ហ៊ុន សែន ដឹកនាំដោយ​អំពើ​ហិង្សា ​និង​សម្លាប់​​ក្រៅ​ប្រព័ន្ធ​ច្បាប់

F49E7752-FE12-4AAA-B05E-3EBC5A51D536_cx0_cy2_cw0_w1023_r1_sសឹ

អ្នកវិភាគ និង​អ្នកច្បាប់​ចាត់​ទុក​ការដឹកនាំ​របស់​លោក ហ៊ុន សែន ថា ពោរពេញ​ដោយ​អំពើ​ហិង្សា និង​ការ​បាញ់​សម្លាប់​មនុស្ស​ក្រៅច្បាប់ ទោះបីជា លោក​ថ្លែង​ទៅកាន់​កម្មករ​ថា លោក​មិន​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ នៅ​លើ​ទឹកដី​កម្ពុជា​យ៉ាងណាក្ដី។ ក្រុម​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ជាតិ អន្តរជាតិ អះអាង​ថា រយៈពេល​ជាង​ ៣០ ​ឆ្នាំ​មកនេះ ពលរដ្ឋ​បាន​ដឹង​ច្បាស់​ហើយ​ថា ការ​បាញ់​សម្លាប់​មនុស្ស បាន​កើត​មាន​ជា​ហូរហែ ដូចជា​បាញ់​បង្ក្រាប​ក្រុម​កម្មករ​ ពេល​ធ្វើ​បាតុកម្ម និង​អាជ្ញាធរ​រដ្ឋាភិបាល​ ប្រើកង​កម្លាំង​ប្រដាប់​អាវុធ បាន​បណ្ដេញ​ពលរដ្ឋ​ចេញពី​ដីធ្លី​ជាដើម។


(RFA Khmer / 20-12-2017 / ដោយ ទិន ហ្សាការិយា)
ការធានា​សន្តិសុខ សន្តិភាព នៅ​ក្នុង​សង្គម គ្មាន​ការរើសអើង​គ្នា និង​អំពើ​ហិង្សា គឺជា​តួនាទី​ចាំបាច់​របស់​អាជ្ញាធរ​រដ្ឋាភិបាល ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែ​ជាក់ស្ដែង​នៅ​ក្នុង​របប​គ្រប់គ្រង​របស់​លោក ហ៊ុន សែន មាន​អំពើ​ហិង្សា​ជាច្រើន​កើតឡើង ក្នុង​នោះ មានការ​បណ្ដេញ​ចេញពី​លំនៅឋាន​ដោយ​បង្ខំ ការ​បាញ់​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់ មាន​សកម្មជន​បរិស្ថាន អ្នកវិភាគ សហជីព សិល្បករ និង​អ្នកសារព័ត៌មាន​ជាដើម។

អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​រួម​ទាំង​បក្ស​ប្រឆាំង​ផង​គ្មាន​អាវុធ​អ្វី​ទេ។ លោក​ថា រដ្ឋាភិបាល​ទៅវិញ​ទេ ដែល​ប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ ដើម្បី​បង្ក្រាប​ទៅលើ​ក្រុម​បាតុកម្ម​ទៅលើ​បាតុករ និង​បាញ់សម្លាប់​ទោះបីជា​កម្ពុជា​គ្មាន​ទោស​ប្រហារ​ជីវិត​ក្ដី។ «»

ការ​លើកឡើង​របស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ នៅ​បន្ទាប់​ពី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៅកាន់​កម្មករ​ជាង ១​ម៉ឺន​នាក់ កាលពី​ថ្ងៃ​ទី​២០ ធ្នូ ថា លោក មិន​ឲ្យ​ប្រទេស​កម្ពុជា​មាន​មនុស្ស​ស្លាប់​ទេ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។

លោក ហ៊ុន សែន តែង​តែ​ចោទ​ប្រកាន់​មេដឹកនាំ​គណបក្សប្រឆាំង​ថា ជា​ជន​ក្បត់ជាតិ និង​បំផ្លាញ​ជាតិ។ ហើយ​តុលាការ​របស់​លោក រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ក៏​ដោយសារតែ​រដ្ឋាភិបាល​ចោទប្រកាន់​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ពី​ក្បត់ជាតិ​ដែរ។ ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន ប្រកាស​ជាថ្មី​ថា លោក​នឹង​មិន​ឲ្យ​អ្នកណា​មក​បំផ្លាញ​ជាតិ និង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ឡើយ។ «»

ឆ្លើយតប​ទៅ​នឹង​ការចោទប្រកាន់​របស់​លោក ហ៊ុន សែន នេះ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ដែល​កំពុង​រង​បណ្ដឹង​របស់​លោក ហ៊ុន សែន និង​មន្ត្រី​បក្ស​ពួក​លោក ប្ដឹង​ពី​បទ​ក្បត់ជាតិ​នោះ មាន​ប្រសាសន៍​ថា អ្នក​ដែល​ក្បត់ជាតិ​នោះ មិនមែន​ក្រុម​បក្ស​ប្រឆាំង ឬ​រួប​លោក​ឡើយ។ លោក​អះអាង​ថា លោក ហ៊ុន សែន ទៅវិញ​ទេ ដែល​ក្បត់ជាតិ​នោះ។ «»

ទាក់ទង​និង​ការ​លើក​ឡើង​ថា លោក​មិន​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​នោះ គឺ​ហាក់​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក កាលពី​ខែ​វិច្ឆិកា ដែល​លោក ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​ថា លោក​មានការ​សោកស្ដាយ ដែល​មិនបាន​សម្លាប់​ក្រុម​ធ្វើបាតុកម្ម​ប្រឆាំង​រូបលោក​កាលពី​ឆ្នាំ​២០១៣ បើ​លោក​ដឹង​ថា អ្នក​ទាំងនោះ ជា​ក្រុម​ក្បត់ជាតិ​លោក​សម្លាប់ចោល​ទាំងអស់។ នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​លោក ហ៊ុន សែន បង្ហាញ​ពី​ចេតនា​ឧក្រិដ្ឋ​ក្នុង​ការ​សម្លាប់​មនុស្ស​ក្រៅច្បាប់​នេះ។ លោក​ធ្លាប់​បាន​គំរាម​ឲ្យ​មនុស្ស​បក្ស​ប្រឆាំង​ត្រៀម​ក្ដារ​មឈូស​បើ​ចង់​តតាំង​ប្រឆាំង​គាត់។ កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០១៧ នេះ លោក ហ៊ុន សែន ក៏​បាន​ថ្លែង​ដោយ​មិន​ញញើត​ក្នុង​ការ​សម្លាប់​មនុស្ស ១០០ ទៅ ២០០​នាក់ ដែល​លោក​អះអាង​ថា កម្ទេច​ចោល​ដើម្បី​ការពារ​សន្តិភាព​ជាដើម។

ការ​លើកឡើង​របស់​លោក ហ៊ុន សែន នេះ ត្រូវ​បាន​អ្នកច្បាប់​អន្តរជាតិ​ពន្យល់​ថា លោក ហ៊ុន សែន កំពុង​លាតត្រដាង​ភស្តុតាង​កាន់​តែ​ច្បាស់​ពី​ចេតនា​របស់​លោក​ក្នុងនាម​ជា​មេដឹកនាំ​ប្រទេស ចង់​សម្លាប់​ពលរដ្ឋ​ខ្លួនឯង ដែល​បង្ហាញ​ពី​ភាពឃោរឃៅ​របស់​ខ្លួន និង​កំពុងតែ​ទាញ​នាវា​ប្រជាធិបតេយ្យ​របស់​កម្ពុជា ធ្លាក់​ចូល​របប​ផ្ដាច់ការ​កាន់តែ​ធ្ងន់ធ្ងរ ព្រោះថា ការសំដែង​មតិ និង​បាតុកម្ម​ទាមទារ​យុត្តិធម៌​សង្គម ដែល​ត្រូវ​បាន​ធានា​នៅ​ក្នុង​ច្បាប់​ជាតិ អន្តរជាតិ តែ​បែរជា លោក ហ៊ុន សែន ចោទ​ថា ក្បត់ជាតិ​ទៅវិញ។ អ្នកច្បាប់​លើក​ឡើង​ថា លោក ហ៊ុន សែន កំពុងតែ​រំលោភ​រដ្ឋធម្មនុញ្ញ​ម្ដង​ហើយ​ម្ដងទៀត ក្នុង​ការប្រកាស​ប្រហារជីវិត​ក្រុម​ប្រឆាំង​រូបលោក​នោះ ពី​ព្រោះ​ថា កម្ពុជា​គ្មាន​ទោស​ប្រហារ​ជីវិត​ឡើយ។

មេធាវី​អន្តរជាតិ និង​ជា​ជនជាតិ​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) អះអាង ថា លោក ដាក់​ភស្តុតាង​បន្ថែម​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ លោក​អះអាង​ថា មូលហេតុ​នៃ​ការ​ដាក់​ភស្តុតាង​បន្ថែម​នេះ ដោយសារតែ​លោក ហ៊ុន សែន បង្ហាញ​ចេតនា​ឧក្រិដ្ឋ​ក្នុង​ការ​សម្លាប់​រង្គាល​ទៅ​លើ​ហ្វូង​អ្នក​បាតុករ ដែល​តវ៉ា​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ជាតិ កាលពី​ឆ្នាំ​២០១៣។

កាលពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤ គឺ​មាន​ចលនា​បាតុកម្ម​ជាច្រើន​ក្រុម គឺ​ក្រុម​គាំទ្រ​បក្ស​ប្រឆាំង បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត និង​ក្រុម​កម្មករ​ធ្វើបាតុកម្ម​ដើម្បី​ទាមទារ​សុំ​ដំឡើង​ប្រាក់ខែ​ជាដើម។ អាជ្ញាធរ​រដ្ឋាភិបាល​បាន​បាញ់សម្លាប់​កម្មករ​យ៉ាង​ហោច​ណាស់​ស្លាប់ ៤​នាក់ របួស​ជាង ២០​នាក់ និង​មាន​អ្នក​នៅ​បាត់​ខ្លួន​មិនទាន់​រក​ឃើញ​នៅឡើយ​រហូត​មក​ដល់​ពេល​នេះ។ មក​ទល់​ពេល​នេះ ឃាតក​ដែល​ជា​ក្រុម​សមត្ថកិច្ច​នោះ មិន​ត្រូវ​បាន​តុលាការ​ចាប់ខ្លួន យក​មក​ផ្ដន្ទាទោស​នោះ​ឡើយ។

លោក មេធាវី ហែម សុជាតិ ពន្យល់​ថា បទល្មើស​ឧក្រិដ្ឋ​គឺ​មាន​អាជ្ញាយុកាល​១៥​ឆ្នាំ ហើយ​បទល្មើស​ឧក្រិដ្ឋ​នេះ តុលាការ​ត្រូវតែ​ស៊ើបអង្កេត​កំណត់​ជនសង្ស័យ និង​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​ភ្លាមៗ មិន​ត្រូវ​អូស​បន្លាយ​ពេល​យូរ​ទេ។ «»

ក្រៅ​ពី​នេះ លោក​អំពាវនាវ​ឲ្យ​កម្មករ កម្មការិនី​ទៅ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ដោយ​ពន្យល់​អំពី​ការប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន ហាក់បីដូចជា​អ្នកច្បាប់​កំពុង​ពន្យល់​អំពី​តួនាទី​របស់​ពលរដ្ឋ ដោយ​ហាក់​មិន​ខ្វល់​អំពី​សកម្មភាព​របស់​លោក ដែល​ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង បិទ​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រមូលផ្ដុំ និង​សិទ្ធិ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ឡើយ។ «»

លោក បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ទោះបីជា​លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ហាក់​ដូច​ជា​លោក​កំពុងតែ​លើកស្ទួយ​សិទ្ធិ​ពលរដ្ឋ​ដូច្នេះ​ក្ដី ប៉ុន្តែ​លោក ហ៊ុន សែន មិន​អាច​បិទបាំង​នូវ​អ្វី​ដែល​កើតមាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ទេ ហើយ​ពលរដ្ឋ​ក៏​មាន​ការ​យល់ដឹង​ច្រើន​អំពី​នយោបាយ និង​សង្គម​ដែរ។ «»

អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​សំអាង​របាយការណ៍​ចុងក្រោយ​មួយ​រៀបរាប់​ថា លោក ហ៊ុន សែន បាន​បំពាន​រំលោភបំពាន ចាប់ចង និង​បាញ់សម្លាប់​មនុស្ស​ជា​បន្តបន្ទាប់ ប្រព្រឹត្ត​ដោយ​កងកម្លាំង​នគរបាល និង​យោធា​ដែល​អនុវត្ត​ក្រោម​បញ្ជា​របស់​ភ្នាក់ងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រៅ​ពី​នេះ គេ​បាន​បង្កើត​ក្រុម​កងកម្លាំង​ជាច្រើន មាន​ទាំង​ក្រុម​ចំហ និង​ក្រុម​សម្ងាត់។ ក្រុម​ប្រភេទ​នេះ​មាន​ទាំង​នៅ​ថ្នាក់​ក្រសួង បណ្ដា​ក្រុង និង​ខេត្ត។

អ្នកធ្វើការ​តាម​ក្រុម​ទាំងនោះ​អាច​នឹង​ត្រូវ​គេ​ជ្រើសរើស​ចេញពី​កងកម្លាំង​រក្សា​សន្តិសុខ។ ភាគច្រើន​នៃ​ក្រុម​ទាំងនោះ ត្រូវ​បង្កើត​ក្នុង​គោលដៅ​វាយប្រហារ​ក្រុម​ប្រឆាំង។ ក្នុងចំណោម​ក្រុម​ទាំងនោះ​មាន​ក្រុម​មួយ​ដែល​ទំនងជា​ក្រុម​ដែល​ក្រោយមក​បាន​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ដោយ​គ្រាប់បែក​លើ​ហ្វូង​បាតុករ​ក្នុង​ឆ្នាំ​១៩៩៧ និង​ការ​រំលោភបំពាន​ផ្សេងទៀត ហើយ​ក្រោយមក​ក្រុម​នេះ​បាន​ប្ដូរ​ឈ្មោះ​ថ្មី គឺ​កងពលតូច ង​៧០ ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​កងកម្លាំង​ផ្ទាល់​របស់​លោក ហ៊ុន សែន។ ក្នុង​របាយការណ៍​ដដែល​បាន​លើក​ឧទាហរណ៍​ជាក់ស្ដែង ពី​ក្រុម​មួយ​ដែល​ដឹកនាំ​ដោយ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋ​កម្ពុជា ដែល​អាច​ជាប់​ទាក់ទង​នឹង​គម្រោងការ​សម្លាប់​សកម្មជន​ប្រឆាំង។

នៅ​ឆ្នាំ​២០១២ ក៏​មាន​អំពើ​ហិង្សា​ជាច្រើន​ទៀត បាន​កើត​ឡើង រវាង​កងកម្លាំង​រក្សា​សន្តិសុខ​របស់​រដ្ឋ ស្រប​ពេល​ដែល​មានការ​ផ្ដល់​ដី​ដល់​ឈ្មួញ​អ្នក​មាន​អំណាច​កើន​ឡើង។ ម្យ៉ាងវិញទៀត ការ​មិន​ពេញចិត្ត​ចំពោះ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល នៃ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច បាន​បង្កើត​ភាព​ចលាចល​នៃ​កម្លាំង​ពលកម្ម។

ក្នុង​ខែ​មេសា ឆ្នាំ​២០១២ សកម្មជន​ការពារ​ព្រៃឈើ និង​បរិស្ថាន លោក ឈុត វុទ្ធី ត្រូវ​បាន​កងកម្លាំងប្រដាប់អាវុធ​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច បាញ់សម្លាប់​នៅ​ក្នុង​ព្រៃ​នៅ​ខេត្ត​កោះកុង នៅ​ពេល​ដែល​រូបលោក​បាន​ព្យាយាម​ថត​សកម្មភាព​ការ​កាប់​ឈើ​ដោយ​ខុសច្បាប់។ មួយ​ខែ​ក្រោយមក គឺ​នៅ​ខែ​មិថុនា ក្នុង​ឆ្នាំ​២០១២ ក្មេង​ស្រី​ម្នាក់ ឈ្មោះ ហេង ចន្ធា ត្រូវ​បាន​កង​កម្លាំង​រដ្ឋាភិបាល​បាញ់សម្លាប់​នៅ​ខេត្ត​ក្រចេះ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​បាន​តវ៉ា​ពី​ការរំលោភ​ដីធ្លី​ពី​ឈ្មួញ​បរទេស។

សម្រាប់​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ អំពើ​ហិង្សា​និង​កា​រំលោភ​សិទ្ធិមនុស្ស​នៅតែ​បន្ត​កើតមាន គឺ​ការ​បាញ់​សម្លាប់​អ្នកវិភាគ​ឥត​សំចៃ​មាត់ លោក បណ្ឌិត កែម ឡី នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ ការ​ចាប់ចង​សកម្មជន​បរិស្ថាន អ្នក​សារព័ត៌មាន ការ​ចាប់ចង​សកម្មជន​បក្ស​ប្រឆាំង តំណាងរាស្ត្រ ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា ជា​និង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ជាដើម។ គិត​ចាប់ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា មក សហគមន៍​អន្តរជាតិ មាន​ការ​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​បន្តបន្ទាប់ ក្នុង​នោះ​អាមេរិក និង​សភា​សហភាព​អឺរ៉ុប បានសម្រេច​មិន​ផ្ដល់​ទិដ្ឋាការ ឬ​វីសា ដល់​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​គ្រួសារ ដែល​ចូលរួម​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ មិន​ឲ្យ​ជាន់​ទឹកដី​អាមេរិក​ជាដើម។

ប្រទេស​ទាំងនេះ ព្រមាន​ថា គេ​នឹង​មាន​វិធានការ​ជា​បន្តបន្ទាប់​ទៀត បើសិនជា​លោក ហ៊ុន សែន មិន​វិល​ទៅ​រក​ការ​គោរព​សិទ្ធិមនុស្ស​ទេ​នោះ ហើយ​ទោះជា​មានការ​បោះឆ្នោត​ឆ្នាំ​២០១៨​ក្ដី បើ​គ្មាន​វត្តមាន​បក្ស​ប្រឆាំង​ទេ​នោះ សហគមន៍​អន្តរជាតិ​នឹង​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ឡើយ៕

Advertisements
This entry was posted in Nokor and tagged , , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s