ហ៊ុន សែន ប្រើវិធីកាត់ក្បាលតម្រូវមួក ជាមួយ ឡាវ ដូចគ្នានឹង យួន រឿងស្នើបារាំង ផ្ទេរខ្នាតផែនទី ក្រោយការបោះបង្គោលព្រំដែន បានជាង ៨៣% រួចហើយ

21199386_1443368015711691_7987392592746652179_o

#សម្គាល់ បើមើលពីចម្ងាយ រដ្ឋាភិបាល ឡាវ និងរដ្ឋាភិបាល ហ៊ុន សែន ហាក់ដូជារដ្ឋាភិបាលពីរ ដែលមានអធិបតេយ្យ ​និងឯករាជ្យម្ចាស់ពេញលេញ ដូចគ្នា។ ប៉ុន្តែតាមពិតមិនដូច្នោះទេ ពោលគឺ រដ្ឋាភិបាល ហ៊ុន សែន និង រដ្ឋាភិបាល ឡាវ សុទ្ធតែស្ថិតនៅក្រោមការតម្រង់ទិស និងការណែនាំពី វៀតណាម ដូចគ្នា។ ហើយរបៀបរៀបចំដាក់ឯកសារ ស្នើទៅរដ្ឋាភិបាល បារាំង ក្នុង «រឿងផ្ទេរខ្នាតផែនទីព្រំដែន» ក៏ធ្វើឡើងដូចគ្នាបេះបិទ នឹងរដ្ឋាភិបាល វៀតណាម។ រដ្ឋាភិបាល វៀតណាម និង រដ្ឋាភិបាល ហ៊ុន សែន បានប្រកាសដាក់ឯកសារ ផ្ទេរខ្នាតផែនទីព្រំដែននេះ កាលពីខែ វិច្ឆិកា ឆ្នាំ២០១៦។

ការស្នើទៅបារាំង រឿងផ្ទេរខ្នាតផែនទីព្រំដែន ពីខ្នាត ១/១០០.០០០ (Bonne) មកត្រឹម ១/៥០.០០០ (UTM) រវាងកម្ពុជា ជាមួយ វៀតណាម និង កម្ពុជា ជាមួយ ឡាវ ធ្វើឡើងខណៈពេលការបោះបង្គោលព្រំដែន បានជាង ៨៣% រួចហើយ ដោយប្រើផែនទី ១/៥០.០០០ (UTM) របស់អាមេរិកាំង ក្នុងសម័យសង្គ្រាមវៀតណាម ដែលជាផែនទីខុសច្បាប់ វាជាផែនទី ផ្ទុយពីមាត្រា២ នៃរដ្ឋធម្មនុញ្ញខ្មែរ ព្រមទាំងមិនស្រប មាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ផង។

ការស្នើរដ្ឋាភិបាល បារាំង ជួយក្នុងកិច្ចផ្ទេរខ្នាតផែនទីព្រំដែននេះ ទាំងរដ្ឋាភិបាល ឡាវ និង រដ្ឋាភិបាល ហ៊ុន សែន ជាការធ្វើបង្គ្រប់កិច្ច ឬជា «ការកាត់ក្បាលតម្រូវមួក» ក្នុងបំណងបំភាន់ភ្នែកពលរដ្ឋថា ពួកគេធ្វើត្រឹមត្រូវតាមច្បាប់ ប៉ុន្តែធាតុពិត វាបានផ្ទុយទាំងស្រុង នឹងមាត្រា២ នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។ វារឹតតែមិនស្របនឹងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញា និង កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ផងដែរ។

តាមឯកសារព្រំដែន នៃគណៈកម្មាធិការព្រំដែនកម្ពុជា នៅប្រទេសបារាំង បានកត់សម្គាល់ថា ព្រំដែនកម្ពុជា ត្រូវបាត់បង់ទៅខាង វៀតណាម ពី ៤០០០ គ.ម.ក្រឡា ទៅ ៦០០០ គ.ម.ក្រឡា ក្រោយការបោះបង្គោលព្រំដែនថ្មី តាមសន្ធិសញ្ញាព្រំដែន ឆ្នាំ២០០៥។ ចំណែកប្រទេស ឡាវ ជាប្រទេសសិ្ថតនៅក្រោមការត្រួតត្រាស្ទើរទាំងស្រុង ពីសំណាក់ វៀតណាម ដូច្នេះយុទ្ធសាស្រ្ត និងគោលនយោបាយឈ្លានពានព្រំដែនខ្មែរ គឺជាគំនិតរបស់ វៀតណាម ដែរ។ រដ្ឋាភិបាល ហ៊ុន សែន មិនអាចហ៊ានប្រកែក ជាមួយ វៀតណាម ឬរដ្ឋាភិបាល ឡាវ ហ៊ានប្រកែកជាមួយវៀតណាម នោះទេ ពីព្រោះពួកគេ សុទ្ធតែជាភាគី បានព្រមព្រៀង លើកិច្ចព្រមព្រៀង និងសន្ធិសញ្ញានានាជាមួយគ្នា។ (អត្ថបទដោយ ម៉ែន ណាត)


កម្ពុជា និងឡាវ គ្រោងស្នើសុំផែនទី ពីបារាំង ដើម្បីបញ្ចប់បញ្ហាព្រំដែន

(VOD News, ដោយ លោក ពេជ្រ ចំរុង​​, ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០១៧)

នាយករដ្ឋមន្ដ្រីកម្ពុជា និង ឡាវ គ្រោងស្នើទៅរដ្ឋាភិបាលបារាំង ដើម្បីសុំផែនទី យកមកដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់។ នៅថ្ងៃទី ០១ ខែកញ្ញា​​ឆ្នាំ ២០១៧ នេះ នាយករដ្ឋមន្ដ្រីឡាវ លោក ថង លូនស៊ីស៊ូលីត និង នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន បានជួបប្រជុំគ្នា នៅវិមានសន្ដិភាព​​ រាជធានីភ្នំពេញ។

នេះជាការពិភាក្សាលើកទី២ បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរ បានជួបគ្នារួចម្ដងហើយ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីថ្ងៃទី១២ សីហា ឆ្នាំ២០១៧ ខណៈមានការប្រឈមមុខដាក់គ្នា រវាងកងកម្លាំងប្រដាប់អាវុធ នៅតំបន់ជាប់ព្រំដែន {ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង}។

ក្នុងសន្និសិទសារព័ត៌មាន នៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋមន្ដ្រីការបរទេសកម្ពុជា-ឡាវ នឹងគ្រោងជួបពិភាក្សាគ្នា នាពេលខាងមុខ ដើម្បីស្នើសុំផែនទីព្រំដែន ពីរដ្ឋាភិបាលបារាំង។ លោកបន្ដថា នាយករដ្ឋមន្រ្តីទាំងពីរ នឹងផ្ញើលិខិត ទៅប្រធានាធិបតីបារាំង ឲ្យជួយផ្ទេរផែនទី ពីខ្នាត ១ លើ ១០០ ពាន់ (១/១០០.០០០) ទៅជាខ្នាត ១ លើ ៥០ ពាន់ (១/៥០.០០០) វិញ ដើម្បីបញ្ចប់បញ្ហាព្រំដែន ដែលនៅសេសសល់។

លោក ហ៊ុន​ សែន ថ្លែងថា ការកំណត់ព្រំដែនប្រទេសទាំងពីរ គឺមិនអាចប្រើប្រាស់ខ្នាតផែនទី ១ លើ ១០០ ពាន់ បាននោះទេ និងថា បារាំង ត្រូវផ្ដល់អ្នកជំនាញ ដើម្បីជួយដោះស្រាយបញ្ហានេះ ព្រោះបារាំង ជាអតីតអាណានិគម គ្រប់គ្រងនៅតំបន់ឥណ្ឌូចិន។ លោកថា៖ «ភាគីទាំងពីរ នាយករដ្ឋមន្ដ្រីទាំងពីរ ឯកឧត្តម ថោង លន់ និងខ្ញុំ នឹងសរសេរលិខិត ជូនទៅប្រធានាធិបតីបារាំង ដើម្បីជួយផ្ទេរផែនទីបារាំង ពីខ្នាត ១ លើ ១០០ ពាន់ មកខ្នាត ១ លើ ៥០ ពាន់ និងសុំឲ្យបារាំងជួយផ្ដល់ឯកសារផ្សេងទៀត ដែលទាក់ទងដល់ព្រំដែនកម្ពុជា-ឡាវ»។

បន្ថែមលើសនេះ លោក ហ៊ុន​ សែន អះអាងថា ប្រទេសទាំងពីរ ក៏ឯកភាពគ្នា អនុញ្ញាតឲ្យ គណៈកម្មាធិការ​ព្រំដែន ចុះទៅដោះស្រាយដោយផ្ទាល់ នៅតំបន់អូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងឯកភាព លើចំណុចមួយចំនួនទៀត ដែលកម្ពុជាបានស្នើឡើង។

នាយករដ្ឋមន្រ្តីឡាវ លោក ថោង លន់ ថ្លែងថា លោកគាំទ្រទាំងស្រុងលើសំណើរបស់រដ្ឋាភិបាលកម្ពុជា ដោយថា ប្រទេសទាំងពីរ នឹងធ្វើការជាមួយគ្នា ដើម្បីបញ្ចប់បញ្ហាព្រំដែននេះ។ លោកថា៖ «ខ្ញុំសូមយល់ស្របចំពោះអ្វី ដែលសម្ដេច បានលើកឡើងគ្រប់យ៉ាងអំបាញ់មិញនេះ បញ្ហាបន្ដបន្ទាប់មកទៀត គឺយើងត្រូវរងចាំមើលឲ្យ រដ្ឋមន្ដ្រីក្រសួងការបរទេសប្រទេសទាំងពីរ បានជួបប្រជុំគ្នា ហើយ ខ្ញុំក៏យល់ស្រប ទៅលើចំណុច ដែលសម្ដេច បានលើកឡើងថា ពួកយើងទាំងពីរនាក់ នឹងសរសេរទៅជូនប្រធានាធិបតីបារាំង ដើម្បីស្នើសុំផ្ទេរផែនទី»។

សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ លោក ឯម សុវណ្ណារ៉ា សាទរចំពោះការខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលនេះ ដោយថា ផែនទី​ និងអ្នកជំនាញម កពីប្រទេសបារាំង អាចជួយក្នុងការកំណត់ព្រំដែន កម្ពុជា-ឡាវ ដោយមិនលម្អៀង និងកាត់បន្ថយជម្លោះ រវាងប្រទេសទាំងពីរ។ ប៉ុន្ដែលោកថា ការស្នើសុំផែនទី ពីបារាំងនេះ ហាក់មានភាពយឺតយ៉ាវបន្ដិច បើសិនជារដ្ឋាភិបាល ចង់បញ្ចប់បញ្ហាព្រំដែន នៅមុនការបោះឆ្នោតនាឆ្នាំក្រោយ។

បើតាមមន្ដ្រីព្រំដែន កម្ពុជា និង ឡាវ មានព្រំដែនជាប់គ្នា ប្រវែង ៥៤០ គីឡូម៉ែត្រ ដោយត្រូវបោះ​បង្គោល​ព្រំដែន ប្រមាណ ១៤៥ បង្គោល។ ប៉ុន្តែមកទល់ពេលនេះ ភាគីទាំងពីរ បានបោះរួចចំនួន ១២១ បង្គោល ស្មើនឹង ៨៣% នៅសល់ប្រមាណ ២៤ បង្គោលទៀត ខណៈចំណុចនៅសេសសល់នោះ គឺស្ថិតនៅ ខេត្តព្រះវិហារ និង ខេត្តស្ទឹងត្រែង៕

Advertisements
This entry was posted in Nokor and tagged , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s