ពលរដ្ឋខ្មែរ​ក្រៅ​ប្រទេស មិន​ចង់​ឲ្យ​កម្ពុជា វិល​ទៅ​រក​ឆ្នាំ​សូន្យ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ទេ!​

21743333_1537290672998153_2543249889159209496_n

(RFA, 18-9-2017, មួង ណារេត)៖ ពលខ្មែរ-​អាមេរិកាំង និង​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​បំណង​រួម​តែ​មួយ គឺ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស សេរីភាព​ក្នុង​បញ្ចេញ​មតិ​ឡើង​វិញ ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​ប្រព្រឹត្ត​ទៅ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ​ និង​យុត្តិធម៌។ ពួកគាត់​ទាមទារ​ឲ្យ​អន្តរជាតិ​ ដាក់​សម្ពាធ​រដ្ឋាភិបាល​កម្ពុជា ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ការទូត​ដើម្បី​ស្តារ​ស្ថានការណ៍​ទាំង​នេះ។

ការ​ស្វះ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ ពី​សហរដ្ឋអាមេរិក​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ពលរដ្ឋ​មើល​ឃើញ​ថា រាជរដ្ឋាភិបាល​កម្ពុជា កំពុងតែ​ដឹក​នាំ​ប្រទេស​ឆ្ពោះ​ទៅ​កាន់​របប​ផ្ដាច់ការ ​ដោយ​បិទ​នូវ​សិទ្ធិ​សេរីភាព​ធំៗ ​របស់​ពលរដ្ឋ​ខ្លួន។ តាម​រយៈ​ញត្តិ​ដែល​ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ជាង ៤០០ ​នាក់ បាន​ដាក់​ទៅ​ឲ្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា កន្លង​ទៅ​នេះ ពលរដ្ឋ​ចង់​អោយ​សហរដ្ឋ​អាមេរិក ដាក់​សម្ពាធ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ការទូត​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្តារ​ស្ថានការណ៍​ដែល​កំពុង​កើត​ឡើង​នៅ​ពេល​នេះ។

ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-​អាមេរិកាំង​ លោក ទូច វិបុល ដែល​តំណាង​ក្រុម​អ្នក​តវ៉ា ហើយ​បាន​ប្រគល់​ញត្តិ​ជូន​មន្ត្រី​​ក្រសួង​ការ​បរទេស​អាមេរិក បញ្ជាក់​ថា មន្រ្តី​ជាន់​ខ្ពស់​អាមេរិក ទទួល​បន្ទុក​កិច្ចការ​កម្ពុជា បាន​ប្រាប់​លោក​ថា គេ​បាន​ថត​រូប​​នៃ​ហ្វូង​បាតុករ និង​បញ្ជូន​ទៅ​ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា​ ដើម្បី​បាន​ជ្រាប​អំពី​ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ-​អាមេរិក ដែល​សំដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​រដ្ឋាភិបាល​លោក​​ ហ៊ុន សែន។

តំណាង​បាតុករ​ដដែល​ដែល​បាន​ទៅ​ចូល​ជួប​មន្ត្រី​អាមេរិក បាន​បញ្ជាក់​បន្ថែម​​ថា មន្រ្តី​អាមេរិក ថ្លែង​អំណរគុណ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដែល​ក្រោក​ឈរ​ឡើង​បង្ហាញ​នូវ​ឆន្ទៈ​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​រំលោភច្បាប់ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ លោក​បន្ត​ថា តាម​មន្រ្តី​ជាន់​ខ្ពស់​នៅ​ក្នុង​ក្រសួង​ការបរទេស ប្រហែលជា​នៅ​ចុង​ខែ​នេះ នឹង​មាន​ច្បាប់​មួយ​ចេញ​ពី​សភា​សហរដ្ឋ​អាមេរិក ដែល​មាន​ការ​គាំទ្រ​ដោយ​ក្រសួង​ការ​បរទេស មាន​ចំណាត់ការ​ទៅ​លើ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ផង​ដែរ។

លោក​ ទូច​ វិបុល​ បាន​ឡើង​ធ្វើ​សេចក្តី​ថ្លែងការណ៍​រួម តំណាង​ឲ្យ​សំឡេង​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ពិភពលោក​ ដែល​ប្ដេជ្ញា​ថា នឹង​មិន​ឲ្យ​កម្ពុជា វិល​ទៅ​រក​ឆ្នាំ​សូន្យ និង​ក្រើន​រំលឹក​ឲ្យ​អន្តរជាតិ​កុំ​ភ្លេច​កាតព្វកិច្ច​របស់​ខ្លួន៖ «ក្នុង​ខណៈ​នេះ សហគមន៍​អន្តរជាតិ មិន​អាច​គេចវេះ​ពី​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​ម្តង​ហើយ​ម្តង​ទៀត​បាន​ទេ នៅ​ចំពោះ​មុខ​កម្ពុជា កំពុង​ធ្លាក់​ក្នុងរណ្តៅ​នៃ​របប​ផ្តាច់ការ។ លទ្ធិប្រជាធិបតេយ្យ​ក្រោម​របប​ ហ៊ុន សែន ទៅ​មុខ​មួយ​ជំហាន ថយ​ក្រោយ​ពីរ​ជំហាន ចាប់​តាំង​ពី​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អ៊ុនតាក់​ ក្នុង​ឆ្នាំ​១៩៩៣»

ពលរដ្ឋ​ខ្មែរ​មក​ពី​រដ្ឋ​មីនីសូតា (Minnesota) មក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​លោកស្រី​ចាត់​ទុក​ថា ជា​រដ្ឋាភិបាល​ផ្តាច់ការ មិន​គោរពតាម​ឆន្ទៈ​ប្រជារាស្រ្ត ព្រោះ​រំលោភ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ លោកស្រី វង្ស សុធី បន្ត​ថា រដ្ឋាភិបាល​មិន​គោរព​តាម​មាគ៌ា​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ​ ទើប​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ និង​ការ​បោះឆ្នោត​សេរី​ ត្រឹមត្រូវ និង​យុត្តិធម៌។

លោកស្រី​ទាមទារ​ឲ្យ​ផ្តល់​សេរីភាព​ដល់​បក្ស​ម្ខាង​ទៀត​ ដើម្បី​ធ្វើ​ឲ្យ​លំហ​ប្រជាធិបតេយ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ៖ «គាត់​មិន​អាច​មាន​តែម្នាក់​គាត់​ទេ។ បើ​សិនគាត់​មាន​តែ​ម្នាក់​គាត់​ អំណាច​ផ្ដាច់ការ​ហើយ។ យើង​ចង់​ឲ្យ​ដោះលែង​លោក​ កឹម សុខា ដោយសារ​ការ​ចោទ​ប្រកាន់​លើ​គាត់​ អត់​មាន​លក្ខណៈ ដែល​យើង​អាច​ទទួល​យក​បាន​ទេ។ ខ្ញុំ​បាន​មើល​វីដេអូ​គាត់​ដែលគាត់​និយាយ។ គាត់​និយាយ​ជា​លក្ខណៈ​ទូទៅ បើក​ចំហ នរណា​ក៏​អាច​មើល​បាន អត់​មែន​សម្ងាត់​ទេ អត់​និយាយពី​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ។ គាត់​និយាយ​អំពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ»

ចំណែក​ពលរដ្ឋ​ខ្មែរ​ដែល​មក​ពី​ទីក្រុង​ឡូវែល (Lowell) ឯ​ណោះ​វិញ ប្រឆាំង​ដាច់​ខាត ការណ៍​ដែល រដ្ឋាភិបាល​រឹតត្បិត​សិទ្ធិ​សេរីភាព​បណ្ដាញ​ផ្សព្វផ្សាយ និង​អង្គការ​សង្គមស៊ីវិល។ លោក​ថា មាន​តែ​សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ ដែល​អាច​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​ស្ដារ​ស្ថានការណ៍​ដុនដាប់​នេះ​បាន៖ «បង​ប្អូន​ស្នើ​ឲ្យ​ក្រសួង​ការបរទេស​ និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​សកលលោក​ចាប់​អារម្មណ៍​រឿង​នេះ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្ពុជា ឲ្យ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ដោះលែង​លោក​ កឹម សុខា និង​ស្នើ​ឲ្យ​មាន​ការ​បោះឆ្នោត​សេរី​ និង យុត្តិធម៌​នៅ​កម្ពុជា​ឆាប់ៗ»

អ្នក​តវ៉ា​ម្នាក់​ទៀត​ពី​ទីក្រុង​ឡូវែល​ដែរ អ្នកស្រី ស៊ូស៊ី ឈួន មិន​ត្រឹមតែ​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ប៉ុណ្ណោះ​ទេ ប៉ុន្តែ លោកស្រី​ទាមទារឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​ឥឡូវនេះ «ពួក​ខ្ញុំ​ធ្វើ​ដំណើរ​រាប់​រយ​គីឡូ ដើម្បី​មក​ទី​នេះ រួម​គ្នា​ទាមទារ​រក​យុត្តិធម៌​ជូន​ប្រទេស​កម្ពុជា។ លោក ហ៊ុន សែន យក​អាមេរិក​ជា​ខ្មាំង ដោយ​ចោទ​អាមេរិក ថា​ជាប់​ពាក់ព័ន្ធនឹង​អំពើ​ក្បត់​ជាតិ ក្នុង​ករណី​ចោទ​ប្រកាន់​លោក កឹម សុខា។ ពួកយើង​ខ្ញុំ​ទាមទារ​ឲ្យលោក ហ៊ុន សែន បញ្ឈប់​ការ​ចោទ​បែប​នេះ និង​ទាមទារ​ឲ្យ​លោក ហ៊ុន សែន​ ចុះ​ចេញ​ពី​អំណាច​ជា​បន្ទាន់។ អាមេរិកាំង​ជួយលុយ​ទៅ​ស្រុក​ខ្មែរ ដើម្បី​ជួយ​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​លោក ហ៊ុន​​ សែន និង​បក្ស​ពួក​នាំគ្នា​កេង​ប្រវ័ញ្ច​លុយ​ទាំង​នោះ។ យើង​ខ្ញុំ​សុំ​ស្នើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ​​ដាក់​ទណ្ឌកម្ម ​កុំឲ្យ​លោក ហ៊ុន សែន និង​មន្ត្រី​របស់​គាត់​ ជាន់​ទឹក​ដី​អាមេរិក​ឲ្យ​សោះ»

ពលរដ្ឋ​ខ្មែរ​នៅ​ឯ​ទីក្រុង​ឡុងប៊ិច​វិញ ក៏​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ជា​លើក​ទី​ពីរ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា នៅ​មុខ​សាលា​ក្រុង​ឡុងប៊ិច ដើម្បី​ទាម​ទារ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​សកម្មជន​នយោបាយ​ដទៃ​ទៀត។ ពួកគាត់​ទាមទារ​រក​សេរីភាព​ជូន​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា៕

17522853_10210164226199767_5144389267787131975_n6cfddf5a-f760-41ff-ac68-18acfc950b84

Advertisements
This entry was posted in Nokor and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s