ហ៊ុន សែន ពឹងពាក់វៀតណាម ​ឲ្យជួយបង្រ្កាបអ្នកប្រឆាំង ដោយចោទថា​ ជាបដិវត្តពណ៌

Capture

ហ៊ុន សែន ពឹងពាក់ យួន គ្រប់កាលៈទេសៈ ទាំងនៅពេលឡើងកាន់អំណាច និង នៅពេលភ័យខ្លាចបាត់បង់អំណាចវិញ។ ជាពិសេសថ្មីៗនេះ សហគមន៍អន្តរជាតិ មានសហរដ្ឋអាមេរិក អឺរ៉ុប សហភាពអន្តរសភា (IPU) និងប្រទេសលោកសេរី ដាក់សម្ពាធធ្ងន់ធ្ងរ​ លើរបប ហ៊ុន សែន ចាប់តាំងពីខែសីហា ឆ្នាំ២០១៧ ដោយសារ ហ៊ុន សែន បញ្ជាឲ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ, បងក្រាប និង គាប់អង្គការសង្គមស៊ីវិលឯករាជ្យ ហើយបន្ទាប់មក ហ៊ុន សែន បញ្ជាឲ្យតុលាការកំពូល រំលាយគណបក្សសងគ្រោះជាតិ ដែលមានគាំទ្រប្រមាណកន្លះប្រទេស កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលក្រុមថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ១១៨ រូប រួមទាំងតំណាងរាស្រ្ត ៥៥ រូបផង ត្រូវបានហាមប្រាម មិនឲ្យធ្វើនយោបាយ ៥ ឆ្នាំ ព្រមទាំងរំលាយរចនាសម្ព័ន្ធ គណបក្សប្រឆាំងនេះទាំងស្រុង ដែលផ្ទុយពីរដ្ឋធម្មនុញ្ញទាំងស្រុង។ ចាប់តាំងពីពេលនោះមក របប ហ៊ុន សែន បានបាត់ភាពស្របច្បាប់ទៅហើយដែរ។

ហ៊ុន សែន បង្ហាញជំហរម្តងហើយម្តងទៀត សុំឲ្យ យួន ជួយគាំទ្រខ្លួន ដើម្បីបន្តកាន់កាប់អំណាច ជាលេសបង្ក្រាបអ្នកប្រឆាំង បើទោះជាខ្លួន និងគណបក្សរបស់ខ្លួន បាត់បង់ការគាំទ្រ ពីពលរដ្ឋខ្មែរ ជាងកន្លះប្រទេសទៅហើយក្តី។ ដោយហេតុនេះហើយ ហ៊ុន សែន មិនអាចដោះស្រាយបញ្ហា យួនខុសច្បាប់រាប់លាននាក់ នៅកម្ពុជា ដោយបញ្ជូនត្រឡប់ទៅស្រុកយួនវិញបាននោះ។ ហើយបញ្ហាព្រំដែន ក៏ត្រូវបាត់បង់ច្រើនពាន់គីឡូម៉ែត្រក្រឡា ទៅ​ខាង យួន តាមសន្ធិសញ្ញាព្រំដែនថ្មី ឆ្នាំ២០០៥។ (អត្ថបទដោយ ម៉ែន ណាត) / 22-12-2017


ហ៊ុន សែន ស្នើ​វៀតណាម ​ជួយ​ចែក​រំលែក​បទពិសោធន៍​ ប្រយុទ្ធ​ប្រឆាំង​បដិវត្តពណ៌

(RFA Khmer, 21-12-2017 ដោយ តាំង សារ៉ាដា)
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ប្រទេស​វៀតណាម ជួយ​ផ្ដល់​ព័ត៌មាន និង​ចែក​រំលែក​បទពិសោធន៍​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​បដិវត្តន៍​ពណ៌​ដល់​កម្ពុជា។ រី​ឯ​អ្នក​វិភាគ​យល់​ថា លោក ហ៊ុន សែន កំពុងតែ​ភ័យខ្លាច​បាត់បង់​អំណាច​តាម​រយៈ​ការ​បោះឆ្នោត ទើប​ពង្រឹង​កិច្ច​សហការ​ជាមួយ​ប្រទេស​កុម្មុយនិស្ត​ដើម្បី​កម្ចាត់​ក្រុម​អ្នក​រិះគន់ និង​បក្ស​ប្រឆាំង ក្រោម​ការ​ចោទ​ថា បដិវត្តន៍​ពណ៌។

ការ​ស្នើ​សុំ​ឲ្យ​វៀតណាម ជួយ​បណ្ដុះបណ្ដាល ផ្តល់​ព័ត៌មាន និង​ចែករំលែក​ទៅ​វិញ​ទៅ​មក​អំពី​បទពិសោធន៍​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​បដិវត្តន៍​ពណ៌​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ វៀតណាម លោក ង្វៀន ជីវិញ (Nguyen Chivinh) នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ។

​លោក ង្វៀន ជីវិញ កំពុង​បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ ធ្នូ ឆ្នាំ​២០១៧ នេះ។ ទាក់ទង​នឹង​ការ​ចែក​រំលែក​បទពិសោធន៍​នៃ​យុទ្ធសាស្ត្រ​កម្ទេច​បដិវត្តន៍​ពណ៌​នេះ អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​វៀតណាម ក៏​បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ដែរ នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែ​ធ្នូ។

​ក្រៅ​ពី​នេះ ភាគី​ទាំង​ពីរ​ក៏​បាន​លើក​ឡើង​ដែរ​ទាក់ទង​នឹង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា កិច្ច​សហប្រតិបត្តិការ​ល្បាត​លើ​ដែន​សមុទ្រ កិច្ច​សហប្រតិបត្តិការ​លើ​ការ​ការពារ​នៅ​តាម​ព្រំដែន ព្រម​ទាំង​ជំរុញ​នូវ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង ៤ រួមមាន កម្ពុជា ឡាវ វៀតណាម និង​ប្រទេស​ចិន។

​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន កំពុងតែ​ភ័យ​ខ្លាច​បាត់បង់​អំណាច​យ៉ាង​ខ្លាំង ដូច្នេះ​ហើយ​ទើប​លោក​ចាត់​ទុក​ការ​ប្រើប្រាស់​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ដើម្បី​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​តាម​រយៈ​សន្លឹកឆ្នោត​នោះ​ថា ជា​អំពើ​បដិវត្តន៍​ពណ៌​ទៅ​វិញ ហើយ​ខំ​ប្រឹង​សហការ​ជាមួយ​ប្រទេស​កុម្មុយនិស្ត ដូចជា​ចិន និង​វៀតណាម ជាដើម៖ «»។

បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា បាត់​បង់​សំឡេង​ឆ្នោត​យ៉ាង​សន្ធឹកសន្ធាប់​ទៅ​លើ​បក្ស​ប្រឆាំង និង​ប្រឈម​ការ​បាត់​បង់​អំណាច​នោះ លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​បី​ទសវត្ស​​មក​ហើយ​នេះ បាន​ប្រើ​នយោបាយ​ចោទ​ប្រកាន់​តាម​ទំនើង​ចិត្ត​លើ​គណបក្ស​សង្គ្រោះ​ជាតិ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ថា​បាន​ឃុបឃិត​គ្នា​ធ្វើ​បដិវត្តន៍​ពណ៌​ដោយ​មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​តាំង​ពី​ឆ្នាំ​២០១៣ ក្រោម​រូបភាព​នៃ​ការ​ធ្វើ​បាតុកម្ម​ដោយ​មាន​សហរដ្ឋអាមេរិក នៅ​ពី​ក្រោយ។

បន្ទាប់​មក នៅ​ក្រោយ​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ នេះ លោក ហ៊ុន សែន បានចាប់ផ្តើម​បង្ក្រាប​យ៉ាង​ចាស់​ដៃ​ជា​បន្តបន្ទាប់​ដូចជា​ការ​ចាប់​លោក កឹម សុខា ដាក់​ពន្ធនាគារ ហើយ​ប្ដឹង​រំលាយ​បក្ស​សង្គ្រោះ​ជាតិ បិទ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម។

ទោះយ៉ាងណា គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​អន្តរជាតិ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់ និង​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល ព្រោះ​ពួកគេ​ចាត់​ទុក​ថា វា​ជា​លេស​កម្ចាត់​សំឡេង​ក្រុម​អ្នក​រិះគន់ និង​គណបក្ស​ប្រឆាំង​ចោល​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០១៨ ក្នុង​បំណង​ក្ដោបក្ដាប់​អំណាច​ត​ទៅ​ទៀត។ សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​បន្តបន្ទាប់។

​លោក​បណ្ឌិត ឡៅ ម៉ុងហៃ លើក​ឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស គោរព​ច្បាប់ និង​សិទ្ធិមនុស្ស គឺ​រដ្ឋាភិបាល​ត្រូវ​ឈប់​គិត​អំពី​រឿង​បដិវត្តន៍​ពណ៌ ព្រោះ​ប្រទេស​សេរី គ្មាន​ច្បាប់​ណា​អនុញ្ញាត​អោយ​ប្រើ​កងកម្លាំង​បង្ក្រាប​លើ​បដិវត្តន៍​ពណ៌​នោះ​ឡើយ ពោល​គឺ​មាន​តែ​ប្រទេស​កុម្មុយនិស្ត​នោះ​ទេ។ ​លោក​ថា រដ្ឋាភិបាល​ត្រូវ​តែ​គោរព​រដ្ឋធម្មនុញ្ញ ច្បាប់​ជាតិ កតិកាសញ្ញា និង​អនុសញ្ញា​អន្តរជាតិ​នានា ដែល​បាន​ទទួល​ស្គាល់​ថា ជា​ច្បាប់​របស់​ខ្លួន។ ទន្ទឹម​គ្នា​នេះ ដើម្បី​កុំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌ រដ្ឋាភិបាល​ត្រូវ​ធានា​ឲ្យ​មាន​នីតិរដ្ឋ តុលាការ​ឯករាជ្យ និង​យុត្តិធម៌​-​សង្គម​ជាដើម។

កម្ពុជា-​វៀតណាម​បង្កើន​ការ​សាងសង់​បង្គោល​ព្រំដែន

​ស្រប​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ប្រទេស​វៀតណាម ជួយ​ផ្ដល់​ព័ត៌មាន និង​ចែករំលែក​បទពិសោធន៍​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​បដិវត្តន៍​ពណ៌​ដល់​កម្ពុជា​នោះ ប្រទេស​ទាំង​ពីរ​ក៏​កំពុង​បង្កើន​ការ​សាងសង់​បង្គោល​ព្រំដែន​នៅ​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ដាក់ឡាក់-​ដាក់ណុង ប៊ិនភឿក របស់​វៀតណាម។ ជាង​នេះ​ទៅ​ទៀត កម្ពុជា ក៏​កំពុង​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន​មួយ​នៅ​តំបន់​នេះ​ផង​ដែរ ដើម្បី​អភិវឌ្ឍ​នៅ​តាម​តំបន់​ព្រំដែន។

​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន បាន​ដកស្រង់​សម្ដី​របស់​អ្នកស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​ឱ្យ​ដឹង​ថា កម្ពុជា-​វៀតណាម បាន​បោះ​បង្គោល​ព្រំដែន​ធំ ឬ​បង្គោល​ព្រំដែន​គោល​បាន​ចំនួន ៧៣​ភាគរយ​ហើយ​រហូត​ដល់​ពេល​នេះ។ អ្នកស្រី​បន្ត​ថា ការ​បោះ​បង្គោល​ព្រំដែន​បំពេញ​បន្ថែម ត្រូវ​បាន​សាងសង់​ចំនួន ៤៨​ភាគរយ ហើយ​នៅ​សល់ ៥២​ភាគរយ​ទៀត ដែល​ភាគី​ទាំង​ពីរ​កំពុង​បន្ត​ការ​សាងសង់។

​អ្នកស្រី​បាន​បញ្ជាក់​ថា ភាគី​កម្ពុជា-​វៀតណាម ពេល​នេះ​កំពុងតែ​បង្កើន​សកម្មភាព​ក្នុង​ការ​សាងសង់​បង្គោល​ព្រំដែន នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ទាំង​អស់ ហើយ​សម្រាប់​ការ​បោះ​បង្គោល​ព្រំដែន​គោក​វិញ ក៏​ត្រូវ​បាន​បញ្ចប់​នៅ​តាម​តំបន់​ខ្លះ​ផង​ដែរ។ រហូត​ដល់​ពេល​នេះ ការ​រៀបចំ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា-​វៀតណាម បាន​រួចរាល់​ចំនួន​ជាង ៨៤​ភាគរយ​ហើយ​ក្នុង​ចំណោម​ព្រំដែន​សរុប៕

Advertisements
This entry was posted in Nokor and tagged , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s