តើលោក ស៊ាន ប៉េងសែ ជានរណា និងមានគុណសម្បត្តិអ្វីខ្លះ សម្រាប់ពលរដ្ឋខ្មែរ?

26904062_968278443322042_997948368734052998_n

អតីត​អ្នក​ជំនាញ​ព្រំដែន​កម្ពុជា និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​សម័យ​សាធារណរដ្ឋ លោក ស៊ាន ប៉េងសែ ដែល​តែងតែ​រិះគន់​លោក ហ៊ុន សែន រឿង​ធ្វើ​ឲ្យ​បាត់​ទឹក​បាត់​ដី​បាត់​កោះ​ ទៅ​ប្រទេស​ជិតខាង បាន​ទទួល​មរណភាព កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២៣ ខែ​មករា នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។


(ដោយ តាំង សារ៉ាដា / RFA / 24-1-2018)
ប្រជាពលរដ្ឋ​ខ្មែរ ​បាន​សម្ដែង​ការ​សោកស្ដាយ​ ចំពោះ​ការ​បាត់បង់​កុលបុត្រ​ខ្មែរ​មួយ​រូប​ទៀត ដែល​កាល​នៅ​មាន​ជីវិត​ បាន​ធ្វើ​កិច្ចការ​ជា​ច្រើន ​ដើម្បី​បុព្វហេតុ​ការពារ​ជាតិ ទឹកដី និង​ជាតិ​សាសន៍​របស់​ខ្លួន។ នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​ក្នុង​វេទិកា​ពិភាក្សា​ តាម​វិទ្យុ ប្រជាពលរដ្ឋ​ ក៏​បាន​ចាត់​ទុក​អ្នក​ជំនាញ​ព្រំដែន​រួប​នេះ ជា​វីរបុរស​ក្នុង​បេះដូង​ខ្មែរ។

តើ​លោក ស៊ាន ប៉េងសែ ជា​នរណា?
លោក ស៊ាន ប៉េងសែ ជា​កូន​ខ្មែរ​ម្នាក់​ដែល​មាន​កំណើត​នៅ ​ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម។ លោក​មាន​ភរិយា​ជា​ក្មួយ​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ ​សម្ដេច ប៉ែន នុត និង​មាន​កូន ៤​ នាក់។ លោក ​បាន​និរទេស​ខ្លួន​ទៅ​រស់​នៅ​ក្នុង​ប្រទេស​បារាំង តាំង​ពី​ឆ្នាំ​១៩៧៥ មក​ម្ល៉េះ។

​លោក​ បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី ​២៣ ខែ​មករា ឆ្នាំ​២០១៨ ដោយ​រោគាពាធ​ ក្នុង​ជន្មាយុ ៨២ ​ឆ្នាំ នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​បារាំង។

ចំពោះ​ការ​សិក្សា​វិញ គឺ​ក្រោយ​បញ្ចប់​មធ្យមសិក្សា ​នៅ​ទីក្រុង​ភ្នំពេញ លោក ស៊ាន ប៉េងសែ បាន​បន្ត​ទៅ​សិក្សា​ជំនាញ​ផែនទី​ នៅ​ប្រទេស បារាំង និង​ទទួល​បាន​សញ្ញាប័ត្រ​វិស្វករ ​នៃ​សាលា​ជាន់​ខ្ពស់ ​ខាង​បច្ចេកទេស​ឧស្សាហកម្ម និង​រ៉ែ ក្នុង​ឆ្នាំ​១៩៥៩។

លោក ស៊ាន ប៉េងសែ ក៏​ជា​អតីត​សិស្ស ​នៅ​សាលា​សិក្សា​ជាន់​ខ្ពស់​ ផ្នែក​វិទ្យាសាស្ត្រ​សង្គម នៅ​ទីក្រុង​ប៉ារីស។ បន្ទាប់​មក ​លោក ​បាន​ធ្វើ​ជា​កម្មសិក្សាការី​ នៅ​ការិយាល័យ​នៃ ​ការ​ស្រាវជ្រាវ​ភូគព្ភសាស្ត្រ និង​រ៉ែ នៅ​វិទ្យាស្ថាន​សេដ្ឋកិច្ច​ប្រេង​កាត​ ក្នុង​ប្រទេស​បារាំង។ ពេល​ត្រឡប់​មក​កម្ពុជា​វិញ លោក ​បាន​ក្លាយ​ជា​មន្ត្រី​ជាន់​ខ្ពស់​ ក្នុង​របប​សង្គមរាស្ត្រនិយម និង​បន្ទាប់​មក​ បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​ ក្រសួង​ឧស្សាហកម្ម រ៉ែ និង​សិប្បកម្ម ក្នុង​សម័យ​សាធារណរដ្ឋ​ របស់​លោក​សេនាប្រមុខ លន់ នល់ នៅ​ឆ្នាំ​១៩៧៣។ ខណៈ​របប លន់ នល់ ដួល​រលំ លោក​ បាន​និរទេស​ខ្លួន​ទៅ​រស់​នៅ​ក្នុង​ប្រទេស​បារាំង ហើយ​បាន​បង្កើត​ គណៈកម្មការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស ក្នុង​ឆ្នាំ​១៩៩៣។

​ការ​ស្លាប់​របស់​លោក ស៊ាន ប៉េងសែ បាន​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន ​សម្ដែង​ការ​សោកស្ដាយ​ ចំពោះ​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​សំខាន់ និង​ជា​វីរជន​ក្លាហាន ​ដែល​ហ៊ាន​និយាយ​រិះគន់​ត្រង់ៗ ដើម្បី​ការពារ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា កុំ​ឲ្យ​អ្នក​នយោបាយ ឬ​អ្នកដឹកនាំ​ខ្មែរ​មួយ​ចំនួន ​បន្លែបន្លំ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ ធ្វើ​ឲ្យ​បាត់បង់​ព្រំដែន ​របស់​កម្ពុជា ទៅ​លើ​ប្រទេស​ជិត​ខាង ​ដូចជា​ប្រទេស ​ថៃ និង ​វៀតណាម ជាដើម។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ សមាគម​ពុទ្ធសាសនិកជន​ខ្មែរ​ នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត បាន​សម្ដែង​ការ​សោកស្ដាយ​ក្រៃលែង ​ចំពោះ​ដំណឹង​មរណភាព លោក ស៊ាន ប៉េងសែ។ លោក ម៉ែន ណាត ថ្លែង​ថា មរណភាព​របស់​លោក ស៊ាន ប៉េងសែ គឺ​ជា​ការ​បាត់បង់​អ្នក​ជំនាញការ​គូស​ផែនទី​ខ្មែរ និង​ជា​ធនធាន​មនុស្ស​របស់​ពលរដ្ឋ​ខ្មែរ​ដ៏​ល្អ​ម្នាក់ ដែល​បាន​ចំណាយ​ពេល​ស្ទើរតែ​ពាក់​កណ្ដាល​ជីវិត ​ដើម្បី​បុព្វហេតុ​ ការពារ​បូរណភាព​ទឹក​ដី​ខ្មែរ និង​ការ​ផ្ដួចផ្ដើម​គំនិត ​ក្នុង​ការ​តវ៉ា​ករណី​ប្រជុំ​កោះ​ត្រល់​ ពី​ប្រទេស​វៀតណាម ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ជាតិ និង​អន្តរជាតិ ទោះបី​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន មិន​ខ្វល់ខ្វាយ​អំពី​ការ​បាត់បង់​ទឹកដី និង​ប្រជុំ​ កោះត្រល់​ ទៅ​ប្រទេស​ជិត​ខាង​យ៉ាង​ណា​ក៏ដោយ។

លោក​បន្ថែម​ថា វីរភាព និង​កិច្ច​ប្រឹងប្រែង​របស់​លោក ស៊ាន ប៉េងសែ ព្រមទាំង​សមាជិក នៃ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បាន​ផ្ដល់​ឯកសារ​ស្រាវជ្រាវ​ផ្លូវ​ច្បាប់​ផង និង​លើក​ទឹក​ចិត្ត​ដល់​យុវជន​ខ្មែរ  ពលរដ្ឋ​ខ្មែរ ឲ្យ​ចេះ​ចូលរួម​ការពារ​បូរណភាព​ទឹក​ដី​ខ្មែរ និង​ឲ្យ​ចេះ​ស្រឡាញ់​ប្រទេស​ជាតិ៖ «គាត់​បាន​ធ្វើ​កិច្ចការ​ច្រើន ជាពិសេស​ប្រឆាំង​ សន្ធិសញ្ញា​ព្រំដែន​មុន​ឆ្នាំ ​៩០ ក្នុង​នោះ​មាន​រឿង​បោះ​បង្គោល​ព្រំដែន​បច្ចុប្បន្ន​ក្តី រឿង​កោះត្រល់​ដែល ហ៊ុន សែន ស៊ីញ៉េ​អោយ​យួន​ ឆ្នាំ​ ៨២ ក្ដី នេះ​គឺ​គាត់​ប្រឆាំង​ដាច់​ខាត់ ហើយ​គាត់​បាន​ធ្វើ​ការ​ជិតដិត​ជាមួយ​នឹង ​សម្ដេច​តា នរោត្តម សីហុន ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​បូរណភាព​ទឹកដី​នេះ។ និយាយ​ទៅ គាត់​មាន​គុណ​សម្បត្តិ​ច្រើន​ សម្រាប់​ប្រទេស​ជាតិ​យើង។ ក្រៅ​ពី​នេះ គាត់​ក៏​បាន​ចងក្រង​ឯកសារ​ និយាយ​អំពី​ព្រំដែន ហើយ​នៅ​កម្ពុជា គឺ​ឃើញ​មាន​ក្មេង​ខ្លះ ​បាន​អាន​ច្រើន។ គាត់​ក៏​បាន​ធ្វើ​លិខិតស្នាម ​ទៅ​ប្រធានាធិបតី​បារាំង ធ្វើ​លិខិត​ស្នាម​ទៅ​ អង្គការ​សហប្រជាជាតិ និង​បាន​ប្ដឹង​ទៅ​ម្ចាស់​ហត្ថលេខី​នៃ​ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​ប្រទេស ​វៀតណាម និង​ប្រទេស​ជិត​ខាង​ បាន​រំលោភ​លើ​បូរណភាព​ទឹកដី​កម្ពុជា»

លោក​បន្ត​ថា ​នៅ​ឆ្នាំ​២០០៥ កន្លង​ទៅ​នេះ កម្ពុជា បង្កើត​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ដែល​មាន​សម្ដេច​តា ​ជា​ប្រធាន ហើយ​លោក ស៊ាន ប៉េងសែ ជា​សមាជិក ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រជុំ​កំពូល​ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន ប៉ុន្តែ​ក្រោយ​បន្តិច​មក លោក ហ៊ុន សែន បាន​ប្រកាស​រំលាយ ​ក្រុមប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​នេះ​ចោល​វិញ ព្រោះ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រឆាំង ​ជាមួយ​អ្នក​ជំនាញ​ព្រំដែន ​មាន​លោក ស៊ាន ប៉េងសែ នេះ។

អតីត​សមាជិក គ.ជ.ប លោក រ៉ុង ឈុន ថ្លែង​ថា លោក ស៊ាន ប៉េងសែ គឺ​ជា​ធនធាន​ដ៏​កម្រ​មួយ​របស់​កម្ពុជា។ លោក​បន្ត​ថា លោក ស៊ាន ប៉េងសែ បាន​លះបង់​កម្លាំងកាយ​ចិត្ត​ជា​ច្រើន ​ដើម្បី​ចងក្រង​ជា​សៀវភៅ និង​ឯកសារ​ផ្សេង​ដែល​និយាយ ​អំពី​ព្រំដែន​ទឹក និង​ព្រំដែន​គោក​របស់​កម្ពុជា ហើយ​តែង​ដាស់​តឿន​ប្រាប់​ពលរដ្ឋ​ខ្មែរ​ថា ពួកគេ​មាន​កាតព្វកិច្ច​ការពារ​ជាតិ និង​ជាតិ​សាសន៍​របស់​ខ្លួន៖ «អ្វី​ដែល​ខ្ញុំ​ដឹង គឺ​ទាក់ទង​ទៅ​នឹង​បញ្ហា​ផែនទី​ ស្ដីពី​កម្ពុជា ក៏​ដូចជា​ព្រំដែន​ទឹក ព្រំដែន​គោក ​ដែល​គាត់​បាន​ចងក្រង​ជា​សៀវភៅ ហើយ​គាត់​ បាន​លើក​បញ្ហា​ជាច្រើន​ជម្រាប​ជូន​រដ្ឋាភិបាល​ ជុំវិញ​ការ​បោះ​បង្គោល​ព្រំដែន​ រវាង​កម្ពុជា-​យួន​កន្លង​មក ហើយ​គាត់​សម្ដែង​ការ​ព្រួយ​បារម្ភ​ អំពី​ភាព​មិន​ប្រក្រតី ​នៃ​ការ​បង្គោល​ព្រំដែន»

​ចំណែក​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ថា លោក​ក៏​មាន​ការ​សោកស្ដាយ​ដែរ​ចំពោះ​ការ​បាត់បង់​ធនធាន​ដ៏​ល្អ ​របស់​កម្ពុជា មួយ​រូប​នេះ ទោះបីជា​កន្លង​មក​លោក ស៊ាន ប៉េងសែ មាន​សកម្មភាព​អវិជ្ជមាន​ ជាមួយ​រដ្ឋាភិបាល​ក្តី។ លោក​បន្ថែម​ថា លោក ស៊ាន ប៉េងសែ គឺ​ជា​សំឡេង​ឯកជន ឬ​ជា​អង្គការ​មួយ ​ដែល​តែងតែ​រម្លឹក​អំពី​បញ្ហា​ព្រំដែន ​ជាមួយ​នឹង​សកម្មភាព​របស់​រដ្ឋាភិបាល៖ «យើង​មាន​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន ​ដែល​ធ្វើការ​តាមច្បាប់​តាម​ផ្លូវ​ការ ហើយ​រី​ឯ​អង្គការ​ក្រៅ​រដ្ឋាភិបាល មាន​លោក ស៊ាន ប៉េងសែ បាន​ផ្ដល់​យោបល់​មួយ​ចំនួន​ផង​ដែរ។ នេះ​បាន​សេចក្ដី​ថា នេះ​ជា​សកម្មភាព​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ផង​ដែរ ទោះបីជា​ឋិត​នៅ​ក្នុង​អវិជ្ជមាន​យ៉ាង​ណា​ក៏ដោយ ក៏ប៉ុន្តែ​វា​ក៏​ជា​ធនធាន​របស់​កម្ពុជា ផង​ដែរ»

​ស្នាដៃ​នៃ​សៀវភៅ​របស់​លោក ស៊ាន ប៉េងសែ អំពី​បញ្ហា​ព្រំដែន​កម្ពុជា ក៏​បាន​ចងក្រង​ជា​ច្រើន ​ពាក់ព័ន្ធ​នឹង​សន្ធិសញ្ញា​ មិន​ប្រក្រតី​ជាមួយ​ប្រទេស​វៀតណាម។ សន្ធិសញ្ញា​ទាំង​នោះ​រួម​មាន សន្ធិសញ្ញា ឆ្នាំ​ ១៩៨២, ១៩៨៣ និង​ឆ្នាំ​ ១៩៨៥ ដែល​រដ្ឋាភិបាល​កម្ពុជា ពេល​នោះ​ជា​រដ្ឋាភិបាល​ មិន​ទាន់​ស្រប​ច្បាប់ ហើយ​មិន​ទាន់​ទទួល​ស្គាល់​ដោយ ​អង្គការ​សហប្រជាជាតិ ព្រោះ​ជា​រដ្ឋាភិបាល​ ដែល​លើក​បន្តុប​ដោយ​ក្រុម​យោធា​វៀតណាម បាន​ចុះ​សន្ធិសញ្ញា​ព្រំដែន​គោក និង​ព្រំដែន​ទឹក​ជាមួយ​រដ្ឋាភិបាល ​ទីក្រុង​ហាណូយ ទាំង​ខុស​ច្បាប់។ ដោយសារ​សន្ធិសញ្ញា​ទាំង​នេះ ​ជា​សន្ធិសញ្ញា​ខុស​ច្បាប់ នៅ​ឆ្នាំ​ ២០០៥ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បាន​ធ្វើ​សន្ធិសញ្ញា​មួយ​ទៀត ​ដែល​មាន​ឈ្មោះ​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម ដែល​ជា​សន្ធិសញ្ញា​មួយ ​ដើម្បី​ឧបកិច្ច​ឲ្យ​សន្ធិសញ្ញា​ខុស​ច្បាប់​ទាំង​ឡាយ​ រវាង​កម្ពុជា និង​វៀតណាម ក្លាយ​ជា​សន្ធិសញ្ញា​ស្រប​ច្បាប់។

សៀវភៅ​ព្រំដែន​របស់​លោក ស៊ាន ប៉េងសែ បាន​សរសេរ​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម​ទាំង​នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​កម្ពុជា បាត់​ព្រំ​ដែនទឹក​របស់​ខ្លួន ​ចម្ងាយ​ជាង ៣ ​ម៉ឺន​គីឡូ​ម៉ែត្រការ៉េ រួម​បញ្ចូល​ទាំង​ កោះត្រល់ ទំហំ​ជាង ៥០០ ​គីឡូម៉ែត្រ​ការ៉េ គឺ​មាន​ទំហំ​ប៉ុន​ប្រទេស​សិង្ហបុរី។ សន្ធិសញ្ញា​នេះ​ ក៏​បាន​បណ្ដាល​ឱ្យ​ខ្មែរ ​បាត់បង់​ កោះ​ក្រចក​សេះ ដែល​បារាំង ហៅ​ថា កោះ ប៉ូឡូប៉ង់ហ្សង់ ដែល​មាន​ទំហំ​ប្រហែល ៦ ​គីឡូ​ម៉ែត្រការ៉េ និង​បាត់​ព្រំដែន​គោក ​ប្រហែល​ពី ៤ ​ពាន់ ទៅ ៦ ​ពាន់​គីឡូម៉ែត្រ​ការ៉េ​ថែម​ទៀត៕

13177785_971082936321143_6718619017335857068_n Rong Chhun-22-11-17
(រ៉ុង ឈុន អតីតសមាជិក គ.ជ.ប)

Advertisements
This entry was posted in Nokor and tagged , , , , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.