រដ្ឋាភិបាលចិន គាំទ្រ​ការ​ចាប់​លោក កឹម សុខា នាំ​ឲ្យ​មាន​ការ​បារម្ភខ្លាំង​ អំពី​ការ​បង្ក្រាប​អ្នក​ប្រឆាំង

ad82bd89-2adb-40c1-95e1-38157707bb98

ការ​ចាប់​ខ្លួន​ប្រធាន ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាល​ពី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៣ កញ្ញា នោះ បាន​បង្ក​ការ​ភ្ញាក់​ផ្អើល ​ដល់​សហគមន៍​ជាតិ និង​អន្តរ​ជាតិ ក្នុង​នោះ​ក៏​មាន​ទាំង​ប្រទេស​មហា​អំណាច និង​ប្រទេស​ម្ចាស់​ជំនួយ ​របស់​កម្ពុជាផង​ដែរ។

(RFA, 07-9-2017, ដោយ យង់ ចាន់តារា)
សហគមន៍​អន្តរជាតិ​ បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ និង​ជា​បន្តបន្ទាប់ ព្រម​ទាំង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង ​លោក កឹម សុខា ជា​បន្ទាន់ លើកលែង​តែ​ប្រទេស ​ចិន មួយ​តែ​ប៉ុណ្ណោះ ​ដែល​បាន​បង្ហាញ​ការ​គាំទ្រ ​ចំពោះ​ចំណាត់ការ​ របស់​រដ្ឋាភិបាល​កម្ពុជា។ អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​យល់​ឃើញ​ថា ការ​គាំទ្រ​របស់​ចិន នេះ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ កាន់​តែ​ហ៊ាន​ធ្វើ​សកម្មភាព​បង្ក្រាប​អ្នក​មាន​ទស្សនៈ ​មិន​ស្រប​នឹង​ខ្លួន​ខ្លាំង​ជាង​មុន​ទៅ​ទៀត។

ស្ទើរ​គ្រប់​មហា​អំណាច​លោក​ខាង​លិច និង​សម្ព័ន្ធ​មិត្ត​របស់​ពួក​គេ បូក​រួម​ទាំង​អង្គការ​អន្តរជាតិ​ជាច្រើន​ទៀត ក្នុង​នោះ​មាន​ទាំង​ ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ផង បាន​លើក​ឡើង​ពី​ក្តី​ព្រួយ​បារម្ភ​របស់​ពួក​គេ ចំពោះ​ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព គឺ​លោក កឹម សុខា។

ក្រុម​ប្រទេស​ទាំងនោះ​ យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា គឺ​ជា​ការ​វិវឌ្ឍន៍​នយោបាយ​ដ៏​គួរ​ឲ្យ​គ្រោះថ្នាក់ និង​ជា​ការ​រឹតត្បិត​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ។ ស្ថិត​ក្នុង​បរិយាកាស​នយោបាយ ​អាប់អួរ​តាម​រយៈ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ បក្ស​ប្រឆាំង​បែប​នេះ អ្វី​ដែល​សហគមន៍​អន្តរជាតិ​ ព្រួយ​បារម្ភ​ជាង​គេ​នោះ គឺ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៃ​ការ​បោះឆ្នោត​ជាតិ​ ឆ្នាំ​២០១៨ ខាង​មុខ។

នេះ​មិន​រាប់​បញ្ចូល​ចំណាត់ការ​របស់​រដ្ឋាភិបាល​ប្រឆាំង​នឹង​អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ​ផង ដូចជា​ការ​បណ្តេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ការ​បិទ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និង​ស្ថានីយ​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វីអូអេ (VOA) វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) និង​កម្មវិធី​នយោបាយ​របស់​បក្ស​ប្រឆាំង​ជាដើម ដែល​ក្រុម​ប្រទេស​លោក​ខាង​លិច​យល់​ថា ជា​ការ​រឹតត្បិត​លំហ​នៃ​ការ​រិះគន់ ការ​បញ្ចេញ​មតិ និង​ការ​រាយការណ៍​ព័ត៌មាន​ដោយ​ឯករាជ្យ។

ក្រុម​ប្រទេស​លោក​ខាង​លិច និង​សម្ព័ន្ធ​មិត្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក កឹម សុខា និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ។

ទោះ​បី​ជា​យ៉ាង​ណា សេចក្តី​ថ្លែងការណ៍ និង​ការ​អំពាវនាវ​ទាំងនោះ​បែរ​ជា​ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាត់​ចោល និង​ចាត់​ទុក​ថា​គ្រាន់​តែ​ជា​ការ​ការពារ​មេ​បក្ស​ប្រឆាំង​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​តែ​ប៉ុណ្ណោះ។ លោក​ក៏​បាន​ព្រមាន​សហគមន៍​អន្តរជាតិ​កុំ​ឲ្យ​ឈឺ​ឆ្អាល​រឿង​ចាប់​ខ្លួន​លោក កឹម សុខា ព្រោះ​ករណី​នេះ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា៖ «អ្នក​ដែល​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ដើម្បី​ការពារ​ជន​នេះ គឺ​គ្រាន់​តែ​ដើម្បី​ការពារ​អាយ៉ង​របស់​ខ្លួន ដើម្បី​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​តែ​ប៉ុណ្ណោះ។ សូម​គោរព​អធិបតេយ្យភាព​ជាតិ​របស់​កម្ពុជា មិន​ត្រូវ​ប្រើ​វិធី​ផ្តួល​រំលំ​តាម​រយៈ​បដិវត្តន៍​ពណ៌​នោះ​ទេ»

លោក ហ៊ុន សែន អះអាង​ថា ជោគវាសនា​របស់​លោក កឹម សុខា គឺ​ស្ថិត​ក្នុង​ដៃ​តុលាការ ហើយ​លោក​អះអាង​ថា នឹង​ស្រាវជ្រាវ​រក​ជន​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឲ្យ​ដឹង​ថា តើ​អ្នក​ណា​ខ្លះ​ដែល​រួម​គំនិត​ក្នុង​រឿង​នេះ។

ស្រប​ពេល​គ្នា​នេះ កំពូល​មហា​អំណាច​អាស៊ី និង​ជា​ម្ចាស់​បំណុល​ធំ​ជាង​គេ​របស់​កម្ពុជាគឺ ​ចិន ក៏​បាន​ចេញ​មុខ​គាំទ្រ​ចំណាត់ការ​ របស់​រដ្ឋាភិបាល ​ក្រុង​ភ្នំពេញ ផ្ទុយ​ពី​ក្រុម​ប្រទេស​លោក​ខាង​លិច។ ពី​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​៤ កញ្ញា អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ ចិន លោក ហ្គេង ហ្ស័ង (Geng Shuang) បាន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​កាសែត​អំពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា ថា «ភាគី​ចិន តែងតែ​គាំទ្រ​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​លើក​កម្ពស់​សន្តិសុខ និង​ស្ថិរភាព​ជាតិ»

បន្ថែម​ពី​លើ​នេះ ក្នុង​ជំនួប​ជាមួយ​លោក ហេង សំរិន នៅ​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា អនុប្រធាន​សភាប្រឹក្សាភិបាល​ប្រជាជន​ចិន លោក វ៉ាង ជារូយ (Wang Jiarui) បាន​បញ្ជាក់​ជំហរ​ថា ចិន សូម​ធានា​ដល់​សន្តិសុខ​កម្ពុជា ហើយ​បើ​កម្ពុជា មាន​ឧបសគ្គ ចិន នឹង​នៅ​ពី​ក្រោយ​ជួយ​គាំទ្រ។

ជំហរ​គាំទ្រ​របស់​ចិន នេះ ធ្វើ​ឲ្យ​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា មួយ​ចំនួន​យល់​ថា វា​ជា​ការ​បើក​ដៃ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​កាន់​តែ​ហ៊ាន​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​ដើម្បី​កម្ចាត់​អ្នក​ប្រឆាំង។

អ្នក​កាសែត​ជនជាតិ​អូស្ត្រាលី និង​ជា​អ្នក​និពន្ធ​សៀវភៅ “ប្រទេស​កម្ពុជា របស់​លោក ហ៊ុន សែន” (Hun Sen’s Cambodia) លោក ស៊ិបប៊េស្ទៀន ស្រេ្ទងជីអូ (Sebastian Strangio) យល់​ឃើញ​ថា លោក ហ៊ុន សែន អាច​ធ្វើ​រឿង​ទាំងអស់​នេះ​បាន គឺ​ដោយសារ​តែ​មាន​ចិន នៅ​ពី​ក្រោយ​ខ្នង។ អ្នក​និពន្ធ​រូប​នេះ​សង្កត់​ធ្ងន់​ថា «ជាមួយ​នឹង​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​ប៉េកាំង លោក ហ៊ុន សែន មិន​ខ្លាច​នឹង​កម្ចាត់​សត្រូវ​ណា​ដែល​រូប​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា មិន​ពេញ​ចិត្ត​នោះ​ឡើយ»

ស្រដៀង​គ្នា​នេះ សាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ អកស៊ីដេនថល (Occidental College) ក្នុង​ទីក្រុង​ឡូសអែនជឺឡេស (Los Angeles) រដ្ឋ​កាលីហ្វ័រញ៉ា (California) បណ្ឌិត អៀ សុផល មើល​ឃើញ​ថា «ការ​គាំទ្រ​របស់​ចិន នេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​សុបិន្ដ​របស់​ខ្លួន» ក្នុង​ការ​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​មួយ។

អ្នក​និពន្ធ​សៀវភៅ​ស្ដីពី​ការ​ពឹង​ផ្អែក​លើ​ជំនួយ​អភិវឌ្ឍន៍​នៅ​កម្ពុជា (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy) រូប​នេះ​គិត​ថា ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង រួម​ទាំង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ​នៅ​ពេល​នេះ គឺ​ជា «ការ​កម្ចាត់​អ្នក​មាន​មតិ​ផ្ទុយ​ពី​រដ្ឋាភិបាល ដើម្បី​ធានា​ឲ្យ​បាន​នូវ​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ»

ទស្សនៈ​របស់​អ្នក​និពន្ធ និង​ជា​អ្នក​ឃ្លាំ​មើល​អន្តរជាតិ​ទាំង​ពីរ​រូប​នេះ ត្រូវ​បាន​ច្រាន​ចោល​ដោយ​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី គឺ​លោក ផៃ ស៊ីផាន។ លោក ផៃ ស៊ីផាន ដែល​ធ្លាប់​ជា​អតីត​សហការី​របស់​លោក កឹម សុខា នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែរ​នោះ បកស្រាយ​ថា ការ​គាំទ្រ​របស់​ចិន នេះ បង្ហាញ​ពី​ការ​មិន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ខុស​ពី​ក្រុម​ប្រទេស​លោក​ខាង​លិច​ដែល​លោក​យល់​ថា ច្រើន​យក​លេស​រឿង​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ដើម្បី​ផ្តួល​រំលំ​របប​ណា​មួយ​ដែល​ពួក​គេ​មិន​ពេញ​ចិត្ត៖ «ឈរ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​របស់​យើង​ដែល​ជា​ប្រជាធិបតេយ្យ​មួយ​ស្ថិត​នៅ​ក្នុង​សង្គម​អព្យាក្រឹត្យ ហើយ​និង​អធិបតេយ្យភាព​របស់​យើង មិន​មែន​បាន​សេចក្តី​ថា ចង់​បាន​ប្រជាធិបតេយ្យ យើង​លក់​ខ្លួន​ឲ្យ​អាមេរិក ឬ​ចិន នោះ​ទេ»

លោក ផៃ ស៊ីផាន បញ្ជាក់​បន្ថែម​ថា សេចក្តី​ថ្លែងការណ៍​ទាំងឡាយ​របស់​ក្រុម​ប្រទេស​លោក​ខាង​លិច គឺ​ជា​សិទ្ធិ​របស់​ពួក​គេ ហើយ​វា​នឹង​មិន​មាន​ឥទ្ធិពល​អ្វី​លើ​ករណី​លោក កឹម សុខា នោះ​ទេ ត្បិត​នេះ​ជា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា។ តែ​យ៉ាង​ណា លោក ផៃ ស៊ីផាន អះអាង​ថា នៅ​លើ​គោល​នយោបាយ​ការ​បរទេស កម្ពុជា នៅ​តែ​ជា​ដៃគូ​របស់​សហរដ្ឋ​អាមេរិក ព្រោះ​កម្ពុជា មិន​មែន​ជា​ប្រទេស​នុយក្លេអ៊ែរ ឬ​រដ្ឋ​ភេរវកម្ម​នោះ​ឡើយ ហើយ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា នៅ​ពេល​នេះ គឺ​មិន​មែន​ប្រឆាំង​នឹង​ផល​ប្រយោជន៍​របស់​អាមេរិក​នោះ​ទេ។

ជុំវិញ​រឿង​នេះ ប្រធាន​វេទិកា​អនាគត លោក អ៊ូ វីរៈ ថ្លែង​ថា រដ្ឋាភិបាល​មិន​អាច​ធ្វើ​មិន​ខ្វល់​នឹង​សេចក្តី​ថ្លែងការណ៍ ឬ​ការ​ទាមទារ​របស់​ក្រុម​ប្រទេស​លោក​ខាង​លិច​នោះ​ទេ ព្រោះ​ប្រទេស​ទាំងនោះ​ជា​ទីផ្សារ​ទិញ​ផលិតផល​កាត់​ដេរ ដូចជា​សម្លៀកបំពាក់ និង​ស្បែក​ជើង ដែល​ជា​ឆ្អឹង​ខ្នង និង​ជា​ដង្ហើម​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់​របស់​កម្ពុជា៖ «លោក​ខាង​លិច​មិន​ដាច់​ពី​ប្រទេស​កម្ពុជា ទាំងស្រុង​ទេ ហើយ​ក៏​មិន​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ដែរ ប៉ុន្តែ​បើ​រដ្ឋាភិបាល​ធ្វើ​ជ្រុល គេ (ប្រទេស​លោក​ខាង​លិចនឹង​លេង​ហើយ ព្រោះ​មិន​មាន​អ្វី​គ្រោះថ្នាក់​ដល់​គេ​ទេ។ ឥឡូវ​នេះ​យើង​ឃើញ​មាន​សេចក្តី​ថ្លែងការណ៍​មិន​ទាន់​ឃើញ​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ តែ​បើ​សិន​ជា​ជ្រុល​លើស​ពី​នេះ ខ្ញុំ​មើល​ទៅ​អាច​មាន​ប្រតិកម្ម​ជា​ដុំ​កំភួន មិន​មែន​ត្រឹម​សេចក្តី​ថ្លែងការណ៍​ប៉ុណ្ណឹង​ទេ ព្រោះ​នេះ​ជា​ករណី​ធ្ងន់ធ្ងរ»

អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​រូប​នេះ​បន្ត​ថា ការ​ដាច់​ទំនាក់ទំនង​ជាមួយ​ប្រទេស​លោក​ខាង​លិច នឹង​នាំ​មក​នូវ​គ្រោះថ្នាក់​សម្រាប់​កម្ពុជា ព្រោះ​ផលិតផល​សំខាន់ៗ​របស់​កម្ពុជា មិន​អាច​នាំ​ចេញ​ទៅ​ចិន បាន​ឡើយ ដោយសារ​ថ្លៃ​ដើម​ផលិត​របស់​ចិន ទាប​ជាង​កម្ពុជា ទៅ​ទៀត៖ «ចិន នឹង​សប្បាយ​ចិត្ត​នៅ​ពេល​ណា​ដែល​លោក​ខាង​លិច​ដក​ថយ ឬ​មួយ​ចាប់​ផ្តើម​កាត់​បន្ថយ​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​កម្ពុជា បាន​ន័យ​ថា​កម្ពុជា ពេល​នោះ​នឹង​អស់​ជម្រើស។ ប្រទេស​មួយ​ដែល​ជាប់​បំណុល​វ័ណ្ឌ​ក ហើយ​មិន​មាន​ជម្រើស​ផ្សេង គឺ​ជា​ប្រទេស​ងាយ​បំផុត​ក្នុង​ការ​ចរចា។ ត្រូវ​ចាំ​ថា កាលណា​គេ​ហុច​លុយ​ឲ្យ​យើង​ខ្ចី​ស្រេច​តែ​ចិត្ត យក​ទៅ​លេង​ល្បែង ឬ​យក​ទៅ​ចាយ កាលណា​យើង​សប្បាយ​នឹង​ការ​ខ្ចី ដល់​ពេល​ណា​មួយ​គេ​យក​កម្ចី​ហ្នឹង​ទៅ​គាប​យើង​ស្រេច​តែ​នឹង​ចិត្ត ពេល​នោះ​យើង​នឹង​ក្លាយ​ជា​ឧបករណ៍​របស់​គេ»

ចំណែក​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព (CICP) បណ្ឌិត ឈាង វណ្ណារិទ្ធិ យល់​ឃើញ​ថា «ស្ថានភាព​នយោបាយ​កម្ពុជា មិន​ល្អ​សោះ​ឡើយ ហើយ​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា»។ លោក​បន្ត​ថា «ប្រសិន​បើ​គោលការណ៍​ប្រជាធិបតេយ្យ​មិន​ត្រូវ​បាន​គោរព​ទេ​នោះ កម្ពុជា អាច​នឹង​ត្រូវ​ធ្វើ​ឲ្យ​ឯកោ​ក្នុង​ទំនាក់ទំនង​ការទូត ហើយ​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​សម្ព័ន្ធ​មិត្ត​របស់​ពួក​គេ នឹង​ដាក់​សម្ពាធ​ការទូត ឬ​ក៏​ដាក់​សម្ពាធ​សេដ្ឋកិច្ច​លើ​កម្ពុជា ក៏​ថា​បាន»

លោក​បន្ត​ថា «តម្លៃ​នយោបាយ​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គណបក្ស​ប្រឆាំង​នៅ​ពេល​ថ្មីៗ​នេះ គឺ​ខ្លាំង​ជាង​ព្រឹត្តិការណ៍​មុនៗ​ទៅ​ទៀត ហើយ​សន្តិភាព​នឹង​គ្មាន​អាយុកាល​វែង​ឡើយ ប្រសិន​បើ​គ្មាន​យុត្តិធម៌ នីតិរដ្ឋ និង​ស្ថាប័ន​ប្រជាធិបតេយ្យ​រឹងមាំ​ទេ​នោះ»

ទោះ​បី​ជា​យ៉ាង​ណា អ្នក​ស្រាវជ្រាវ​រូប​នេះ​យល់​ឃើញ​ថា «មាន​តែ​ការ​សន្ទនា និង​ការ​កសាង​ទំនុក​ចិត្ត​រវាង​ខ្មែរ និង​ខ្មែរ​ប៉ុណ្ណោះ ទើប​ជា​មធ្យោបាយ​ដោះស្រាយ​ភាព​ខ្វែង​គំនិត​គ្នា​ខាង​នយោបាយ​នេះ​បាន មិន​មែន​ជា​ការ​ធ្វើ​មហា​បាតុកម្ម​នោះ​ទេ»

Advertisements
This entry was posted in Nokor and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s