង្ស៊ី ចេញឆាកនយោបាយទៀតផង។ (អត្ថបទដោយ ម៉ែន ណាត /២៧ សីហា ២០១៧)


លោក សម រង្ស៊ី ថា​រដ្ឋាភិបាល​កម្ពុជា​ កំពុង​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ

(RFA, 27-8-2017, ដោយ ជី វីតា)

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ​ដើម្បី​ក្តោប​ក្តាប់​អំណាច​របស់​ខ្លួន​បន្ត​ទៀត ខណៈ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ជិត​ចូល​មក​ដល់។ លោក សម រង្ស៊ី ថា​អ្វី​ដែល​បក្ស​កាន់​អំណាច​កំពុង​ធ្វើ គឺ​សុទ្ធតែ​បង្ហាញ​នូវ​រូបភាព​ក្លែងក្លាយ នោះ​គឺ​ប្រជាធិបតេយ្យ​ក្លែងក្លាយ នីតិរដ្ឋ​ក្លែងក្លាយ និង​ការ​អភិវឌ្ឍ​ក្លែងក្លាយ។

អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​ឋិត​នៅ​ក្រៅ​ប្រទេស​ដោយសារ​បណ្តឹង​រាប់​មិន​អស់​នៅ​តុលាការ ថ្លែង​ចាត់​ទុក​ស្ថានភាព​នៅ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន ថា​តានតឹង និង​យ៉ាប់យ៉ឺន​ជាង​ពេល​ណាៗ​ទាំងអស់ ចាប់​តាំង​ពី​កម្ពុជា មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ឆ្នាំ​១៩៩១ មក។

នៅ​ក្នុង​វីដេអូ​ឃ្លីប (Video Clip) ជាង ៨​នាទី ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) នៅ​ថ្ងៃ​ទី​២៧ សីហា លោក សម រង្ស៊ី ថ្លែង​ថា រដ្ឋាភិបាល​សព្វថ្ងៃ​បាន​រំលោភ​ទាំង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ទាំង​រដ្ឋធម្មនុញ្ញ​កម្ពុជា អនុសញ្ញា និង​កតិកាសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា​ដែល​កម្ពុជា បាន​ចុះ​ហត្ថលេខា និង​យល់ព្រម​អនុវត្ត។

ការ​ថ្លែង​របស់​អតីត​មេ​បក្ស​ប្រឆាំង​ចាស់​វស្សា​នៅ​កម្ពុជា រូប​នេះ គឺ​ក្រោយ​ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​រឹត​បន្តឹង​ទៅ​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​រិះគន់​រដ្ឋាភិបាល។

រដ្ឋាភិបាល​បាន​សម្រេច​បណ្តេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) របស់​សហរដ្ឋ​អាមេរិក ចេញ​ពី​ប្រទេស បិទ​មិន​ឲ្យ​មាន​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​របស់​សង្គម​ស៊ីវិល គំរាម​បិទ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ខណៈ​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ដែល​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាស៊ីសេរី (RFA) វីអូអេ (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) ត្រូវ​បាន​ក្រសួង​ព័ត៌មាន បិទ​ទ្វារ​មិន​ឲ្យ​ធ្វើ​អាជីវកម្ម ដោយ​ចោទ​ប្រកាន់​ថា​មិន​បាន​គោរព​ប្រកាស និង​កិច្ចសន្យា​ជាមួយ​ក្រសួង។

ទោះ​ជា​យ៉ាង​ណា ចំណាត់ការ​របស់​រដ្ឋាភិបាល​ភ្លាមៗ​លើ​ស្ថាប័ន​ទាំងអស់​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា គ្រាន់​តែ​ជា​យុទ្ធនាការ​នយោបាយ​របស់​រដ្ឋាភិបាល ដើម្បី​បំបិទ​សំឡេង​អ្នក​រិះគន់​មុន​ពេល​ការ​បោះឆ្នោត​ជាតិ​មក​ដល់។

ក្រៅ​ពី​បញ្ហា​ទាំងអស់​នេះ បក្ស​កាន់​អំណាច​ក៏​បាន​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ​ជា​បន្តបន្ទាប់ ដើម្បី​ទាត់​លោក សម រង្ស៊ី ចេញ​ពី​ឆាក​នយោបាយ និង​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង សង្គម​ស៊ីវិល ព្រម​ទាំង​ប្រើ​ពាក្យ​សម្ដី​គំរាម​កំហែង​ដោយ​ប្រើ​ដំបង ឬ​គល់​ឫស្សី​វាយ​បំបែក​ធ្មេញ និង​សំពង​ក្បាល ឬ​ប្រើ​កម្លាំង​កម្ទេច​អ្នក​តវ៉ា​លទ្ធផល​ឆ្នោត ១០០ ឬ ២០០​នាក់ ដើម្បី​ថែរក្សា​សន្តិសុខ​ជាតិ ជាដើម។

លោក សម រង្ស៊ី ថ្លែង​ថា​អ្វី​ដែល​បក្ស​កាន់​អំណាច​កំពុង​ធ្វើ​នេះ ដោយសារ​តែ​ពួក​គេ​ដឹង​ថា ពលរដ្ឋ​អស់​ជំនឿ​មក​លើ​ខ្លួន និង​មិន​គាំទ្រ​នៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ៖ «ដោយសារ​តែ​ពួក​គេ​មិន​ចង់ ហើយ​មិន​ព្រម​ចុះ​ចេញ​ពី​អំណាច​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ បាន​ជា​ពួក​គេ​ប្រើ​អំណាច​កាន់​តែ​ផ្ដាច់ការ​ទៅៗ ដូចជា​ការ​លួច​សម្លាប់​បញ្ញវន្ត​អ្នក​ស្នេហា​ជាតិ ការ​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ​កាន់​តែ​ច្រើន​ឡើងៗ ការ​បិទ និង​ត្រៀម​បិទ​វិទ្យុ និង​សារព័ត៌មាន​ទាំង​ខ្មែរ និង​បរទេស​ដែល​ហ៊ាន​និយាយ​ការពិត ហើយ​ការ​បណ្តេញ​ចេញ​អង្គការ​អន្តរជាតិ​ដែល​ធ្វើ​សកម្មភាព​ដោយ​សន្តិវិធី ដោយ​ស្រប​ច្បាប់​ដើម្បី​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា»

លោក សម រង្ស៊ី ថ្លែង​បន្ត​ដោយ​ដាក់​រូបភាព​អតីត​មេ​ដឹកនាំ​ផ្ដាច់ការ​ប្រទេស​លីប៊ី (Libya) លោក មូអាម៉ា ហ្កាដាហ្វី (Muammar Gaddafi) និង​អតីត​ប្រធានាធិបតី​ផ្ដាច់ការ​ហ្វីលីពីន (Philippines) លោក ហ្វើឌីណាន់ ម៉ាកូស (Ferdinand Marcos) ថា​ជន​ផ្ដាច់ការ​ណា​ក៏ដោយ របប​ព្រៃផ្សៃ​ណា​ក៏ដោយ ក៏​មិន​អាច​ឈ្នះ​កម្លាំង​ពលរដ្ឋ​បាន​ទេ។ លោក សម រង្ស៊ី ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨។

ប្រតិកម្ម​ទៅ​នឹង​ការ​រិះគន់​ធ្ងន់ៗ​របស់​លោក សម រង្ស៊ី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា​បើ​បក្ស​កាន់​អំណាច​ខ្លាច​ចាញ់​ឆ្នោត ម្ល៉េះ​បក្ស​កាន់​អំណាច​មិន​ហ៊ាន​ចាត់​វិធានការ​ចំពោះ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ចោទ​ថា បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​នោះ​ទេ។ លោក​ថា ការ​ដែល​ហ៊ាន​ចាត់​វិធានការ​នេះ គឺ​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​បក្ស​កាន់​អំណាច ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា៖ «ការ​ដែល​ថា​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ ខ្ញុំ​យល់​អំពី​ការពិត​ជាក់ស្តែង ធាតុ​ពិត​គឺ​រដ្ឋាភិបាល​កំពុង​តែ​ពង្រឹង​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​ដែល​ចេញ​ពី​ខ្លឹមសារ​សំខាន់ៗ​នៃ​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ទាំងអស់​គ្នា​ចង់​បាន​ឲ្យ​កម្ពុជា ដើរ​តាម​គន្លង​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា»

ទោះ​ជា​យ៉ាង​ណា ក្រោយ​ពី​មាន​វិធានការ​ជា​បន្តបន្ទាប់​របស់​រដ្ឋាភិបាល​ចំពោះ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រតិកម្ម​បាន​ធ្លាក់​មក​មិន​ដាច់​ដែរ​ពី​សង្គម​ស៊ីវិល​ក្នុង​ស្រុក និង​សហគមន៍​អន្តរជាតិ រួម​មាន​ពី​ឧត្តម​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស ពី​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា​សហរដ្ឋ​អាមេរិក ពី​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ អ្នកស្រី មែឌឺឡែន អលប្រ៉ាយថ៍ (Madeleine Albright) ពី​សហភាព​អឺរ៉ុប ពី​សមាជិក​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស និង​ពី​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ជាដើម។

ពួក​គេ​ចាត់​ទុក​វិធានការ​របស់​រដ្ឋាភិបាល​ពេល​នេះ ថា​ជា​យុទ្ធនាការ​នយោបាយ​បែប​ផ្ដាច់ការ បំបិទ​សំឡេង​អ្នក​ឯករាជ្យ បំបិទ​មាត់​អ្នក​ហ៊ាន​តវ៉ា​ប្រឆាំង និង​កំពុង​រំលោភ​រដ្ឋធម្មនុញ្ញ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ជាតិ​ខាង​មុខ។

ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២៥ សីហា ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បារម្ភ​ថា ស្ថានភាព​ពេល​បច្ចុប្បន្ន​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ និង​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាង​ណា​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស​ធានា​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌៕

Advertisements
This entry was posted in Nokor and tagged , , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s