ខ្មែរ​អាមេរិកាំង​ បាតុកម្មទាមទារ​រដ្ឋាភិបាល ហ៊ុន ​សែន​ បញ្ឈប់ការគាបសង្កត់​លើ សេរីភាព​បញ្ចេញមតិ​ និង​​ការ​បង្ក្រាប​អ្នកប្រឆាំង

21743333_1537290672998153_2543249889159209496_n

បដាពាក្យស្លោកមួយចំនួនរបស់ក្រុមបាតុករ៖ «ដោះលែងលោក កឹម សុខា ដោយឥតលក្ខខណ្ឌ»។ «ត្រូវមានការបោះឆ្នោត ឆ្នាំ២០១៨ សេរី និងយុត្តិធម៌»។ «ហ៊ុន សែន ចុះចេញទៅ!»។ «ហ៊ុន សែន ត្រូវគោរពកិច្ចព្រមព្រៀងក្រុងប៉ារីស»។ល។ឆ

សុខ ខេមរា និង សាយ មុន្នី)

ក្រុម​តំណាង​ពលរដ្ឋខ្មែរ​អាមេរិកាំង​ជាច្រើន ​មក​ពី​តាម​បណ្តា​រដ្ឋនានា​ បាន​មក​ប្រមូល​ផ្តុំគ្នា​ នៅមុខ​ក្រសួង​ការបរទេស​អាមេរិក​ កាល​ថ្ងៃសុក្រ (១៥ កញ្ញា ២០១៧) ដើម្បី​បញ្ចេញ​កំហឹង ​តវ៉ា​នឹង​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​នយោបាយ ​ក្នុង​ប្រទេស​កម្ពុជា ​ជា​ប្រទេស​កំណើត​របស់​ពួកគេ ​ក្រោយពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បញ្ជា​ឲ្យ​ចាប់ខ្លួន​លោក កឹម សុខា ​មេដឹកនាំ​ក្រុម​ជំទាស់ ​បិទ​បណ្តាញ​ព័ត៌មាន ​និង​បណ្តេញ​អង្គការ​ឯករាជ្យ​ មុន​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨។

ពលរដ្ឋ​ទាំងអស់​ ដែល​បាន​ចូលរួម​បាតុកម្ម ​បាន​កាន់​បដា​ផ្សេងៗ​គ្នា ​កាន់ទង់​ជាតិខ្មែរ និង​ទង់ជាតិ​អាមេរិកាំង ​និង​ប្រើប្រដាប់​បំពង​សម្លេង​ស្រែក​តវ៉ា​ ឬ​និយាយ​បញ្ចេញ​មតិ​មុន​នឹង​ដើរ​ជា​ក្បួន។

ថ្លែងប្រាប់​វីអូអេ ​(VOA)​ នៅក្នុង​ពេលធ្វើ​បាតុកម្ម​ លោក​ លឿង សោភ័ណ្ឌ​ មក​ពីក្រុង Chicago​ រដ្ឋ ​ Illinois ​បាន​ថ្លែង​ថា ​លោក​ទាម​ទារ​ឲ្យ​ក្រសួងការ​បរទេសអាមេរិក​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដោះ​លែង លោក ​កឹម សុខា​ និង​អ្នក​នយោបាយ​ផ្សេងទៀត​ ឲ្យ​មាន​សេរីភាព​ដោយ​ចាត់​ទុក​ថា ទង្វើ​រដ្ឋាភិបាល​ចុង​ក្រោយ​ជា​រឿង​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ទេ។ «ដូច្នេះ យើង​មិន​ចង់​ឃើញ​ជនផ្តាច់ការ​នៅ ក្នុង​ស្រុក​ខ្មែរ​តទៅ​ទៀត។​ យើង​ចង់​ឲ្យ​ប្រជាជន​ មាន​សិទ្ធិ​សេរីភាព ​ដើម្បី​ឲ្យ​ប្រជាជន​អាច​បោះឆ្នោត​រើស​អ្នក​ដឹកនាំ​ តាម​សេរីភាព ​មិន​ឲ្យ​មាន​ការ​សង្កត់​សង្កិន​ ជិះជាន់​សព្វបែប​យ៉ាងដូច​សព្វថ្ងៃ​នេះ​ទេ‍»។

លោកថា​ កម្ពុជា​នឹង​ជួប​បញ្ហា​សេដ្ឋកិច្ច ​និង​ប្រឈម​មុខ​នឹង​អន្តរជាតិ​ទាំងមូល ប្រសិន​បើ​ងាក​បែរ​ទៅ​គាំទ្រ​ប្រទេស ចិន​ ហើយ​គ្មាន​ការ​គោរព​សិទ្ធិមនុស្ស​ និង​មិន​ធ្វើតាម​ប្រជាធិបតេយ្យ ​ដែល​សហគមន៍​អន្តរជាតិ​ ដែល​ជា​ម្ចាស់​ជំនួយ​ចង់​បាន។ «បើសិនជា​លោក ​ហ៊ុន សែន ​គាត់​នៅតែ​គំរាម​កំហែង គាបសង្កត់​ប្រជាជន និង​មាន​សម្តី​តតាំង​ជាមួយ​ ស.រ.អា.​ ដូច្នេះ​ ខ្ញុំយល់​ឃើញ​ថា​ ទៅ​ថ្ងៃ​មុខ​មិន​ល្អ​ទេ ​បើសិន​ជា ​ស.រ.អា.​ បិទ​ទំនិញ​មិន​ឲ្យ​ចូល​ស.រ.អា.​ ប្រទេស​ខ្មែរ​នឹង​មាន​ការ​លំបាក​យ៉ាង​ច្រើន ​ជាពិសេស​កសិករ ​កម្មករ​នៅស្រុកខ្មែរ​ គឺ​គ្មាន​ការ​ធ្វើ​ គឺថា​នឹង​មាន​បញ្ហា​ធំ​នៅក្នុង​ប្រទេស​ខ្មែរ»។

លោក​ ម៉ម វីរៈ ​ពលរដ្ឋ​ខ្មែរអាមេរិកាំង​នៅ​រដ្ឋ​អូហៃយូ (Ohio) ​បាន​សម្តែង​ការ​មិន​ពេញចិត្ត​នឹង​របត់​នយោបាយ​កម្ពុជា​បច្ចុប្បន្ន ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ជួប​បញ្ហា ហើយ​ប្រឈម​មុខ​នឹង​អន្តរជាតិ។ «ខ្ញុំ​មាន​ជំនឿ​ថា​ បងប្អូន​ទាំងអស់​លោក​ដឹង ​លោក‍​យល់​អំពី​ទុក្ខព្រួយ ​អំពី​ទុក្ខកង្វល់​អំពី​ការ​បាត់បង់​សិទ្ធិ​គ្រប់​បែបយ៉ាង ​គ្រប់​ស្ថាប័ន​ទាំងអស់ ​លោក​នឹង​ទៅ​បោះឆ្នោត។​ខ្ញុំជឿ​ថា ​ខ្ញុំ​មិន​អាច​ទាយ​ ១០០ ​ភាគរយ​ទេ ​ក៏ប៉ុន្តែ​អ្វីៗ​ដែល​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់ គឺ​ថា​ អំពើ​នេះ​ សកម្មភាព​ដែល​រដ្ឋាភិបាល​ខ្មែរ ​ធ្វើ​សព្វ​ថ្ងៃ​នេះ គឺ​ប្រាចាក​នឹង​សីលធម៌​ ប្រាចាក​នឹង​អ្វីៗ​ទាំងអស់»។

លោក​ ចង់​ឃើញ​រដ្ឋាភិបាល​ដោះលែង​លោក កឹម សុខា ​ហើយ​នឹង​មេដឹកនាំ​ក្រុម​ជំទាស់​និង​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​បញ្ចេញ​មតិ ​និង​សេរីភាព​ព័ត៌មាន​វិញ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។ «គ្រប់​ស្ថាប័ន​ទាំងអស់​ គឺ​ស្ថិត​នៅ​ក្នុង​គំនាប​ របស់‍​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ដែល​គាត់​ចាត់ចែង​ប្រទេស ​ដែល​គាត់​ផ្ទេរ​យក​អំណាច​ដោយ​ពឹងពាក់​ទៅលើ​ប្រទេស ទោះបី​បរទេស​ណា​ក៏​ដោយ»។

បាតុកម្ម​តវ៉ានេះ ​គឺ​កើត​ឡើង​ក្រោយ​ពេល​ ដែល​មាន​ភាព​តានតឹង​ រវាង​កម្ពុជា​ និង ​ស.រ.អា. ​លើ​បញ្ហា​មួយ​ចំនួន ​ដែល​មេដឹកនាំ​កម្ពុជា​ លោក ​ហ៊ុន សែន​ដែល​កាន់​អំណាច​ជាង ​៣០ ឆ្នាំ​ បន្ត​ចោទ​ប្រកាន់ និង​វាយ​ប្រហារ​ថា ​ស.រ.អា. ​នៅពី​ក្រោយ​លោក កឹម សុខា​ ក្នុងការ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ​ហើយ ​លោក​ កឹម សុខា ត្រូវចាប់​ខ្លួន​កាលពី​យប់ថ្ងៃទី២​ ឈាន​ចូល​ដល់ថ្ងៃ​ទី៣ ​ខែកញ្ញា ​ឆ្នាំ២០១៧​ ពី​បទក្បត់​ជាតិ​ ដែល​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ​មិន​យល់​ស្រប​នឹង​ការ​ចោទប្រកាន់​នេះទេ​ ហើយ​សហគមន៍​អន្តរជាតិ​ចាត់ទុក​ថា​ នេះ​ជា​បទចោទ​ផ្នែក​នយោបាយ​ និង​ជា​ការ​បង្រ្កាប​ក្រុម​ជំទាស់​ ដែល​គេ​មើល​ឃើញ​ថា​ កំពុង​កើន​ប្រជាប្រិយភាព​មុន​ការ​បោះឆ្នោត​ជាតិ​ ឆ្នាំ​២០១៨។​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​តតាំង​ជាមួយ ​ស.រ.អា.​ ដែល​ដោយ​មិន​ចង់​ឃើញ​អធិតេយ្យ​កម្ពុជា​ត្រូវ​បរទេស ​រំលោភ​បំពាន។ «ខ្ញុំ​អំពាវនាវ​ជន​រួមជាតិ​កម្ពុជា​ ងើប​ឈរ​ឡើង​ដើម្បី​ឯករាជ្យ ​និង​សេរីភាព​អធិបតេយ្យភាព​របស់​ខ្លួន»។

ព្រះតេជ​ព្រះគុណ ​ជុំ វិចិត្រ ​ព្រះ​គ្រូ​សូត្រ​ស្តាំ​វត្តមុនីសុតារាម​ ក្នុង​រដ្ឋ​មីនីសូតា (Minnesota)​ មាន​ថេរៈដីកា​ថា​ ព្រះតេជ​ព្រះគុណ​ចង់​ឃើញ​ថា​ កម្ពុជា​មាន​ការ​ប្រែ​ទៅតាម​សហគមន៍​អន្តរជាតិ​ បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​នយោបាយ​រវាងខ្មែរ​ និង​ខ្មែរ ​ហើយ​គិតគូរ​ពី​ការ​អភិវឌ្ឍន៍​ប្រទេស​ជា​សំខាន់។ «យើង​មើល​ឃើញ​ថា​ ពិភពលោក​ទាំងអស់​រួមទាំង‍ ​ស.រ.អា. ជាដើម​ គឺ​គេ​បាន​ផ្ញើរ​សារ​បញ្ចេញ​សម្លេង​ បញ្ចេញសារ​នយោបាយ​របស់​គេ​ វា​ល្មម​នឹង​រដ្ឋាភិបាល​សព្វថ្ងៃ​ហ្នឹង ​ភ្ញាក់​ខ្លួន​ ឬក៏​ទទួល​យក​បាន​ថា អំពើ​ដែលខ្លួន​បាន​ប្រព្រឹត្ត​បាន​ធ្វើ​ គឺ​មិន​ត្រូវ​បាន​ទទួល​ស្វាគមន៍​ អំពី​រដ្ឋាភិបាល​ជាមិត្ត​នៅក្នុង​ទូទាំង​ពិភពលោក​ឡើយ»។

ក្រុម​បាតុករ​កាលពី​ថ្ងៃសុក្រ​នេះ​ បាន​បញ្ចប់​បាតុកម្ម​ ដោយ​អំពាវ​ជា​ផ្លូវការ ​ឲ្យ​ក្រសួងការ​បរទេស ស.រ.អា.​ និង​សហគមន៍​អន្តរជាតិ​ គាបសង្កត់​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ និង​អនុញ្ញាត​ឲ្យ​គណបក្ស​ជំទាស់​ ចូលរួម​ក្នុងការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨​ អនុវត្ត​ច្បាប់​ដាក់​ទណ្ឌកម្ម Manitsky Act ​លើ​របប​គ្រប់គ្រង​របស់ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន៕

Advertisements
This entry was posted in Nokor and tagged , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s