ពលរដ្ឋខ្មែរនៅ អឺរ៉ុប អូស្ត្រាលី អាមេរិក និង កាណាដា ​បាតុកម្ម​ទាមទាររដ្ឋាភិបាល ហ៊ុន សែន ដោះលែងលោក កឹម សុខា និងសេរីភាពព័ត៌មាន

image (1)

បន្ថែមលើអត្ថបទវិទ្យុអាស៊ីសេរីថា តាមពិតគឺពលរដ្ឋខ្មែរនៅ អឺរ៉ុប (នៅបារាំង និងអាល្លឺម៉ង់) អូស្ត្រាលី អាមេរិក (រដ្ឋកាលីហ្វ័នញ៉ា) និង កាណាដា ធ្វើបាតុកម្មក្នុងថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញ ក្នុងប្រធានបទ ទាមទារឲ្យរដ្ឋាភិបាល ហ៊ុន សែន ដោះលែងលោក កឹម សុខា និងសេរីភាពសារព័ត៌មានឡើងវិញ ដើម្បីធានាប្រក្រតីភាព ការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។ (ដោយ ម៉ែន ណាត)


សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា

(RFA, 10-9-2017, ដោយ ខែ សុណង)
សហគមន៍​ខ្មែរ​ក្នុង​ប្រទេស​​ ៣ នៅ​ថ្ងៃ​សៅរ៍ ទី​ ០៩ ខែ​កញ្ញា ជួបជុំ​គ្នា​នៅ​តាម​ទីក្រុង​មួយ​ចំនួន ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​ការ​ចាប់​ខ្លួន ​លោក កឹម សុខា ការ​បញ្ឈប់​លែង​ឲ្យ ​អង្គការ​អន្តរជាតិ អិន.ឌី.អាយ (NDI) ធ្វើ​ការងារ​ឃ្លាំមើល​កិច្ចការ​បោះឆ្នោត និង​ ការ​បិទ​ស្ថានីយ​ផ្សាយ​ព័ត៌មាន​បន្ត ​ឲ្យ​វិទ្យុ​បរទេស និង​បិទ​ស្ថាប័ន​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia daily) ។ បញ្ហា​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច ​ចាត់​ទុក​ថា រដ្ឋាភិបាល​អនុវត្ត​តាម​ច្បាប់។

សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស រួម​មាន​នៅ​​ប្រទេស​អូស្ត្រាលី (Australia) កាណាដា (Canada) និង​ប្រទេស​បារាំង (France) រាប់​រយ​នាក់​ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​លើក​បដា ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក កឹម សុខា ស្នើ​ឲ្យ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​ខាង​សារព័ត៌មាន​ នៅ​កម្ពុជា។

តំណាងរាស្ត្រ​ខ្មែរ-​អូស្ត្រាលី លោក ហុង លីម មាន​ប្រសាសន៍​ថា បាតុកម្ម​ធ្វើ​ឡើង​នៅ​មុខ​សាលាក្រុង​ស្ព្រីងវែល (Springvale Town Hall) ក្នុង​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) មាន​ពលរដ្ឋ​ប្រមាណ​ជាង ៤០០​នាក់។ លោក​ថា ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី មិន​នៅ​ស្ងៀម​ឡើយ​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​ដែល​បាន​ព្យាយាម​កម្ចាត់​មេដឹកនាំ​គណបក្ស​ប្រឆាំង​តាម​រូបភាព​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ថា ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ដោយ​អយុត្តិធម៌។ ក្រៅ​ពី​នេះ​លោក​ថា សហគមន៍​ខ្មែរ​ក៏​ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ​ធ្វើ​យ៉ាង​ណា​អន្តរាគមន៍​ឲ្យ​មេដឹកនាំ​ប្រទេស​កម្ពុជា អនុវត្ត​ស្មារតី​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ឲ្យ​បាន​ពេញលេញ​ដែល​លោក​ឃើញ​ថា កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង៖ «ពេល​នេះ​មាន​អ្នក​តំណាងរាស្ត្រ​ពី​សហព័ន្ធ​បាន​មក​ពីរ​នាក់ ម្នាក់​ជា​រដ្ឋមន្ត្រី​ស្រមោល គាត់​ថា​ស្អីៗ​ដែល​លោក កឹម សុខា ធ្វើ គឺ​ជា​តួនាទី​ភារៈ​ជា​មុខ​របរ​ជា​ប្រធាន​គណបក្ស​ប្រឆាំង គេ​ត្រូវ​ធ្វើ​ម៉េច​ទាក់ទាញ​ឲ្យ​ធ្លាក់​រដ្ឋាភិបាល​ដែល​គេ​ផ្សព្វផ្សាយ​ជា​គំនិត​យោបល់ ហើយ​មក​ចាប់​គេ​ដាក់​គុក វា​ហួស​ចិត្ត​មិន​ដែល​មាន»

លោក ហុង លីម បញ្ជាក់​ថា ទន្ទឹម​នឹង​គ្នា​នេះ សហគមន៍​ខ្មែរ​នៅ​រដ្ឋ​ពីរ​ទៀត​ក៏​ធ្វើ​បាតុកម្ម​ដូច​គ្នា​ដែរ។ ក្នុង​នោះ​រួម​មាន​សហគមន៍​ខ្មែរ​ធ្វើ​នៅ​មុខ​រដ្ឋ​សភា​នៅ​ទីក្រុង​អាឌីឡែត (Adelaide) ភាគ​ខាង​ត្បូង​ប្រទេស​អូស្ត្រាលី និង​ទីក្រុង​ស៊ីដនី (Sydney) ធ្វើ​នៅ​ទីតាំង​វត្ត​បូណារិត ហៅ​វត្ត​ខេមសារាម។

នៅ​ថ្ងៃ​សៅរ៍​ដដែល សហគមន៍​ខ្មែរ​ប្រមាណ ៣០០​ នាក់ ក៏​ជួបជុំ​គ្នា​បាតុកម្ម​ នៅ​មុខ​រដ្ឋ​សភា នា​ទីក្រុង​អូតាវ៉ា (Ottawa) ប្រទេស​កាណាដា (Canada) ដូច​គ្នា​ដែរ។

បាតុករ​ម្នាក់​ ក្នុង​ចំណោម​អ្នក​តវ៉ា​ លោកស្រី ទិត្យ ស្រីណាល រស់​នៅ​ទីក្រុង​ម៉ុងរ៉េអាល់ (Montreal) ប្រទេស​កាណាដា ថ្លែង​ថា សហគមន៍​ខ្មែរ​បាតុកម្ម​នៅ​ពេល​នេះ ​គឺ​ទាមទារ​ដោះលែង​លោក កឹម សុខា និង​អ្នក​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌ និង​អ្នក​ទោស​នយោបាយ។ ស្រប​គ្នា​នេះ លោកស្រី​ក៏​ស្នើ​ឲ្យ​ប្រទេស​កាណាដា ជួយ​ជ្រោមជ្រែង និង ​ឃ្លាំមើល​លើ​កិច្ចការ​បោះឆ្នោត​ ឆ្នាំ​២០១៨ ខាង​មុខ៖ «ការ​ធ្វើ​នេះ គឺ​យើង​អត់​បាន​រៀបចំ​គម្រោង​ទុក​មុន ពីព្រោះ​ពេលវេលា​វា​តក់ក្រហល់ ព្រោះ​យើង​ប្រតិកម្ម​រឿង​ចាប់​លោក កឹម សុខា គ្រាន់​តែ​យើង​ដឹង​ភ្លាម យើង​រៀបចំ​ការ​ទាមទារ​ភ្លាមៗ»

ចំណែក​នៅ​ ប្រទេស​បារាំង ​វិញ ក៏​មាន​ចលនា​បាតុកម្ម​ទាមទារ​ដែរ នៅ​ឯ​ទីលាន​សិទ្ធិ​មនុស្ស ទីក្រុង​ប៉ារីស។ សហគមន៍​ខ្មែរ ​ដែល​ចូលរួម​បាតុកម្ម​ លោក យុន សារុន ថ្លែង​ថា សហគមន៍​ខ្មែរ ​នៅ​ប្រទេស​បារាំង មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ ចំពោះ​ស្ថានភាព​នយោបាយ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មួយ​រយៈពេល​ចុង​ក្រោយ​នេះ។ លោក​យល់​ថា ប្រទេស​កម្ពុជា គ្មាន​ភាព​ឯករាជ្យ​របស់​ខ្លួន​ឡើយ​ គឺ​រវល់​តែ​ពឹង​ផ្អែក​បរទេស ហើយ​មាន​ការ​បែកបាក់​ពី​ខ្មែរ​គ្នា​ឯង​ទៅ​វិញ៖ «ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់​មិន​ដែល​គិត​ពី​នយោបាយ​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៩ មក ប៉ុន្តែ​ឆ្នាំ​នេះ​គឺ​ទ្រាំ​លែង​បាន ព្រោះ​អី​ប្រទេស​ខ្មែរ​កាន់​តែ​ហិនហោច​ទៅៗ គេ​ធ្វើ​បាប។ បាតុកម្ម​នេះ​យើង​ខ្ញុំ​ជម្រាប​ថា យើង​មិន​ទទួល​បក្សពួក​គណបក្ស​ណា​ទាំងអស់ គឺ​ទទួល​តែ​សមាគម​បម្រើ​ផល​ប្រយោជន៍​ក្នុង​សង្គម​ទាំងអស់ គណបក្ស​មិន​ព្រម​ឲ្យ​ចូលរួម​ជាមួយ​ទេ»

ឆ្លើយ​តប​ទៅ​នឹង​បាតុកម្ម​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា ជា​រូប​ភាព​មួយ​នៃ​ការ​សម្ដែង​មតិ។ ប៉ុន្តែ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​គួរ​ពិចារណា​ពី​តថភាព​សង្គម និង​ច្បាប់​ដែល​លោក កឹម សុខា ចង់​ឃុបឃិត​ជាមួយ​បរទេស​បំណង​ផ្ដួល​រលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​ជា​ទោស​ក្បត់ជាតិ៖ «និយាយ​ពី​ប្រសិទ្ធភាព គឺ​អត់​មាន​ទេ ពីព្រោះ​រដ្ឋាភិបាល​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់ ដែល​ពាក់ព័ន្ធ​នឹង​ភស្តុតាង និង​ឯកសារ​ច្បាស់លាស់​ដែល​លោក កឹម សុខា បាន​លាតត្រដាង​បើ​នៅ​ប្រទេស​ក្រៅ គេ​ព្យួរ​ក​បាត់​ទៅ​ហើយ ស្រុក​ខ្មែរ​អត់​មាន​ទោស​ប្រហារ​ជីវិត លោក កឹម សុខា គាត់​សំណាង​ហើយ​គាត់​ជាប់​គុក»

ដោយ​ឡែក​សហគមន៍​ខ្មែរ ​នៅ​តាម​បណ្ដា​រដ្ឋ​ជា​ច្រើន ​នៅ​សហរដ្ឋអាមេរិក នឹង​មាន​ការ​រៀបចំ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កញ្ញា នៅ​រដ្ឋ​វ៉ាស៊ីនតុន (Washington State) និង​រដ្ឋ​កាលីហ្វ័រញ៉ា (California)។ ក្រៅ​ពី​នោះ នៅ​ឯ​ប្រទេស​នូវែលហ្សេឡង់ (New Zealand) ក៏​មាន​ការ​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សេរីភាព យុត្តិធម៌ និង​លទ្ធិប្រជាធិបតេយ្យ។

ស្ថានការណ៍​ថ្មីៗ​ចុង​ក្រោយ​នេះ​ រួម​មាន លោក​នាយករដ្ឋមន្ត្រី​បណ្ដេញ​បុគ្គលិក​បរទេស​របស់​ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ (NDI) ចេញ​ពី​កម្ពុជា ការ​បិទ​ទ្វារ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) រឿង​ជំពាក់​ប្រាក់​ពន្ធ ការ​ហាម​មិន​ឲ្យ​ស្ថានីយ​វិទ្យុ ​នៅ​ស្រុក​ផ្សាយ​បន្ត​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) អាស៊ីសេរី (RFA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ព្រម​ទាំង​ការ​ចាប់​ខ្លួន​​មេដឹកនាំ​ គណបក្ស​ជា​បន្ត​បន្ទាប់ និង​ចុង​ក្រោយ ​គឺ​ការ​ចាប់​ខ្លួន​លោក កឹម សុខា។

អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក និង​បណ្ដុំ​អង្គការ​អន្តរជាតិ​កំពូលៗ​នៅ​លើ​ពិភពលោក​ចុង​ក្រោយ​នេះ ព្រួយ​បារម្ភ​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។ រដ្ឋាភិបាល​កាណាដា ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​រឹត​បន្តឹង​លើ​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

 

.

Advertisements
This entry was posted in Nokor and tagged , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s