អ្នក​ស្រាវជ្រាវ​ បង្ហាញ​ភស្តុតាងថ្មីថា ​«ទឹក​ដី​សុវណ្ណ​ភូមិ​» ស្ថិត​​ក្រោម​ការ​គ្រប់គ្រង​​របស់​ព្រះរាជា​ខ្មែរ

image (1)ុំ

ក្រុម​អ្នក​ស្រាវជ្រាវ​សិលាចារឹក និង​ប្រវត្តិសាស្ត្រ​ខ្មែរ លើក​ឡើង​ថា មាន​ភស្តុតាង​ថ្មី​មួយ ​ដែល​បង្ហាញ​ពី​ពាក្យ​ «សុវណ្ណ​ភូមិ​» ក្នុង​សិលាចារឹក​ខ្មែរ ​នា​សម័យ​មុន​អង្គរ។ ភស្តុតាង​ថ្មី​នោះ ក្រុម​អ្នក​ស្រាវជ្រាវ ​អាច​សន្និដ្ឋាន​ថា ជា​ទឹកដី​មួយ​ផ្នែក​ធំ​នៃ​ តំបន់​អាស៊ី​ដី​គោក និង​ដី​កោះ ដែល​ជា​ទឹក​ដី​សុវណ្ណ​ភូមិ​នោះ ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ស្ដេច​ខ្មែរ ​នៅ​មុន​សម័យ​អង្គរ។ ការ​លើក​ឡើង​បែប​នេះ ក្រោយ​ពេល​ពួកគេ ​រក​ឃើញ​ផ្ទាំង​សិលាចារឹក​ចំនួន ២ ​ផ្ទាំង ​នៅ​ខេត្ត​កំពង់ស្ពឺ​ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ២០១៧។


(ដោយ តាំង សារ៉ាដា / RFA Khmer / 31-12-2017)
ក្រុម​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ និង​ភាសាវិទ្យា​ខ្មែរ​លើក​ឡើង​ថា ការ​រក​ឃើញ​ភស្តុតាង​ថ្មី​ ស្ដីពី​ពាក្យ​ថា «សុវណ្ណ​ភូមិ» ដែល​មាន​ក្នុង​សិលាចារឹក​ ជា​ភាសា​សំស្ក្រឹត នៅ​ខេត្ត​កំពង់ស្ពឺ គឺ​មាន​សារសំខាន់​ណាស់ ​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ និង​កូន​ខ្មែរ​ជំនាន់​ក្រោយ។ លើស​ពី​នេះ ជា​ភ័ព្វសំណាង និង​ជា​មោទនភាព​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំង​មូល​ទៀត​ផង ពីព្រោះ​សិលាចារឹក​នោះ​ បញ្ជាក់​ថា «សុវណ្ណ​ភូមិ​» ជា​ទឹកដី​របស់​ខ្មែរ។

តាម​រយៈ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​សាស្ត្រា​ប្រវត្តិសាស្ត្រ​ខ្មែរ និង​អាស៊ី​អាគ្នេយ៍ ព្រម​ទាំង​ចារឹក​សាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បណ្ឌិត វង់ សុធារ៉ា ឱ្យ​ដឹង​ថា សិលាចារឹក​ភាសា​សំស្ក្រឹត​នោះ ចារឹក​នៅ​ឆ្នាំ​៦៣៣ នៃ​គ្រិស្តសករាជ (គ.ស) ដែល​ផ្ដល់​ព័ត៌មាន​ប្រវត្តិសាស្ត្រ​សំខាន់ៗ​ជា​ច្រើន​ចំណុច។

មួយ​ក្នុង​ចំណោម​នោះ គឺ​អាទិភាព​ចាស់​ជាង​គេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ នៃ​ស្ថាន​នាម​ដ៏​សំខាន់​មួយ គឺ​សុវណ៌្ណភូមិ (សុវណ្ណ​ភូមិ) របស់​ព្រះបាទ ឥសានវរ្ម័នទី១ (អានថា៖ វៈរ៉ាក់ម៉ាន់) នៅ​សតវត្ស​ទី​៧ គឺ​មុន​សម័យ​អង្គរ។ លោក​យល់​ថា នាម​នេះ ប្រហែល​ជា​ឈ្មោះ​ប្រទេស​កម្ពុជា នៅ​សម័យ​មុន​អង្គរ ដែល​គេ​កំពុង​តាម​រក​រហូត​សព្វថ្ងៃ​នោះ​ឯង។

ជាង​នេះ​ទៀត បណ្ឌិត វង់ សុធារ៉ា មាន​ប្រសាសន៍​ថា ភស្តុតាង​ថ្មី​ដែល​បញ្ជាក់​ថា ពាក្យ សុវណ្ណភូមិ គឺ​មិន​ធ្លាប់​មាន​នៅ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា ឬ​ដែនដី​អាស៊ីអាគ្នេយ៍​នោះ​ឡើយ រហូត​ដល់​សតវត្ស​ទី​១៦ ពាក្យ​នេះ ត្រូវ​បាន​គេ​លើក​យក​មក​និយាយ​ក្នុង​គម្ពីរ​ព្រះពុទ្ធ​សាសនា អំពី​ស្ដេច​ដែល​គ្រប់គ្រង​នៅ​ដែន​ដី​សុវណ្ណ​ភូមិ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា ជា​ស្ដេច​ប្រទេស​ណា​មួយ​ក្នុង​ចំណោម​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ទេ។ លោក​បន្ថែម​ថា ពាក្យ​សុវណ្ណ​ភូមិ ដែល​ទើបនឹង​រក​ឃើញ​នៅ​សិលាចារឹក​ក្នុង​ខេត្ត​កំពង់ស្ពឺ​នោះ គឺ​ជា​ភស្តុតាង​ចំណាស់​មួយ​បន្ទាប់​ពី​ភស្តុតាង​សិលាចារឹក​ក្នុង​រាជ​ព្រះបាទ​អសោក មហារាជ្យ នៅ​សតវត្ស ទី​៣ មុន គ.ស ដែល​បាន​រៀបរាប់​ពី​ការ​ពេញ​ព្រះទ័យ​របស់​ព្រះអង្គ​ក្នុង​ការ​ផ្សព្វផ្សាយ​ព្រះពុទ្ធ​សាសនា និង​បាន​បញ្ជូន​សាសនទូត​ពីរ​ព្រះអង្គ​មក​កាន់​ទឹកដី​សុវណ្ណ​ភូមិ។

​លោក​កត់សម្គាល់​ថា កន្លង​មក​បណ្ដា​ប្រទេស​អាស៊ី​ដី​គោក និង​ដី​កោះ​មួយ​ចំនួន​សុទ្ធតែ​បាន​អះអាង​ថា ជា​ដែនដី​សុវណ្ណ​ភូមិ ដូចជា​ប្រទេស​ថៃ ប្រទេស​វៀតណាម ប្រទេស​ភូមា ឡាវ កម្ពុជា ប្រទេស​ឥណ្ឌូនេស៊ី ជាដើម ប៉ុន្តែ​គេ​មិន​ដឹង​ថា ដែន​ដី​សុវណ្ណ​ភូមិ​ស្ថិតនៅ​ក្នុង​ប្រទេស​ណា​ពិតប្រាកដ​នោះ​ទេ៖ «​ពីរ​គាថា​សំខាន់ ដែល​មាន​ពាក្យ​សុវណ្ណ​ភូមិ​ហ្នឹង យើង​អាច​បកប្រែ​បាន​ថា ព្រះបាទ​ឥសានវម៌្ម​ទី​១ ជា​ស្តេច​អង់អាច​ក្លាហាន ដែល​ជា​ស្ដេច​នៅ​ពីលើ​ស្ដេច​ទាំង​ឡាយ​យ៉ាង​ធំ។ ព្រះអង្គ​គ្រប់គ្រង​ទឹក​ដី​នៅ​សុវណ្ណ​ភូមិ​ទាំង​មូល​ទៅ​ទល់​នឹង​ដែន​សមុទ្រ»

​បណ្ឌិត វង់ សុធារ៉ា រៀបរាប់​ថា មាន​សិលាចារឹក​ផ្សេង​ទៀត​នៅ​ក្នុង​រជ្ជកាល​ព្រះបាទ​ឥសាន​វរ្ម័ន​ទី​១ នា​សតវត្ស​ទី ៧ ដែល​គេ​រក​ឃើញ​នៅ​ជិត​តំបន់​អយុធ្យា ប្រទេស​ថៃ បច្ចុប្បន្ន គឺ​មាន​និយាយ​អំពី​ស្តេច​មួយ​ព្រះអង្គ​ព្រះនាម ហ៌ស្សវម៌្ម (អានថា៖ ហះរះសាក់វៈរ៉ាក់ម៉ាន់) ដែល​ប្រកាស​ថា ខ្លួន​ជា​ចៅ​របស់​ព្រះបាទ​ឥសាន​វម៌្មទី១ (អាន​ថា៖ វៈរ៉ាក់ម៉ាន់)។ ចំណុច​នេះ លោក​ថា ព្រះអង្គ​បាន​គ្រប់គ្រង​លើ​ដែនដី​ថៃ​បច្ចុប្បន្ន​ទាំង​មូល បើ​ទោះ​បី​ជា​មិន​បាន​គ្រប់គ្រង​ដោយ​ផ្ទាល់​ក៏ដោយ ពីព្រោះ​មាន​ចៅ​របស់​ព្រះ​អង្គ​ជា​ស្ដេចត្រាញ់​គ្រប់គ្រង​នៅ​ទី​នោះ។

​ក្រៅ​ពី​នេះ​ក៏​មាន​សិលាចារឹក​ផ្សេង​ទៀត​បញ្ជាក់​ថា មុន​ពេល​ព្រះបាទ​ឥសាន​វម៌្មទី១ ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​៦១៦ នៃ​គ.ស (គ្រិស្តសករាជ) គឺ​ព្រះអង្គ​ធ្លាប់​គ្រប់គ្រង​នៅ​ក្សត្រ​បុរី ឬ​ទីក្រុង​ធំៗ​ចំនួន​បី ដែល​មាន​ទីតាំង​ក្នុង​ដី​ខ្មែរ​បច្ចុប្បន្ន ហើយ​បច្ចុប្បន្ន​ស្ថិត​ក្នុង​ទឹកដី​ថៃ។

​ភស្តុតាង​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​លោក​អាច​សន្និដ្ឋាន​បាន​ថា ទឹក​ដី​ខ្មែរ​មុន​សម័យ​អង្គរ ទំនង​គេ​ហៅ​ថា សុវណ្ណភូមិ ហើយ​ដែនដី​សុវណ្ណ​ភូមិ​នោះ គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ជាតិពន្ធុ​មួយ​ដែល​មាន​ឈ្មោះ​ថា “ខ្មេរ” ឬ “ខ្មែរ” សព្វថ្ងៃ ដែល​មាន​ស្តេច​ជា​ជនជាតិ​ខ្មែរ​ជា​អ្នកគ្រប់គ្រង​លើ​ដែន​ដី​នោះ​ទាំង​មូល​តែម្ដង។

​តាមរយៈ​ភស្តុតាង​សិលាចារឹក​ទាំង​នេះ​បញ្ជាក់​ថា ដែនដី​សុវណ្ណ​ភូមិ គឺ​ត្រូវ​នឹង​ទឹក​ដី​ប្រទេស​កម្ពុជា បច្ចុប្បន្ន។ ដែនដី​នេះ​ក៏​ត្រូវ​នឹង​ទឹកដី​នៅ​ប្រទេស​ចម្ប៉ា​ភាគ​កណ្ដាល​ចុះ​មក​ខាងត្បូង​នៃ​ប្រទេស​វៀតណាម បច្ចុប្បន្ន ទៅ​ទល់​នឹង​សមុទ្រ។ បន្ថែម​ពី​នេះ ដែនដី​សុវណ្ណ​ភូមិ​ក៏​ត្រូវ​គ្នា​នឹង​ប្រទេស​ឡាវ ប្រទេស​ថៃ ទាំង​មូល និង​ប្រទេស​ភូមា​មួយ​ភាគ​ធំ​បច្ចុប្បន្ន ដែល​មាន​ក្រុម​ជនជាតិ​មន​រស់​នៅ​ហើយ​អាច​លាត​សន្ធឹង​ដល់​ពាក់​កណ្ដាល​ជ្រោយ​ម៉ាឡេស៊ី។

ចំណែក​ទឹកដី​មួយ​ចំនួន​ទៀត​នៅ​ប្រទេស​ឥណ្ឌូនេស៊ី បច្ចុប្បន្ន លោក​ថា បើ​យោង​តាម​សិលាចារឹក​នៅ​លើ​កោះ​ជ្វា​ក្នុង​សតវត្ស​ទី​៨ ត្រូវ​គ្នា​នឹង​ឈ្មោះ​មួយ​ទៀត​ថា សុវណ្ណ​ទ្វីប៖ «ភូមិ​នៅ​ប្រទេស​ផ្សេង​ហ្នឹង​ដូច​យើង​ឃើញ​ហើយ​ថា ដោយសារ​ទឹកដី​ដ៏​ធំ​ទូលាយ វិសាលភាព​ដ៏​ធំ​ទូលាយ​របស់​ខ្មែរ​ពី​កាល​មុន​ហ្នឹង វា​ក្លាយ​ជា​ទឹក​ដី​ឡាវ វា​ក្លាយ​ជា​ទឹក​ដី​ថៃ ក្លាយ​ជា​ទឹក​ដី​ភូមា​ភាគ​ខ្លះ និង​ក្លាយ​ជា​ទឹកដី​វៀតណាម ភាគ​ខាង​ត្បូង។ ហេតុ​ហ្នឹង​ហើយ​ដែល​នាំ​ឱ្យ​អ្នក​ទាំង​អស់​ហ្នឹង​ប្រកាស​ភាព​ស្រប​ច្បាប់​ថា គេ​ហ្នឹង​ក៏​ជា​សុវណ្ណ​ភូមិ​ដែរ»

នៅ​ក្នុង​វចនានុក្រម​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត បាន​ពន្យល់​ពី​ពាក្យ “សុវណ្ណ” និង​ពាក្យ​ថា “ភូមិ”។  “សុវណ្ណ” មាន​ន័យ​ថា “មាស” រី​ឯ​ពាក្យ​ថា “ភូមិ” មាន​ន័យ​ថា “ដី ឬ ផែនដី”។ ដូច្នេះ​ពាក្យ​សុវណ្ណភូមិ ប្រែ​មក​ថា ដី​មាស ឬ​ដែន​ដី​មាស។ ពាក្យ​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​តាំង​សតវត្ស​ទី​១៦ ហើយ​រហូតដល់​សម័យ​សង្គម​រាស្ត្រ​និយម ពាក្យ​នេះ​ត្រូវ​បាន​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត បាន​យក​ទៅ​តែង​ជា​បទ​ចម្រៀង​ស្នេហា​ជាតិ ដើម្បី​លើក​ទឹក​ចិត្ត​ប្រជាជាតិ​ខ្មែរ ហើយ​ច្រៀង​តៗ​រហូត​មក ពិសេស​នៅ​ក្នុង​ជួរ​កងទ័ព​តែម្ដង។

​សិលាចារឹក​ថ្មី​ដែល​ទើបនឹង​រក​ឃើញ​នៅ​ខេត្ត​កំពង់ស្ពឺ គឺ​មាន​ចំនួន​ពីរ​ផ្ទាំង ហើយ​ផ្ទាំង​សំខាន់​ដែល​មាន​ឈ្មោះ​ស្ថាន​នាម​សុវណ្ណ​ភូមិ​នោះ គឺ​មាន​ទំហំ​ទទឹង​ជាង​កន្លះ​ម៉ែត្រ (៥៥​ សង់ទីម៉ែត្រ) និង​មាន​កម្ពស់​ជាង ១​ម៉ែត្រ (១,២៥ ​ម៉ែត្រ)។ សិលាចារឹក​នេះ​ជា​ភាសា​សំស្ក្រឹត ចារឹក​ក្នុង​ឆ្នាំ​ ៦៣៣ នៃ​ គ.ស (គ្រិស្តសករាជ)។

សាស្ត្រាចារ្យ​ដដែល​បញ្ជាក់​ថា ការ​រក​ឃើញ​ផ្ទាំង​សិលាចារឹក​ថ្មី​នោះ ក្រោយ​ពេល​មាន​សាស្ត្រាចារ្យ​ម្នាក់​ ដែល​បង្រៀន​នៅ​ខេត្ត​កំពង់ស្ពឺ ប្រាប់​ដំណឹង​នេះ​មក​លោក ហើយ​មាន​សហការី​របស់​លោក​ ២ នាក់​ទៀត​ ដែល​ជំនាញ​ខាង​ភាសា​វិទ្យា និង​ភាសា​សំស្ក្រឹត​បាន​ជួយ​ការងារ​នេះ​ច្រើន គឺ​សាស្ត្រាចារ្យ ហ៊ុន ឈុនតេង និង​កញ្ញា​បណ្ឌិត ឆោម គន្ធា។ សិលាចារឹក​នេះ ក្រៅ​ពី​បង្ហាញ​ស្ថាន​នាម​សុវណ្ណ​ភូមិ គឺ មាន​និយាយ​ពី​ការ​គោរព​ចំពោះ​ព្រះហរិហរៈ ដែល​មាន​ព្រះវិស្ណុ និង​ព្រះឥសូរ បញ្ចូល​គ្នា និង​រឿងរ៉ាវ​ផ្សេង​ទៀត ស្រដៀង​គ្នា​ទៅ​នឹង​សិលាចារឹក​ផ្សេង​ទៀត​ដែរ៖ «គួរ​តែ​មាន​មោទនភាព​ដែល​កាល​ពី​មុន​យើង​មិន​ច្បាស់​ថា​សុវណ្ណ​ភូមិ​ជា​របស់​អ្នក​ណា! ប៉ុន្តែ​តាម​រយៈ​សិលាចារឹក​ហ្នឹង​យើង​ច្បាស់​ថា ជា​របស់​ខ្មែរ​មែន ដូច​បទ​ចម្រៀង​ដែល​យើង​ធ្លាប់​ស្មាន​មែន»

​អគ្គនាយកដ្ឋាន​ទទួល​បន្ទុក​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ប្រាក់ សុណ្ណារ៉ា មាន​ប្រសាសន៍​ថា ប្រសិនបើ​ទទួល​បាន​ព័ត៌មាន​ស្ដីពី​ការ​រក​ឃើញ​អ្វី​មួយ​ថ្មី​ដូច​ករណី​នេះ ខាង​ក្រសួង​នឹង​មិន​នៅ​ស្ងៀម​ឡើយ។ ពោល​គឺ​ក្រសួង​នឹង​ទាក់ទង​ទៅ​មន្ត្រី​ការិយាល័យ​ស្រុក មន្ទីរ​វប្បធម៌​ខេត្ត ឱ្យ​ធ្វើ​ការងារ​នេះ ដើម្បី​ចុះ​ទៅ​ពិនិត្យ​ហើយ​សួរ​នាំ​ព្រះចៅ​អធិការ​វត្ត ឬ​គណៈកម្មការ​វត្ត​ឱ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន ទើប​អាច​ផ្សព្វផ្សាយ​ជា​ក្រោយ។

​លោក​ថា ប្រសិន​ក្រុម​អ្នក​ស្រាវជ្រាវ ឬ​ពលរដ្ឋ​ណា​ដែល​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ភស្តុតាង​ប្រវត្តិសាស្ត្រ គឺ​អាច​ទាក់ទង​ទៅ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដើម្បី​ពិភាក្សា​គ្នា​សម្រាប់​ជា​ការ​រួម​ចំណែក​ថែរក្សា​សម្បត្តិ​វប្បធម៌​របស់​ជាតិ​យើង​ទាំង​អស់​គ្នា។ បណ្ឌិត វង់ សុធារ៉ា ឱ្យ​ដឹង​ថា ក្រោយ​ការ​រក​ឃើញ​សិលាចារឹក​នៅ​ខេត្ត​កំពង់ស្ពឺ ខាង​លោក​នឹង​ខិតខំ​សិក្សា​ឱ្យ​បាន​ស៊ី​ជម្រៅ និង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ដូចជា​មាន​បំណង​រៀបចំ​សិក្ខាសាលា​ស្ដីពី​របកគំហើញ​នេះ ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​គិត​ពិចារណា៕

image (1)

 

Advertisements
This entry was posted in Nokor and tagged , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s