លោក ហ៊ុន សែន ចោទប្រកាន់លោក កឹម សុខា ថាមានទោសបទ «ក្បត់​ជាតិ» នាំដល់ការចាប់ខ្លួន និង​បញ្ជូន​ទៅ​គុក ត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ

kem sokha vs hun

(Post Khmer, 03 Sept 2017 ដោយ ម៉ិច ដារ៉ា, Ananth Baliga and Shaun Turton)

ភ្នំពេញ៖ កាល​ពី​កណ្តាល​អាធ្រាត្រ​យប់​មិញ (ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ០០:៣៥ នាទី) ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​មន្រ្តី​សមត្ថកិច្ច​​ប្រមាណ ១០០ ​នាក់​ ធ្វើ​ការ​ឃាត់​ខ្លួន ជុំវិញ​បទ​ឃុបឃិត ​ជាមួយ​នឹង​មហាអំណាច​បរទេស និង​ ក្បត់​ជាតិ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ ត្រពាំងថ្លុង នៅ​ខេត្ត ត្បូងឃ្មុំ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​មន្រ្តី​ ក្រសួង​មហាផ្ទៃ​មួយ​រូប។

លោក កឹម​ សុខា និងក្រុម​អង្គរក្ស​របស់​លោក ត្រូវ​បាន​ឃាត់​ខ្លួន បន្ទាប់​ពី​មន្រ្តី​សមត្ថកិច្ច​ បាន​សម្រុក​ចូល​មក​ផ្ទះ​របស់​លោក​ ទាំង​យប់​រំលង​អាធ្រាត្រ​ថ្ងៃ​អាទិត្យនេះ បន្ទាប់​ពី​មាន​​ឃ្លីប​វីដេអូ​មួយ ​កាល​ពី​ឆ្នាំ ២០១៤ ដែល​ផលិត​​ឡើង ​ដោយ​ប៉ុស្តិ៍​ទូរទស្សន៍ អូស្ត្រាលី Cambodian Broadcasting Network (CBN) ត្រូវ​បាន​បង្ហោះ​ នៅ​លើ​បណ្តាញ​សង្គម Facebook ដែល​នៅ​ក្នុង​វីដេអូ​នោះ លោក​ បាន​ថ្លែង​ទទួល​ស្គាល់​ថា លោក ​បាន​ទទួល​ជំនួយ​ពី​សហរដ្ឋ​អាមេរិក ដើម្បី​ធ្វើ​ការ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​របប ​នៅ​ប្រទេស​កម្ពុជា។

ខណៈ​ទីតាំង​ ស្ថិត​នៅ​របស់​លោក​ កឹម សុខា នៅ​ពេល​នេះ ជា​បឋម​គឺ​ពុំទាន់​ច្បាស់ ប៉ុន្តែ​មន្រ្តី​នាំ​ពាក្យ​របស់​ក្រសួង​មហាផ្ទៃ​ លោក ខៀវ សុភ័គ្រ បាន​ឲ្យ​ដឹង​ថា តុលាការ​ បាន​ចេញ​បញ្ជា​ឲ្យ​បញ្ជូន ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ទៅ​កាន់​ពន្ធនាគារ​ត្រពាំង​ថ្លុង ​នៅ​ខេត្ត​ត្បូង​ឃ្មុំ។ លោក សុភ័គ្រ ​និយាយថា៖ ​«យើង​មិន​អាច​ឲ្យ​គាត់​រត់​ទៅណា​ទេ គាត់​បាន​យក​លុយ​ជន​បរទេស ដើម្បី​រៀប​ចំ និង​ធ្វើ​តាម​បរទេស​ដើម្បី​ផ្តួល​រំ​លំ​រដ្ឋាភិបាល… លោក ​មិន​បាន​ប្រើ​ពាក្យ​ថា «បោះ​ឆ្នោត» តែ​លោក​បាន​និយាយ​ថា ​«ផ្លាស់​ប្តូរ» និង «ទម្លាក់»»។

សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​មួយ​ កាល​ពី​យប់​មិញ​ ក៏​បាន​ឲ្យដឹងថា លោក​ កឹម សុខា ត្រូវ​បាន​ឃាត់​ខ្លួន​ពី​បទ «ឃុបឃិត​ជា​មួយ​នឹង​អំណាច​បរទេស» ដែល​មាន​ចែង​ទោស​ក្រោម​ មាត្រា ៤៤៣ ដែល​អាច​នាំ​មក​នូវ​ការ​ផ្តន្ទាទោស​ឲ្យ ជាប់​ពន្ធ​នាគារ​ពី ១៥ ទៅ ៣០ ឆ្នាំ។ សេចក្តី​ថ្លែងការណ៍​នេះ​បន្ត​ថា៖ ​«ការ​ឃុបឃិត​ខាងលើ​នេះ គឺ​ជា​អំពើ​ក្បត់ជាតិ… គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ ពី​ផែនការសម្ងាត់​ ឃុបឃិត​គ្នា​ រវាង​ឈ្មោះ កឹម សុខា និង​បក្ស​ពួក ជា​មួយ​បរទេស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះរាជាណាចក្រ​កម្ពុជា»។

ការ​ចាប់ខ្លួន​នេះ ​ត្រូ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ ការ​លើក​ឡើង​ដោយ​មិន​មាន​ភស្តុតាងមួយ​ចំនួន របស់​អ្នក​ប្រើ​បណ្តាញ​សង្គម Facebook ឈ្មោះ «កូនខ្មែរ» អស់​ជា​ច្រើន​សប្តាហ៍ និង​ត្រូវ​បាន​ចុះ​ផ្សាយ ​ដោយ​សារ​ព័ត៌មាន​ Fresh News ដែល​បាន​លើក​ឡើង​ពី​ការ​លូក​ដៃ​ចូល​ របស់​អំណាច​បរទេស​ តាម​រយៈ​បណ្តា​អង្គការក្រៅ​រដ្ឋាភិបាល ​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ។

កាល​ពី​ពេល​ថ្មី​នេះ អ្នក​ប្រើ​ប្រាស់​ Facebook រូប​នេះ បាន​ថ្លែងរិះ​គន់​ គណបក្ស​សង្គ្រោះ​ជាតិ​ របស់​លោក កឹម សុខា ថា ត្រូវ​បាន​បណ្តុះ​បណ្តាដោយ​ក្រុម​ជន​បរទេស ឲ្យ​ជំនួស​រដ្ឋាភិបាល ​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ ថ្កោល​ទោស​ការ​ចាប់​ខ្លួន ​មេ​ដឹក​នាំ​របស់​ខ្លូន ហើយ​ទាមទារ​ឲ្យ​ដោះ​លែង​រូប​ លោក​ កឹម សុខា ដោយ​មិន​មាន​លក្ខខណ្ឌ​អ្វី​ទាំង​អស់។

លោក​ ឡុង បុតា តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​មួយ​រូប ​បាន​បញ្ជាក់​ថា លោក កឹម​ សុខា ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ ​ត្រពាំង​ថ្លុង ដើម្បី​បង្ការ​ការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ណាមួយ ប្រសិន​ជា​លោក​ ត្រូវ​បាន​ឃុំ​ខ្លួន​ នៅ​រាជធានី​ភ្នំពេញ។ លោក ​បន្ថែម​ថា ​ការ​ថ្លែង​របស់​លោក ​កឹម សុខា​ ​នៅ​ឯ​ប្រទេស​អូស្រ្តាលី ត្រូវ​បាន​បកស្រាយ​ភាគ​ច្រើន​ នៅ​ក្នុង​ស្ថាប័ន​ព័ត៌មាន ​ក្នុង​ស្រុក ដែល​រណប​នឹង​រដ្ឋាភិបាល ក្នុង​អត្ថន័យ​ដែល​លោក​ កឹម សុខា គឺ​ជា​ចារបុរស​មួយ ​ដែល​ព្យាយាម​ធ្វើ​រដ្ឋប្រហារ ​ផ្តួល​រំលំ​រដ្ឋាភិបាល ប៉ុណ្ណោះ។

លោក​ថ្លែងថា៖ «ថាតើ CPP នឹង​​រំលាយ​គណបក្ស [ប្រឆាំង​] ដែរឬអត់​នោះ ខ្ញុំ​មិន​អាច​ធ្វើ​ការ​ស្រមៃ​បាន​ទេ។ ប្រហែល ពួក​គេ​​​នឹង​ព្យាយាម​ប្រមូល​នូវ​សក្ខីកម្ម ឬឯកសារ​ទាំង​ឡាយ​ ដូច្នេះ​ពួក​គេ​អាច​ចាប់​ខ្លួន​មេ​ដឹក​នាំ​ [បក្ស​ប្រឆាំង] ទាំង​អស់​បាន»។

លោក John Sifton មន្ត្រី​​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​​បាន​ហៅ​ការ​ចាប់​ខ្លួន​នេះ​ថាជា​ «ការ​ដើរថយ​ក្រោយ​មួយ ​នៃ​ស្ថានការណ៍​សិទ្ធិ​មនុស្ស​របស់​កម្ពុជា» ហើយ​បាន​ថ្លែង​ទៀត​ថា ដល់​ពេល​ដែលសមគមន៍​អន្តរជាតិ​ធ្វើ​ការ «កត់​សម្គាល់» មក​លើ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ហើយ។ លោក​និយាយថា៖​ «សមាគមន៍​អន្តរជាតិ​ ដែល​ផ្តល់ភាគច្រើន​នៃ​ថវិកា​ប្រចាំ​ឆ្នាំ​ របស់​រដ្ឋាភិបាល គួរ​តែ​ដាក់​សម្ពាធ​លោក​ ហ៊ុន សែន ថា ប្រសិន​ជា​លោក ​​មិន​កែ​ប្រែ​ស្ថានការណ៍​នោះ​ទេ វាពិត​ជា​ទៅ​ មិនរួច​នោះ​ឡើយ​ក្នុង​ការ​ពិចារណា ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ​ថា ​ជា​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៍​មួយ»។

ជាមួយ​គ្នា​នោះ​ដែរ លោក ហ៊ុន ម៉ានិត ​កូន​ប្រុស​​របស់​លោក ហ៊ុន សែនម្នាក់ បាន​ហៅ​លោក កឹម សុខា បង្ហោះលើ​តាម​​​បណ្តាញ​សង្គម Facebook ថា ជា​ជន​ក្បត់​ជាតិ។ លោក​បាន​សរសេរ​​ថា៖​« កឹម​សុខា ក្បត់​កម្ពុជាហើយ។ គាត់ ​បាន​សារភាព​ថា ខ្លួន​មាន​ផែនការ​រយៈ​ពេល​វែង ជាមួយ​នឹង​សហរដ្ឋ​អាមេរិក… ដោយ​សារ​តែ​គាត់​ យើង​បាន​ដឹង​ហើយ​ថា ​នរណា​គឺ​ជា​បាត​ដៃ​ទី​បី»។

ដោយឡែក ក្នុង​ពិធី​សំណេះ​សំណាល​ ជាមួយ​កម្មករ កម្មការិនី​រោងចក្រ​ជិត ៤០០០ ​នាក់ នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​ទៅ​បរទេស​ទាំង​ឡាយ មិន​ឲ្យ​លូក​លាន់​ កិច្ចការ​ផ្ទៃ​ក្នុង​របស់​ កម្ពុជា​នោះ​ទេ៕ TN

មានវីដេអូភ្ជាប់បន្ថែម៖

(ហ៊ុន សែន ចោទ កឹម សុខា រឿងក្បត់ជាតិ ខណៈ​អ្នកឃ្លាំមើល​ថា ហ៊ុន សែន ខ្លាច​ចាញ់ឆ្នោតជាតិ ២០១៨)

(រដ្ឋាភិបាល ហ៊ុន សែន ប្រើវីដេអូ (២០១៣)​ នេះ ចោទ និងចាប់ខ្លួន​ កឹម​ សុខា​ ព្រឹកថ្ងៃ ៣ កញ្ញា ២០១៧)

(លោក អេង ឆៃអ៊ាង បញ្ជាក់ជំហរបក្សប្រឆាំង CNRP ក្នុង​ភាពអាសន្ន ករណីការចាប់ខ្លួនលោក កឹម សុខា)

Advertisements
This entry was posted in Nokor and tagged , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s