សហរដ្ឋអាមេរិក និង អឺរ៉ុប ប្រឆាំងជំទាស់​ការចាប់ខ្លួន លោក កឹម សុខា ដោយហៅចំណាត់ការរបស់ ហ៊ុន សែន ថាជាដំណើរនយោបាយដ៏គ្រោះថ្នាក់

ហ.ស កឹម សុខា ម៉ែន ណាត

សហរដ្ឋអាមេរិក និង អឺរ៉ុប ប្រឆាំងជំទាស់​ការចាប់ខ្លួន លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ដែលធ្វើឡើងដោយអាជ្ញាធររដ្ឋាភិបាល ហ៊ុន សែន កាលពីយប់​រំលងអាធ្រាត ចូលថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិគ្រឹះរបស់លោក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ភ្នំពេញ។

(VOA, 04-9-2017ដោយ សុខ ខេមរា)
វ៉ាស៊ីនតោន — អាមេរិក​ និង ​អឺរ៉ុប ​ប្រឆាំង​នឹង​ការ​ចាប់ខ្លួន ​លោក​ កឹម សុខា​ មេដឹកនាំ​ក្រុម​ជំទាស់ ដោយ​បាន​ដាក់​សំណួរ ​ទៅលើ​ដំណើរការ ​និង​ភាព​ដែល​អាច​ជឿ​ទុកចិត្ត​បាន ​ចំពោះ​ការ​បោះឆ្នោត​ ដោយ​សេរី និង​យុត្តិធម៌​ នៅក្នុង​ឆ្នាំ​ ២០១៨ ​ខាង​មុខ។

ក្រសួងការ​បទេស​អាមេរិក​ និង​សហភាព​អឺរ៉ុប បាន​ប្រតិកម្ម​ជំទាស់​នឹង​ការ​ចាប់ខ្លួន ​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ពី​បទ​ដែល​អាជ្ញាធរ​ចោទ​ថា ក្បត់ជាតិ​ ឬ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ដែល​កាន់​អំណាច​ជាង ​៣០​ ឆ្នាំ។

នៅក្នុង​សេចក្តីថ្លែង​ការណ៍​ដាច់​ដោយ​ឡែក​ពីគ្នា​ ដែល VOA ​ទទួល​បាន ​ក្រសួង​ការបរទេស​អាមេរិក​បញ្ជាក់​ឲ្យ​ដឹង​ថា៖ «យើង​កត់​សម្គាល់​ពី​ក្តីបារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ចាប់ខ្លួន​លោក ​កឹម សុខា​ ដែល​ជា​មេដឹកនាំ​គណបក្ស​នយោបាយ​ជំទាស់ ​ដ៏​គួរ​ឲ្យ​គោរព​ ពី​បទចោទ​មួយ​ចំនួន​ ដែល​មើល​ទៅ​ហាក់​ដូចជា​មាន​និន្នាការ​នយោបាយ‍»។

សេចក្តី​ថ្លែងការណ៍​ដដែល​ បាន​បញ្ជាក់​ថា៖ «ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា​ កើត​ឡើង ​ក្រោយ​ពី​មាន​ជំហាន​ថ្មីៗ ​ប្រកប​ដោយ​ក្តីកង្វល់។​ ក្នុងនោះ​ គឺ​ការ​បំបិទ​សិទ្ធិ​សេរីភាព​ ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ ​ដែល​មិន​ធ្លាប់​កើត​មាន​ពីមុន។​ វិធានការ​ទាំងនេះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​អន្តរាយ​ ដល់​ដំណើរការ​ជឿនលឿន​របស់​កម្ពុជា​ ក្នុង​ទសវត្សរ៍​ថ្មីៗ​ ហើយ​ធ្វើឲ្យ​មាន​ការ​លើក​ឡើង​ ជា​សំណួរ​អំពី​សមត្ថភាព​របស់​រដ្ឋាភិបាល​ ក្នុងការ​រៀបចំ​ការ​បោះ​ឆ្នោតជាតិ​ ឆ្នាំ២០១៨​ ប្រកប​ដោយ​ការ​ជឿ​ជាក់ ដែល​អាច​បង្កើត​លទ្ធផល​បោះឆ្នោត​មួយ ​ដែល​ស្របតាម​ច្បាប់​គតិយុត្ត ​និង​ប្រជាធិបតេយ្យ​បាន‍»។

ដោយ​ឡែក​នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប​វិញ​បាន​បញ្ជាក់​ថា៖ «ការ​ចាប់ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ គឺ​លោក​ កឹម សុខា ​កាលពី​យប់​ថ្ងៃទី ២ កញ្ញា ​ឈាន​ចូល​ថ្ងៃទី​​ ៣ កញ្ញា​ គឺជា​ការ​រំលោភ​អភ័យឯក​សិទ្ធិសភា​ ហើយ​ជា​ការ​បញ្ជាក់​ពី​កំណើន​ស្ថានភាព​នយោបាយ​ ដ៏គ្រោះថ្នាក់។បន្ថែមពី​លើ​ទង្វើ​របស់​អាជ្ញាធរ​រដ្ឋាភិបាល​ថ្មីៗ​ ប្រឆាំង​នឹង​អង្គការ​ក្រៅរដ្ឋាភិបាល​ និង​អង្គការ​សារព័ត៌មាន​នានា​ ការចាប់ខ្លួន​នេះ ​ជា​ការ​ចង្អុល​បង្ហាញ​ឲ្យ​ដឹង​អំពី​ការ​ព្យាយាម​រឹតត្បិត​លំហរ​ប្រជាធិបតេយ្យ​ ក្នុងប្រទេស​កម្ពុជា​ និង​លំហរ​អំពី​ការ​រាយការណ៍​ព័ត៌មាន ការ​បញ្ចេញមតិ​ និង​ការិះគន់​ ដោយ​ឯករាជ្យ‍»។

សេចក្តី​ថ្លែងការណ៍​ដដែល​ បាន​បញ្ជាក់​ថា៖ «ដំណើរការ​ប្រជាធិបតេយ្យ​ដែល​គួរឲ្យ​ជឿជាក់​បាន​ ចំពោះ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ នាពេល​ខាងមុខ​ ក្នុងខែ​កក្កដា​ ឆ្នាំ២០១៨​ នោះ​ ចាំបាច់​ត្រូវមាន​បរិយាកាស ​ដែល​គណបក្ស​នយោបាយ​នានា​ អង្គការ​សង្គម​ស៊ីវិល ​និង​បណ្តាញ​ព័ត៌មាន ​អាច​អនុវត្ត​តួនាទី​របស់​គេរៀងខ្លួន​តាម​ច្បាប់​ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច គ្មាន​ការ​គំរាម​កំហែង​ ឬ​រឹតត្បិត​តាម​អំពើ​ចិត្ត​ឡើយ។​ សហភាព​អឺរ៉ុប​​ ត្រៀម​ខ្លួន​រួច​ជាស្រេច​ ដើម្បី​បន្ត​ជួយ​ដល់​កម្ពុជា​ ក្នុង​កិច្ច​ប្រឹងប្រែង​នេះ។ ​យើងក៏​រំពឹង​ថា​ អាជ្ញាធរ​កម្ពុជា​ គោរព​សិទ្ធិ​ទទួល​បាន​ដំណើរការ​ផ្លូវច្បាប់​ របស់​ពលរដ្ឋ​កម្ពុជា​ទាំងអស់ ហើយ​នឹង​ប្រតិបត្តិការ​របស់​ អង្គការ​នានា ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​ ដោយសារ​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោក​ កឹម សុខា​ យើង​សង្ឃឹម​ថា​ អាជ្ញាធរ​នឹង​ដោះលែង​លោក​ កឹម សុខា​ ជា​បន្ទាន់‍»។

ទន្ទឹមគ្នា​នឹង​មាន​សេចក្តី​ថ្លែងការណ៍​របស់​ សហគមន៍​អន្តរជាតិ​ និង ​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​នានា​នោះ​ ក៏​មាន​សេចក្តី​ថ្លែងការណ៍​ព្រោងព្រាត ​ពី​មន្ត្រី​យោធា​ជាន់ខ្ពស់​ និង​កងកម្លាំង​ប្រដាប់​អាវុធ មន្ត្រី​រដ្ឋាភិបាល​ និង​ពលរដ្ឋ​អ្នក​គាំទ្រ​គណបក្ស​គ្រប់គ្រង​ប្រទេស ​ត្រូវបាន​ផ្សព្វផ្សាយ​បន្ទរ​ តាម​ការ​ចោទប្រកាន់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ទៅលើ​មេដឹកនាំ​ជំទាស់​គឺ​លោក​ កឹម សុខា ​ផងដែរ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​ចេញ​ផ្សាយ​ភ្លាមៗ ​ក្រោយ​ការ​ចាប់ខ្លួន ​លោក ​កឹម សុខា​ ឱ្យ​ដឹង​ថា វីដេអូខ្លី​មួយ​ដែល​ចែកចាយ​តាម​បណ្តាញ​សង្គម ​និង​ភស្តុតាង​ប្រមូល​បាន​ដោយ​សម្ថកិច្ច ​បញ្ជាក់​ថា ​លោក កឹម សុខា ​បាន​រៀបចំ​ផែនការ​សម្ងាត់ ​ឃុបឃិត​គ្នា​ជាមួយ​បក្ខពួក​បរទេស​ ដែល​នេះ​គឺជា​អំពើ​ចារកម្ម ​ក្បត់​ជាតិ​ តាម​បញ្ញាត្តិ​ច្បាប់ ៤៤៣​ នៃ​ក្រម​ព្រហ្មទណ្ឌ។ សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា​ដដែល​​ អំពាវនាវ​ឱ្យ​មាន​ការ​ស្ងៀមស្ងាត់​ នឹង​ទុក​ករណី​នេះ​ ជូន​តុលាការ​កម្ពុជា ​ដើម្បី​បន្ត​នីតិវិធី​របស់​ខ្លួន។

នៅក្នុង សេចក្តីថ្លែង​ការណ៍​របស់​ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​របស់​លោក ​ម៉ែន ណាត ក្នុង​ប្រទេស​ន័រវេ ​បាន​ថ្កោល​ទោស ​ចំពោះ​ការ​ចាប់ខ្លួន​លោក​ កឹម សុខា ​ថា​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ​ និង​ច្បាប់ ​ហើយ​បាន​អំពាវនាវ​ដល់​ រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​ដោះលែង​លោក​ កឹម សុខា​ ជា​បន្ទាន់ ​និង​ដោយ​គ្មាន​លក្ខខណ្ឌ ​ដើម្បី​ធានា​ប្រក្រតីភាព​ឡើងវិញ​ នូវ​របបប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ផ្តល់​ឱកាស​ និង​ផ្តល់​សិទ្ធិ​សេរីភាព​ស្មើគ្នា ​ឲ្យ​គណបក្ស​ប្រឆាំង​ ចូលរួម​ប្រកួត​ប្រជែង​ ក្នុងការ​បោះឆ្នោត​ជាតិ​ នាពេល​ខាងមុខ​ ដោយសេរី​ យុត្តិធម៌ ​អាច​ទទួល​យក​បាន។

{លោក ម៉ែន ណាត}៖ «ខ្ញុំ​យល់​ថា​ បើ​រដ្ឋាភិបាល​ មិន​អនុវត្ត​ដូច​ជម្រាប​ជូនខាងដើមទេ ​មានន័យថា​ រដ្ឋាភិបាល ​ធ្វើ​រដ្ឋប្រហារ​ធម្មនុញ្ញ​ហើយ។​ ហើយ​យើង​ឃើញ​ថា​ ជា​ការ​ក្តោប​ក្តាប់​អំណាច​មួយ ​ឈាន​ទៅរក​ការ​ដឹកនាំ​បែប​ផ្តាច់ការ ​ដែល​ពលរដ្ឋ​កម្ពុជា ​មិនអាច​ទទួល​យក​បាន​ ជា​ដាច់ខាត‍»។

លោក​ ម៉ែន ណាត​ បាន​បន្ត​ថា​ រដ្ឋាភិបាល ​បាន​ធ្វើផ្ទុយ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ​និង​ កិច្ចព្រម​ព្រៀង​របស់ អ.ស.ប.​ចំពោះ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​អនុវត្តន៍​ប្រជាធិបតេយ្យ ។

ប្រទេ​សកម្ពុជា​ នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ នៅឆ្នាំ​២០១៨ ​ខាងមុខ​ ដែល​គណបក្ស​ជំទាស់​ ត្រូវគេ​ដឹង​ថា​ កំពុងឡើង​សំឡេង​ប្រកិតៗ ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ជាពិសេស​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ខែមិថុនា ឆ្នាំ២០១៧ ថ្មីៗនេះ៕

Advertisements
This entry was posted in Nokor and tagged , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s