តើលោក ហ៊ុន សែន ហ៊ានចាត់ការ ហ៊ុន ម៉ានី តាមផ្លូវច្បាប់ឬទេ ខណៈលោកថា មិនលើកលែងឲ្យ​ត្រកូល “ហ៊ុន” បើ​ហ៊ាន​ល្មើស​ច្បាប់?

Capturemmmមន

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ចេញសេចក្តីអំពាវនាវ ដល់ស្រ្តីរងគ្រោះដោយការជួញដូរផ្លូវភេទ ទាមទារយុត្តិធម៌ និងសងជំងឺចិត្ត

ដើម្បីទាមទារយុត្តិធម៌ ទាមទារការបង់ទឹកចិត្ត និងការខាតបង់នានាមកវិញ សូមស្រ្តីរងគ្រោះទាំងឡាយ ដែលត្រូវអ្នកតំណាងរាស្រ្ត ហ៊ុន ម៉ានី ជាកូនរបស់លោក ហ៊ុន សែន បានបំពានលើសេចក្តីទុកចិត្ត កេងប្រវញ្ចផ្លូវភេទ និងបំផ្លាញសេចក្តីថ្លៃថ្នូរនានា ព្រមទាំងគេចពីការទទួលខុសត្រូវ សូមមានសេចក្តីក្លាហានចេញមកបកស្រាយ និងទាមទារយុត្តិធម៌ ចំពោះករណីអំពើថោកទាបរបស់លោក ហ៊ុន ម៉ានី ដែលសង្គមស្អប់ខ្ពើមផងនេោះ។

ទង្វើរបស់លោក ហ៊ុន ម៉ានី និងក្រុមម៉ែយ៉ែម គឺជាការជួញដូរផ្លូវភេទ ដែលច្បាប់បានហាមប្រាម ដូច្នេះសាម៉ីខ្លួន និងអ្នកពាក់ព័ន្ធ គួរតែត្រូវបានកោះហៅទៅបំភ្លឺ និងត្រូវតែប្រឈមចំពោះមុខច្បាប់ ដូចដែលតុលាការ របស់លោក ហ៊ុន សែន និងអង្គភាពប្រឆាំងអំពើពុករលួយរបស់លោក ឱម យិនទៀង បានអនុវត្តចំពោះមន្រ្តីបក្សប្រឆាំង នាឆ្នាំកន្លងទៅ ពីព្រោះថាច្បាប់ ត្រូវមានប្រសិទ្ធអនុវត្តស្មើភាពគ្នា មិនថាជាពលរដ្ឋ ឬកូននាយករដ្ឋមន្រ្តីឡើយ។

ជាថ្មីម្តងទៀត យើងខ្ញុំសូមអំពាវនាវដល់ក្រុមស្រ្តីរងគ្រោះទាំងឡាយ ដែលរងគ្រោះដោយអំពើជួញដូរផ្លូវភេទ ពីពួកមន្រ្តីធំៗ ពីក្រុមអ្នកមានទ្រព្យ ដូចជាករណីលោក ហ៊ុន ម៉ានី ជាឧទាហរណ៍នេះជាដើម សូមចេញមកទាមយុត្តិធម៌ និងទាមទារការសងជំងឺចិត្ត​គ្រប់មធ្យោបាយដោយសន្តិវិធី និងផ្លូវច្បាប់ ដើម្បីចូលរួមការពារកិត្តិយសរបស់ស្រ្តីខ្មែរផង ប្រពៃណីវប្បធម៌ផង និងពង្រឹងផ្លូវច្បាប់ផង។

អត្ថបទដោយ ម៉ែន ណាត នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា /ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨


លោក ហ៊ុន សែន គំរាម​ចាត់​ការ​ត្រកូល “ហ៊ុន” ប្រសិនបើ​ហ៊ាន​ល្មើស​ច្បាប់

(ដោយ តាំង សារ៉ាដា /RFA, 22-2-2018)៖ មេដឹកនាំ​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ត្រកូល “ហ៊ុន” ទាំង​ឡាយ​ណា​ដែល​ហ៊ាន​ល្មើស​ច្បាប់។ ប៉ុន្តែ​លោក ហ៊ុន សែន នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ជាក់លាក់​ណា​មួយ​នៅ​ឡើយ​ទេ ក្រោយ​ពី​មាន​ការ​បែក​ធ្លាយ​រឿង​អាស្រូវ​ផ្លូវ​ភេទ​ហិង្សា​របស់​កូន​លោក​បង្កើត គឺ​លោក ហ៊ុន ម៉ានី ដែល​ប្រព្រឹត្ត​ទៅ​លើ​តារា​ល្បីៗ​មួយ​ចំនួន​នោះ។

ក្រោយ​ព័ត៌មាន​រួម​ភេទ​ដោយ​ហិង្សា និង​ការ​មិន​ទទួល​ខុស​ត្រូវ ​ក្រោយ​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​ដោយសារ​ស្នាដៃ​កូន​ប្រុស​បង្កើត​របស់​ លោក ហ៊ុន សែន ត្រូវ​ផ្សព្វផ្សាយ​ល្បីល្បាញ​ពេញ​បណ្ដាញ​សង្គម​មក​នោះ លោក ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​មិន​អត់​អោន​ឲ្យ​ត្រកូល “ហ៊ុន” ណា​ដែល​ហ៊ាន​បំពាន​ច្បាប់​នោះ​ទេ។

មេដឹកនាំ​ដែល​ក្រាញ​អំណាច​ជាង ៣០​ ឆ្នាំ​រូប​នេះ​ប្រកាស​ប្រាប់​កម្មករ​កាល​ពី​ថ្ងៃ​ពុធ ទី​២១ ខែ​កុម្ភៈ ថា ត្រកូល “ហ៊ុន” ទាំង​ឡាយ​ណា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ គឺ​ត្រូវ​ទទួល​ទោស​ដូចគ្នា ហើយ​សម្រាប់​អ្នក​ណា​ធ្វើ​អាក្រក់ ពួកគេ​នឹង​ត្រូវ​ជាប់​គុក​តាម​របៀប​អាក្រក់៖ «អ្នក​ដទៃ​មាន​ត្រកូល​ហ៊ុន​ដែរ។ ត្រកូល ហ៊ុន មាន​ល្អ មាន​អាក្រក់។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​អាក្រក់ យក​ទៅ​អនុវត្ត​តាម​ច្បាប់​ទៅ។ អ្នក​ណា​ប្រើ​ត្រកូល ហ៊ុន ទៅ​បំពាន​ច្បាប់​គឺ​ត្រូវ​អនុវត្ត​ច្បាប់​ដូច​គ្នា។ ច្បាប់​គ្មាន​ការ​លើកលែង​សម្រាប់​ត្រកូល​ណា​ទាំង​អស់»

​ការ​អះអាង​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​ពី​ខាង​ គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព សេចក្ដី​ថ្លៃថ្នូរ និង​កិត្តិយស​របស់​ស្ត្រី​ខ្មែរ​មួយ​ចំនួន ​ដែល​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ផ្លូវ​ភេទ​របស់​ លោក ហ៊ុន ម៉ានី។

​កាល​ពី​ថ្ងៃ​ពុធ ទី​១៤ ខែ​កុម្ភៈ កន្លង​ទៅ​នេះ ជន​អនាមិក ឬ​ហៅ​ថា ហែគឃើរ (Hacker) បាន​លួច​ចូល​គ្រប់គ្រង​គណនី​ហ្វេសប៊ុក របស់​លោក ហ៊ុន ម៉ានី ហើយ​បាន​បង្ហាញ​ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ខ្ទេចខ្ទី​គ្មាន​សល់​នូវ​រឿង​អាស្រូវ​ស្នេហា​យ៉ាង​ហិង្សា​របស់​លោក ហ៊ុន ម៉ានី ដែល​បណ្ដាល​ឲ្យ​នារី​មួយ​ចំនួន​រង​គ្រោះ​រហូត​ដល់​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ថែម​ទៀត។

រឿង​អាស្រូវ​ដែល​បាន​បែក​ធ្លាយ​នោះ​ក៏​បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន ម៉ានី បាន​ឲ្យ​លុយ​តារា​ស្រី​ម្នាក់​ឈ្មោះ ដួង ហ្សូរីដា ចំនួន ៤​ពាន់​ដុល្លារ​ដើម្បី​ព្យាបាល​ជំងឺ​ឈឺ​ក និង​ដើម្បី​ឲ្យ​តារា​ស្រី​រូប​នេះ​ធ្វើ​ជា​ឈ្មួញ​កណ្ដាល​ក្នុង​ការ​រក​តារា​ស្រី​ផ្សេងៗ​ទៀត​មក​កំដរ​លោក ហ៊ុន ម៉ានី។

​នៅ​ក្នុង​សារ​ឆ្លើយ​ឆ្លង​រវាង​លោក ហ៊ុន ម៉ានី និង​នាង ដួង ហ្សូរីដា ដែល​បាន​បែក​ធ្លាយ​នោះ នាង​បាន​ប្រាប់​ទៅ​លោក ហ៊ុន ម៉ានី ថា​នារី​ដែល​នាង​បាន​រក​ឲ្យ​លោក ហ៊ុន ម៉ានី សុទ្ធ​តែ​ជា​ក្រមុំ​ព្រហ្មចារី ហើយ​លោក ហ៊ុន ម៉ានី អាច​ធ្វើ​អ្វី​ក៏​បាន​ទៅ​តាម​ចំណង់​ផ្លូវ​ភេទ​របស់​លោក។

ចំណែក​រឿង​ដែល​គួរ​អោយ​អនិច្ចា​ជា​ទី​បំផុត​នោះ គឺ​កញ្ញា​ម្នាក់ ឈ្មោះ អាយីង (Ying MY)។ កញ្ញា អាយីង បាន​ព្យាយាម​សម្លាប់​ខ្លួន​ដោយសារ​តែ​លោក ហ៊ុន ម៉ានី ឈប់​ស្រលាញ់ និង​មិន​ព្រម​ទទួល​ស្គាល់​កូន​ក្នុង​ផ្ទៃ​របស់​នាង។ នាង​បាន​និយាយ​នៅ​ក្នុង​សារ​ឆ្លើយឆ្លង​ជាមួយ​លោក ហ៊ុន ម៉ានី ថា បើ​នាង​ស្លាប់​ទៅ នោះ​នាង​នឹង​តាម​ចង​កម្ម​ចងពៀរ​ចិត្ត​តិរច្ឆាន​របស់ ហ៊ុន ម៉ានី អស់​មួយ​ជីវិត។

ជាង​នេះ​ទៅ​ទៀត កញ្ញា​រូប​នេះ​ក៏​បាន​ផ្ញើ​រូបភាព​អារ​ដៃ​សម្រក់​ឈាម​បញ្ជាក់​អំពី​ការ​ឈឺ​ចិត្ត​របស់​នាង​ចំពោះ​ការ​បោះបង់​រូប​នាង​ចោល៖ «មិន​ថា​ជាតិ​នេះ ឬ​ជាតិ​ក្រោយ​ទេ គឺ​ខ្ញុំ​តាម​ចងកម្មចងពៀរ​អ្នក​ឯង​រហូត។ ត្រូវ​តែ​ចងកម្ម ចងកម្ម​ឲ្យ​អ្នក​ឯង​សង​កម្ម​ខ្ញុំ​មក​វិញ​ទាំង​អស់។ ខ្ញុំ​មិន​ដឹង​ថា មាន​ស្រី​ប៉ុន្មាន​នាក់​អារ​ដៃ អារ​ជើង​សម្រាប់​យើង​ប៉ុន្មាន​នាក់​ទេ សម្រាប់​ខ្ញុំ ខ្ញុំ​អា​ឲ្យ​ចាំ កុំ​ឲ្យ​ជួប​រឿង​ដូច្នេះ​ទៀត។ ផ្អែម​បាន​តែ​មាត់ គ្មាន​ការ​អាណិត ចិត្ត​ឫស្យា ចិត្ត​ខ្មៅ។ មិន​ត្រឡប់​ក្រោយ​រក​អ្នក​ឯង​វិញ​ទេ។ កុំ​ព្រួយ​បារម្ភ ឲ្យ​អ្នក​ឯង​មាន​សេចក្ដី​សុខ​ចុះ។ ប្រយ័ត្ន​លែង​ឃើញ​មុខ​ខ្ញុំ​ទៀត ៣០​កំប៉ុង​ហើយ វា​ល្មម​លែង​រស់​ហើយ​បង។ ខ្ញុំ​មិន​ខ្វល់​ពី​ឪពុក​ម្ដាយ​ខ្ញុំ​ទេ ខ្ញុំ​ខ្វល់​ពី​បង​ឯង។ ស្រលាញ់​បង​ឯង​ច្រើន​ជាង​ខ្លួន​ឯង។ អ្នក​ណា​ក៏​ដូច​អ្នក​ណា​ដែរ គ្មាន​ការ​ស្មោះត្រង់​ជាមួយ​បង​ឯង​ទេ។ អ៊ីចឹង​កុំ​យក​គេ កុំ​យក​អី​បង។ ធ្វើ​ភារកិច្ច ធ្វើ​ជា​ឪពុក​ម្ដាយ​ដ៏​ល្អ ធ្វើ​ជា​តំណាងរាស្ត្រ​ដ៏​ល្អ ខ្ញុំ​ជូនពរ!»

​ក្រៅពី​កញ្ញា អាយីង ជន​អនាមិក​ដែល​ជា​អ្នក​គ្រប់គ្រង​គណនី​របស់​លោក ហ៊ុន ម៉ានី ឬ​ហៅ​ថា ហែគឃើរ (Hacker) ក៏​បាន​បង្ហាញ​រូប​តារា​ស្រី​មួយ​ចំនួន​ទៀត​ដែល​បាន​ទទួល​រង​នូវ​ការ​ខាំ និង​កកេរ​យ៉ាង​ជាំ​ពេញ​ខ្លួន​រហូត​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​ថែម​ទៀត។

ទោះបី​ជា​មាន​ករណី​ហិង្សា​ផ្លូវ​ភេទ​របស់​លោក ហ៊ុន ម៉ានី ត្រូវ​បាន​ផ្សព្វផ្សាយ​ផ្អើល​ពេញ​ពិភពលោក​យ៉ាង​ណា​ក៏ដោយ ក៏​លោក ហ៊ុន សែន នៅ​មិន​ទាន់​បាន​និយាយ ឬ​មាន​វិធានការ​ផ្លូវ​ច្បាប់​យ៉ាង​ណា​នៅ​ឡើយ​ទេ ចំពោះ​កូន​ប្រុស​របស់​លោក​មួយ​នេះ ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​ជា​ព្រាន​នារី​ល្មោភ​តណ្ហា ពូកែ​ខាំ​កកេរ​ទៅ​លើ​នារី​ខ្មែរ​ជា​ច្រើន​រូប​រាប់​មិន​អស់​នោះ។

អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​ពី​លោក ហ៊ុន ម៉ានី តាម​គណនី​ហ្វេសប៊ុក របស់​លោក​ដែរ តែ​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​អង្គា​រថា ក្រុម​ចោរ​ដែល​បាន​លួច​គ្រប់គ្រង​គណនី​ហ្វេសប៊ុក (facebook) របស់​លោក ហ៊ុន ម៉ានី នោះ​មិន​អាច​យក​ជា​បាន​ការ​នោះ​ទេ៖ «ខ្ញុំ​យល់​ថា ការ​ហែគ​ចូល​ហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ានី នេះ​យក​ជា​បាន​ការ​មិន​កើត​ទេ។ ពួកគេ​អគតិ​ទាំង​នេះ​គ្រាន់​តែ​ចង់​បំផ្លាញ​សេចក្ដី​ថ្លៃថ្នូរ​របស់​លោក ហ៊ុន ម៉ានី ប៉ុណ្ណោះ»

​ទោះ​បី​ជា​លោក សុខ ឥសាន មិន​ទទួល​ស្គាល់​ការ​លួច​គ្រប់គ្រង​គណនី​ហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ានី ក៏ដោយ ប៉ុន្តែ​លោក​បាន​ចោទ​អ្នក​លួច​ចូល​គ្រប់គ្រង​គណនី​ហ្វេសប៊ុក កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ថា​ជា​ក្រុម​ឧទ្ទាម​ទៅ​វិញ។

​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា កន្លង​ទៅ លោក ហ៊ុន សែន ធ្លាប់​ជំរុញ​ឲ្យ​តារាៗ​ស្រី​មួយ​ចំនួន​ឲ្យ​បង្ហាញ​មុខ​មន្ត្រី​ជាន់​ខ្ពស់​ទាំង​ឡាយ​ណា​ដែល​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ជាមួយ​ពួកគេ៖ «ចំពោះ​ក្មួយៗ​ជា​តារាៗ ជា​នារី​មួយ​ចំនួន​អះអាង​ថា មាន​អ្នក​ធំៗ និង ឧកញ៉ាៗ តាម​ស្រឡាញ់​ខ្លួន​ច្រើន​ណាស់។ ឥឡូវ​ខ្ញុំ​ចង់​ដឹង​ថា អ្នក​ធំ​មួយ​ណា? ហើយ​ឧកញ៉ា​មួយ​ណា? បើ​យ៉ាងៗ​ហ្នឹង​អ្នក​ធំ​វា​ច្រើន​ពេក។ និយាយ​អោយ​ចំ​ឈ្មោះ​មើល និយាយ​អ៊ីចឹង​ខូច​អ្នក​ធំ​គេ​អស់​ហើយ»

​នៅ​ពេល​នេះ លោក ហ៊ុន សែន មិន​ចាំបាច់​ប្រឹង​វែក​មុខ​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក​ណា​មួយ​នោះ​ទេ ដោយសារ​ពេល​នេះ​ក្រុម​ជន​លួច​គ្រប់គ្រង​គណនី​ហ្វេសប៊ុក របស់​លោក ហ៊ុន ម៉ានី ឬ​ហៅ​ថា ហែគឃើរ នោះ បាន​លាតត្រដាង​គ្មាន​សល់​អស់​ទៅ​ហើយ។

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ អំពាវនាវ​ដល់​ស្ត្រី​រងគ្រោះ​ក្នុង​ករណី​ស្នេហា​បែប​ហិង្សា​របស់​លោក ហ៊ុន ម៉ានី  ហ៊ាន​ចេញ​មុខ​ទាមទារ​រក​យុត្តិធម៌ និង​ការ​សង​សំណង​ជំងឺ​ចិត្ត ដែល​ត្រូវ​បាន​កូន​ប្រុស​របស់​លោក ហ៊ុន សែន រូប​នេះ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ និង​បំផ្លាញ​សេចក្ដី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​នារី​ខ្មែរ។

​ជាង​នេះ​ទៅ​ទៀត ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ក៏​បាន​ទាមទារ​ឲ្យ​លោក ហ៊ុន ម៉ានី លា​ឈប់​ពី​តួនាទី​ជា​អ្នក​តំណាងរាស្ត្រ ដោយសារ​រឿង​អាស្រូវ​ដែល​បាន​បែក​ធ្លាយ​នេះ​នឹង​ជះឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​ស្ថាប័ន​នី​បញ្ញត្តិ​របស់​ជាតិ៕

Advertisements
This entry was posted in Nokor and tagged , , , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s