ហ៊ុន សែន ខំយកចិត្តកម្មករ មុនបោះឆ្នោតជាតិ ឆ្នាំ​២០១៨ ខណៈពេល សម រង្ស៊ី និងអន្តរជាតិ ថ្កោលទោស

20915560_1396254810470618_7739399917649910583_n

លោក ហ៊ុន សែន រៀនដើរយកចិត្តកម្មករ មុនបោះឆ្នោតជាតិ ឆ្នាំ​២០១៨ ខណៈពេលលោក សម រង្ស៊ី និងសហគមន៍ជាតិ-អន្តរជាតិ ថ្កោលទោសរដ្ឋាភិបាល ក្រោយពេលរដ្ឋាភិបាល ហ៊ុន សែន បញ្ជាឲ្យបិទ​វិទ្យាស្ថាន NDI និង បិទការផ្សារបន្ត របស់វិទ្យុជាង ១០ ទៀត ក្នុងមាន វិទ្យុ RFA, VOA និង VOD ផង។

រំលឹក៖ ព្រឹត្តិការណ៍ផ្លូវវេងស្រេង៖ រដ្ឋាភិបាល ហ៊ុន សែន បញ្ជាកងកម្លាំង បាញ់បង្ក្រាបកម្មករ ផ្លូវវេងស្រេង កាលពីថ្ងៃទី ២-៣ មករា ២០១៤ គឺកម្មករ ៥ នាក់ ត្រូវបានបាញ់សម្លាប់, បាត់ខ្លួន ១ នាក់, របួសធ្ងន់ ៤០ នាក់ និង ចាប់ដាក់គុក ២៣ នាក់។ ជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ គ្មានទាន់បានទទួលយុត្តិធម៌នៅឡើយទេ។ ​ (អត្ថបទដោយ ម៉ែន ណាត)


មេដឹកនាំ​ក​ម្ពុជា ​បន្ត​​យុទ្ធនាការ​យកចិត្ត​កម្មករ​ មុនការ​ប្រកាស​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​ ​នា​ពេល​ខាង​មុខ

(VOA, 28-8-2017, ដោយ ហ៊ុល រស្មី)
លោក​ ហ៊ុន សែន​ បន្ត​ជួប​កម្មករ​ ​ខណៈដែល​ការចរចា​ប្រាក់​ឈ្នួល​រវាង​ក្រុម​សហជីព​និង​និយោជក​​ខិតជិត​មក​ដល់។​ ​លោក​អំពាវនាវ​ឲ្យ​កម្មករ​ចូលរួម​ជា​មួយ​អាជ្ញាធរ​ក្នុង​ការ​រក្សា​សន្តិភាព​ ​សិ្ថរភាព​​ និង​សណ្តាប់​ធ្នាប់។

ភ្នំពេញ — លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ​បាន​ស្នើ​ឲ្យ​កម្មករ ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ ​ថែ​រក្សា​សន្តិភាព​ និង​សុវត្ថិភាព​ សណ្តាប់​ធ្នាប់​សង្គម​ ​ដើម្បី​ធានា​បាន​នូវ​លក្ខខណ្ឌ​ការងារ​ ​និង​ប្រាក់​ឈ្នួល​ល្អ​ប្រសើរ។​ ​នេះ​បើ​យោង​តាម​ការ​ប្រកាសរបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ដែល​ត្រូវ​បាន​បង្ហោះ លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។​ ការ​ប្រកាសរបស់​លោក​ ហ៊ុន សែន​ ធ្វើ​ឡើង​ភ្លាមៗ​ ​ក្រោយ​ពិធី​ជួបជុំ​កម្មករ​ជាង​ ៤ ​ពាន់នាក់​ ​ដែល​បាន​រៀប​ចំឡើង នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​ ​ក្នុង​រាជធានី​ភ្នំពេញ។​

ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន ​របស់​លោក ហ៊ុន​ សែន​ បាន​លើក​ឡើង​ក្នុង​ន័យ​ដើម​ថា៖ «ក្នុង​ពេល​ជួប​សំណេះ​សំណាល​ព្រឹកមិញនេះ​ សម្តេច​តេជោ​ ​ហ៊ុន សែន​ បាន​ផ្តល់​អនុសាសន៍​ល្អៗ ​៥ ​ចំណុច​ដល់​អាជ្ញាធរ​ ​និយោជិក​ និង​កម្មករ​ កម្មការិនី​ធ្វើការ​រួមគ្នា​ ដើម្បី​ធានា​ដល់​លក្ខខណ្ឌ​ការងារ​ និង​ប្រាក់​ចំណូល​ល្អ។​
ទី១.​ ត្រូវរួមគ្នា​ថែរក្សា​សនិ្តភាព​ ស្ថិរភាព​ និង​សុវត្ថិភាព​សណ្តាប់​ធ្នាប់​សង្គម​ឲ្យ​បាន​ល្អ។​
ទី២.​ រួមគ្នា​រក្សា​ការងារ​ និង​បង្កើត​ការងារ​ថ្មីៗ​ ច្រើន​ថែម​ទៀត​ ដោយធ្វើ​ការ​ពង្រីក​ និង​បង្កើន​ទី​ផ្សារ​បន្ថែម។
​ទី៣. រួមគ្នា​បង្កើន​ប្រាក់​ចំណូល​ ដោយ​ការ​បណ្តុះ​បណ្តាល​ចំណេះ​ដឹង​បន្ថែម​ ដល់​កម្មករ​ និង​កុំឲ្យ​កម្មករ​ភ័យ​ខ្លាច​ ពីការ​បាត់​បង់​ការងារ​ និង​ប្រាក់​ចំណូល។​
ទី៤.​ ផ្តល់​របប​គាំពារ​សន្តិសុខ​សង្គម ​ដល់​កម្មករ ​ចាប់​ពីខែ​មករា​ ២០១៨​ នេះ​ គឺ​និយោជក (ម្ចាស់​ក្រុមហ៊ុន)​ ​នឹង​បង់​ថ្លៃ​របប​សន្តិសុខ​សង្គម​ ១០០% ដល់​កម្មករ​ កម្មការិនី​ ដែល​បងប្អូន​អាច​ចំណេញ​ថវិកា​ ​(៨.០០០ ​រៀល​ ទៅ​ ១៣.០០០​ រៀល​ក្នុង ​១ខែ)។​ ​
ទី​៥.​ ផ្តល់​កិច្ចគាំពារ​ និង​យកចិត្ត​ទុកដាក់​ចំពោះ​កម្មករ​កម្មការិនី​ ដែល​ធ្វើការ​នៅ​ក្រៅ​ប្រទេស»។

លោក​ ​ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​ ៣០ ​ឆ្នាំ​ ​បាន​បន្ត​ថា​ ​រាជ​រដ្ឋាភិបាល​បន្ត​គាំទ្រ​ និង​ជួយ​ជ្រោម​ជ្រែង​ ដោយ​ធ្វើ​ទំនាក់​ទំនង​ល្អ ​ជាមួយ​បណ្តា​ប្រទេស​ដៃគូ​ ដើម្បី​ផ្តល់​ការងារ​ ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ និង​លក្ខខណ្ឌ​ការងារ​ល្អៗ​ រួមទាំង​ជួយ​សម្រួល​ នូវ​លិខិតបទដ្ឋាន ​ដែល​ពាក់ព័ន្ធ​ការងារ​ស្រប​ច្បាប់​ ដល់​កម្មករ។​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ក៏បាន​លើក​ឡើង​ផង​ដែរ​ថា​ ​កាល​ពី​ឆ្នាំ១៩៩៧​ កម្ពុជា ​មាន​រោង​ចក្រ​តែ​ ៦៤​ ប៉ុណ្ណោះ​ តែ​ឥឡូវ​នេះ​ រោង​ចក្រ​កាត់​ដេរ​កើន​ដល់​ ​១.១១៧​ ​ហើយ​ បើ​សរុប​រោងចក្រ​សហ​គ្រាស​ទាំង​អស់​គឺ​មាន​ប្រមាណ​ ​១១.១៦៨​ ​ដែល​បាន​ផ្តល់​ការងារ ​ដល់​ពលរដ្ឋ​កម្ពុជា ប្រមាណ​ជាង​ ១ ​លាន​នាក់។​នេះ​ជា​លើក​ទីពីរ​ហើយ​ ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ បាន​ជួប​ជាមួយ​កម្មករ។​ នៅ​ក្នុង​ជំនួប​លើក​ទី​មួយ​ នា​ថ្ងៃ​អាទិត្យ​ សប្តាហ៍​កន្លង​ទៅ​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​បាន​ប្រកាស​នៅ​ចំពោះ​មុខ​កម្មករកាត់​ដេរ​ រាប់​ពាន់​នាក់​ថា​ ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​ពួក​គេ​ អាច​នឹង​ឡើង​ដល់​ ១៦៨ ​ដុល្លារ​ ​នៅ​ក្នុង​ឆ្នាំ​ ២០១៨​ ដែលជា​ឆ្នាំ​នៃ​ការ​បោះឆ្នោត​ជាតិ​ ក្នុង​ប្រទេស​កម្ពុជា។​

ឧស្សាហ​កម្ម​កាត់​ដេរ​កម្ពុជា ​បាន​ផ្តល់​ការងារ ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ជា​ស្ត្រី​ប្រមាណ​ ៧០​ ម៉ឺន​នាក់។​ ​តួលេខ​ចុង​ក្រោយ​រ បស់​សមាគម​រោង​ចក្រ​កាត់​ដេរ ​នៅ​កម្ពុជា​ ឲ្យ​ដឹង​ថា កម្ពុជា​បាន​នាំ​សម្លៀក​បំពាក់​ ចេញ​ទៅ​បរទេស​ ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង​ ៦​ ពាន់​លាន​ដុល្លារ​អាមេរិក​ នៅ​ក្នុង​ឆ្នាំ​ ២០១៦​ កន្លង​ទៅ។

លោក អាត់​ ធន់​ ប្រធាន​សហភាព​ការ​ងារ​កម្ពុជា​ ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ លោក ​មិន​ដឹង​ពី​ចេតនា​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ដែល​បាន​អំពាវនាវ​ឲ្យ​កម្មករ​ ចូលរួម​ក្នុង​ការ​រក្សា​សន្តិភាព​ និង​សណ្តាប់​ធ្នាប់​ ក្នុង​ប្រទេស​កម្ពុជា​ទេ។ ​លោក ​អះអាង​ថា​ ក្រុម​សហជីព​ មិន​មាន​ផែនការ​ក្នុង​ការ​តវ៉ា​ ទាម​ទារ​ដំឡើង​ប្រាក់​ឈ្នួល​នោះ​ទេ។ «នីតិវិធី​ការ​ងារ​របស់ ​សហជីព​ គឺ​យើង​ចរចា​ ពិភាក្សា​គ្នា​ គឺ​ជា​ជម្រើស​របស់​យើង។​ អាការ​ធ្វើ​កូដកម្ម​ បាតុកម្ម​ វា​ជា​ជម្រើស​ចុងក្រោយ​ទេ។ ហើយ​នៅ​ក្នុង​ស្ថានភាព​នយោបាយ​បែបហ្នឹង​ ស្ថានភាព​ការងារ​បែប​ហ្នឹង​ ខ្ញុំគិត​ថា ​យើងដូចជា មិនមាន​ផែន​ការ​អី​ជាក់​លាក់​ទេ​ថា​ យើង​ត្រូវ​ធ្វើ​អី។​ យើង​អត់​ទាន់​មាន​ផែន​ការ​អី​ជាក់​លាក់​ទេ»។​ មេ​ដឹកនាំ​សហជីព​រូប​នេះ​លើក​ឡើង​ថា​ ​ទោះ​បី​ជា​លោក​ ​ហ៊ុន សែន​ ​បាន​ប្រកាស​ថា​ ​ប្រាក់​ឈ្នួល​អាច​ឡើង​ដល់​ ១៦៨​ ដុល្លារ​ក្តី​ ក្រុម​សហជីព​ នឹង​លើក​យក​តួលេខ​ប្រាក់​ឈ្នួល​ថ្មី​ ចំនួន​ ១៩៥​ ដុល្លារ ​សម្រាប់​ការ​ចរចា​ ជាមួយ​និយោជក​ ក្នុង​ពេល​ខាង​មុខ​នេះ។​

ដោយ​ឡែក​ ​លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​ គណបក្ស​សង្គ្រោះជាតិ​ មិន​បាន​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់ ​ទៅ​លើ​សកម្មភាព​របស់​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ​ក្នុង​ការ​ដោះស្រាយ​ទុក្ខ​លំបាក​ ដល់​ក្រុម​កម្មករ​នោះ​ទេ​ ​តែ​លោក​ បាន​ផ្តោត​លើ​ការ​វាយ​ប្រហារ រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ លើ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ ​និង​ ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ​នា​ពេល​ថ្មីៗ​នេះ​ ​ដែល ​លោក ​សម​ រង្ស៊ី​ ​ចាត់ទុក​ថា​ ​មានចេតនា​បង្អាក់​ដំណើរ​ការ​អនុវត្ត​ លទិ្ធ​ប្រជា​ធិបតេយ្យ ​នៅ​កម្ពុជា ។«អ្វីដែល​គេ​បាន​ធ្វើ​ ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ មិន​ខុស​ពី​រដ្ឋ​ប្រហារ​ឡើយ​ តែមិន​មែន​ជា​រដ្ឋ​ប្រហារ​យោធា​ទេ​ គឺ​ជា​រដ្ឋ​ប្រហារ​ធម្មនុញ្ញ​ ពីព្រោះ​ជា​ការ​ជាន់​ឈ្លី​រដ្ឋ​ធម្មនុញ្ញ​ និង​ការ​ព្យួរ​សិទ្ធិ​សេរីភាព​ និង​ផ្អាក​យន្តការ​ប្រជា​ធិបតេយ្យ​ទាំង​អស់​ ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ»។ ​

យ៉ាងណាក៏ដោយ​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​លោក​ សួស​ យ៉ារ៉ា​ ថ្លែង​ប្រាប់​ VOA ​នា​ល្ងាច​ថ្ងៃ​ចន្ទនេះ​ថា​ លោក​ សម រង្ស៊ី​ ជាបុគ្គល​មាន​បញ្ហា​ផ្លូវ​ចិត្ត​ ដូច្នេះ​ រដ្ឋាភិបាល​ មិន​យក​ចិត្ត​ទុក​ដាក់​ លើ​ការ​ថ្លែង​របស់​អតីត​មេ​គណបក្ស​ប្រឆាំងនោះ​ទេ។ ​«មនុស្ស​ដែល​មាន​បញ្ហា​ផ្លូវចិត្ត​អីចឹង​ ​គាត់​និយាយ​អី​ ​ក៏​យើង​ មិន​ដែល​ប្រកាន់​គាត់។​ ហើយ​យើង​ ចោទ​គាត់​ម៉េច​ បើ​គាត់​ទណ្ឌិត​ ហើយ​គាត់​និយាយ​ខុស​តែ​អីចឹង។ យើង​ទៅ​និយាយ​ថា​ ទណ្ឌិត​ល្អ​ ឬ​ក៏​ខុស​ ឬ​ត្រូវ​ ក៏​យើង​មិន​អាច​និយាយ​បាន​ដែរ​ គ្រាន់តែថា​ យើង​មិន​ស្តាប់​ទៅ!»​។

រដ្ឋាភិបាល​កម្ពុជា​ កាលពីសប្តាហ៍​មុន​ ​បាន​ប្រកាស​ពី​ការ​បិទ​ការិយាល័យ ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ​NDI​ នៅ​រាជធានី​ភ្នំពេញ ​និង​បណ្តេញ​ចេញ​បុគ្គលិក​បរទេស​រ បស់​អង្គការ​នេះ​ ចេញ​ពី​ប្រទេស​ និង​ដាក់​ឱសានវាទ​ឲ្យ​កាសែត​ The Cambodia Daily​ (ឌឹ​ ខេមបូឌា​ ដេលី)​ ​បង់​ពន្ធឲ្យបាន​មុន​ថ្ងៃ​ទី​ ៤​ ខែ​កញ្ញា។ទាំង​អង្គការ ​NDI​ ​និង​កាសែតឌឹ ខេមបូឌា​ ដេលី​ បាន​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​អស់​ជាង ​២០ ​ឆ្នាំ​មក​ហើយ។​ ​វិធាន​ការ​ទាំង​នេះ​ កើត​មាន​ឡើង​ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ កាល​ពី​ខែ​មិថុនា​ ​ដែល​អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​ មើល​ឃើញ​ថា​ មាន​លក្ខណៈ​ មិនទាន់​សេរី​ និង​យុត្តិធម៌​ពេញ​លេញ​នៅ​ឡើយ៕

Advertisements
This entry was posted in Nokor and tagged , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s